ក្រុមហ៊ុនធំមួយនៅម៉ាឡេស៊ី ​មានបំណងវិនិយោគលើវិស័យសន្តិសុខឌីជីថលនៅកម្ពុជា
S
Sreyleak Yith
28 ឧសភា 2025 01:15 PM

រាជធានីគូឡាឡាំពួ៖ លោក ដាតុក​ ហានីហ្វា​ នូឌីន នាយកប្រតិបត្តិក្រុមហ៊ុន MMAG Holdings Berhad និងក្រុមហ៊ុន NexG Berhad បានបង្ហាញពីគោលបំណងស្វែងរកឱកាសវិនិយោគលើវិស័យសន្តិសុខឌីជីថល និងពង្រីកការវិនិយោគបន្ថែមទៀតក្នុងវិស័យឡូជីស្ទីកនៅកម្ពុជា…។

លោក ដាតុក​ ហានីហ្វា​ នូឌីន នាយកប្រតិបត្តិក្រុមហ៊ុន MMAG Holdings Berhad និងក្រុមហ៊ុន NexG Berhad
លោក ដាតុក​ ហានីហ្វា​ នូឌីន នាយកប្រតិបត្តិក្រុមហ៊ុន MMAG Holdings Berhad និងក្រុមហ៊ុន NexG Berhad

លោកនាយកប្រតិបត្តិលើកទ្បើងបែបនេះ ក្នុងជំនួបទ្វេភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៧ឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ នាឱកាសនោះ លោកនាយកប្រតិបត្តិ បានគូសបញ្ជាក់ពីអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានជំនាញឯកទេសលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាពិសេស ផ្នែកសន្តិសុខឌីជីថល ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀត។ លើសពីបច្ចុប្បន្ន ក្រុមហ៊ុន ក៏មានប្រតិបត្តិការអាជីវកម្មលើផ្នែកឡូជីស្ទីកនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាជាមួយ លោកនាយកប្រតិបត្តិក្រុមហ៊ុន និងបានស្វាគមន៍ចំពោះបំណងវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជា។ សម្តេច ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគជាក់ស្តែង។ ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការរៀបចំយន្តការតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងប្រទេសជាក់លាក់ និងការដាក់ចេញគោលនយោបាយគាំទ្រដល់វិនិយោគិនបរទេស តាមរយៈការបង្កើតបរិយាកាសអំណោយផល និងការសម្រួលនីតិវិធីវិនិយោគលើវិស័យ​ឡូជីស្ទីក។ ចំពោះវិស័យឌីជីថល សម្តេចបានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបានចាត់ទុកវិស័យឌីជីថលជាវិស័យអាទិភាពគន្លឹះ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត