ក្រុងសៀមរាប៖ មន្រ្តីពាក់ព័ន្ធខេត្តសៀមរាប កំពុងមមាញឹករៀបចំកម្មវិធីផ្សារទឹក និង ជិះទូកកម្សាន្ត នៅតាមដងស្ទឹងសៀមរាប ដែលនឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែវិច្ឆិកាខាងមុខ…។

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តពុំបានរៀបចំព្រះរាជពិធីបុណ្យអុំទូកនោះទេ ប៉ុន្តែមានការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកកម្សាន្ត តាមដងស្ទឹងសៀមរាប ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក្នុងគោលបំណងបម្រើ និងទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ថ្លែងក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំកម្មវិធីនៅតាមដងស្ទឹងសៀមរាប កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ លោកគូសបញ្ជាក់បន្ថែមថា កម្មវិធីនេះមានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីស្ពានព្រះរាជដំណាក់ ដល់ស្ពានវត្តរាជបូណ៌ ក្រុងសៀមរាប។

កម្មវិធីកម្សាន្តសំខាន់ៗជាច្រើន នឹងត្រូវរៀបចំឡើង រួមមាន៖ កម្មវិធីជិះទូកកម្សាន្តលក្ខណៈមហាជន និងការប្រណាំងទូកខ្នាតតូច «សៀមរាបផ្ទះខ្ញុំ» កម្មវិធីផ្សារលើទឹក និងពិព័រណ៍ពាណិជ្ជកម្ម ដែលមានលក់ដូរម្ហូបអាហារ និងផលិតផលនានាតាមទូក និងស្តង់នៅសងខាងផ្លូវតាមដងស្ទឹងសៀមរាប។ ជាងនេះ ក៏មានការសម្ដែងសិល្បៈ រួមមាន៖ ល្ខោនបាសាក់ ប្រដាល់គុនខ្មែរ និងតន្ត្រីស្គរដៃ ព្រមទាំងព្រះរាជពិធីសំពះព្រះខែ អកអំបុក និងបណ្ដែតប្រទីប អុជកាំជ្រួច ដែលនឹងធ្វើឱ្យភ្ញៀវទេសចរអាចទស្សនាទិដ្ឋភាពស្រស់ស្អាតគួរជាទីគយគន់។ បើតាមលោក ប្រាក់ សោភ័ណ្ឌ ការរៀបចំកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងជំរុញដល់វិស័យទេសចរណ៍ខេត្តសៀមរាប ក៏ដូចជាចូលរួមស្តារ និងលើកស្ទួយសេដ្ឋកិច្ចខេត្ត តាមរយៈការគាំទ្រអំពីផលិតផលខ្មែរធ្វើឡើងដោយស្នាដៃកូនខ្មែរ អនុវត្តតាមពាក្យស្លោក «ភូមិមួយផលិតផលមួយ»។ វាក៏ជាការបង្កើត ឱ្យមាននូវផ្ទាំងទស្សនីយភាពប្លែកៗទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តក្នុងខេត្តសៀមរាប កាន់តែច្រើនកុះករបន្ថែមទៀត៕


