កម្ពុជារកចំណូលបានជាង៤០លានដុល្លារ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនាអង្គរ
S
Soriya Sou
01 ធ្នូ 2025 09:00 AM


ក្រុងសៀមរាប៖ រយៈពេល១១ខែ ឆ្នាំ២០២៥នេះ ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យភ្ញៀវទេសចរបរទេសចំនួនជាង៨៦ម៉ឺន៧ពាន់នាក់ ទទួលបានចំណូលសរុបចំនួនជាង៤០លាន៤៨ម៉ឹនដុល្លារអាម៉េរិក…។

រូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប
រូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

របាយការណ៍របស់គ្រឹះស្ថានអង្គរ បានចុះផ្សាយនៅថ្ងៃទី១ធ្នូនេះ បានឱ្យដឹងថា ចំណូលជាង៤០ដុល្លារអាម៉េរិក ដែលកម្ពុជាទទួលបានពីភ្ញៀវទេសចរបរទេសក្នុងរយៈពេល១១ខែ បានធ្លាក់ចុះ៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ ដោយឡែក បើគិតតែក្នុងខែវិច្ឆិកាកន្លងទៅ កម្ពុជាលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេសចូលទស្សនាតំបន់អង្គរបានជាង១០ម៉ឺននាក់ បានចំណូលជិត៥លានដុល្លារអាម៉េរិក ខណៈចំនួននេះ ក៏ថយចុះជាង១៧ភាគរយ បើធៀបនឹងឆ្នាំ២០២៤ដែរ។ ក្នុងរយៈពេលដូចគ្នា កម្ពុជាក៏បានលក់សំបុត្រចូលទស្សនាប្រាសាទបេងមាលា ឱ្យភ្ញៀវទេសចរបរទេសជាង១ម៉ឺន៤ពាន់នាក់ ទទួលបានចំណូលជាង១៤ម៉ឺន៦ពាន់ដុល្លារអាម៉េរិក និង លក់សំបុត្រចូលទស្សនានៅភ្នំក្បាលស្ពាន បានជាង៦ពាន់ដុល្លារអាម៉េរិក។

រូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប
រូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

សូមជម្រាបថា ខេត្តសៀមរាប ជាប៉ូលទេសចរណ៍មួយដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិ ព្រមទាំងអេកូទេសចរណ៍ជាច្រើនកន្លែងទៀត សម្រាប់ភ្ញៀវទេសចរមកទស្សនាកម្សាន្ត។ ស្របពេលទេសចរបរទេសមានការថយចុះ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំ និងដាក់ចេញនូវកម្មវិធីជាច្រើន ដើម្បីជំរុញកំណើនទេសចរក្នុងខេត្តសៀមរាបឡើងវិញ៕

រូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប
រូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប
រូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប
រូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត