អភិបាលរងខេត្តសៀមរាប អំពាវនាវពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
S
Sreyleak Yith
23 វិច្ឆិកា 2025 06:00 AM

ក្រុងសៀមរាប៖ ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកានេះ​ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ជំរុញប្រជាពលរដ្ឋត្រូវថែរក្សាអនាម័យនៅតាមផ្ទះ ទីសាធារណៈ និងបន្តអនុវត្តការធ្វើអនាម័យបរិស្ថាន ជាប្រចាំនៅតាមភូមិឋាន អាជីវកម្មដ្ឋាន សាលារៀន វត្តអារាម ទីផ្សារ និងតាមទីសាធារណៈ ដោយគិតថា «សៀមរាបផ្ទះខ្ញុំ» និងរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកទាំងអស់គ្នា..។

លោកអភិបាលរងខេត្ត គូសបញ្ជាក់ថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា នាពេលនេះ នឹងក្លាយជាចរន្តចលករ ដែលជំរុញឱ្យមានការផ្ដួចផ្ដើមធ្វើសកម្មភាពបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការបំផុសស្មារតី និងផ្លាស់ប្ដូរឥរិយាបថប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ថែរក្សា ជាពិសេសការទុកដាក់សំរាមបានត្រឹមត្រូវ ដោយមិនបោះចោលពាសវាលពាសកាលតាមទីសាធារណៈ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពរាជធានី-ខេត្ត ទូទាំងប្រទេស។ ជាមួយគ្នា លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន បានលើកទ្បើងថា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តសម្រេចឱ្យបាន នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថានផ្ដោតលើ «ភាពស្អាត ភាពបៃតង និងចីរភាព»

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប
លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប

ក្នុងនោះ មន្ទីរបរិស្ថានខេត្ត ដែលជាសេនាធិការក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប បាននិងកំពុងចូលរួមអនុវត្ត និងសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ រដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការអនុវត្តសកម្មភាពការងារយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធភាព។ លោកបន្ថែមថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិនេះ គឺជាសារមួយដើម្បីរំលឹក និងជំរុញឱ្យគ្រប់ភាគីទាំងអស់ បង្កើនសកម្មភាពជាក់ស្ដែងក្នុងការធ្វើអនាម័យ និងថែរក្សាបរិស្ថាន ចាប់ផ្ដើមពីទម្លាប់តូចៗរបស់បុគ្គលម្នាក់ៗ ឈានទៅដល់ការបង្កើតគ្រួសារស្អាត និងបរិស្ថានល្អប្រកបដោយនិរន្តរភាពសម្រាប់ជាតិមាតុភូមិ៕

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប 
លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប 


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត