
ក្រុងសៀមរាប៖ ក្នុងឱកាសឈប់សម្រាករយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុប៣៦៨ ២៤៦នាក់ បានដើរលេងកម្សាន្តនៅខេត្តសៀមរាប។ នេះបើតាមរបាយការណ៍ផ្សាយដោយក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០២៥…។

ក្នុងចំណោមភ្ញៀវទេសចរជិត៣៧ម៉ឺននាក់ខាងលើ មានភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបចំនួន៣៥៨ ៦០០នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន៩៦៤៦នាក់។ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានទៅដើរលេងកម្សាន្តនៅខេត្តសៀមរាប និងដើរទស្សនាតំបន់រមណីយដ្ឋានអង្គរ បានបង្ហាញអារម្មណ៍រំភើបរីករាយនៅពេលឃើញសំណង់ប្រាសាទបុរាណដ៏អច្ឆរិយៈ ក៏ដូចជាបានចូលរួមលេងកម្សាន្តសប្បាយនូវកម្មវិធីកម្សាន្ត និងបានចូលរួមពិធីសាសនាផ្សេងៗ នៅនៅបរិវេណសួនច្បារព្រះរាជដំណាក់ និងតាមដងស្ទឹងសៀមរាប យ៉ាងរីករាយប្រកបដោយសុខសុវត្ថិភាព។ បើទោះបីពិធីបុណ្យអុំទូកបានបញ្ចប់ហើយក៏ពិតមែន ប៉ុន្តែកម្មវិធីជិះទូកកម្សាន្ត កម្មវិធីផ្សារទឹកនៅដងស្ទឹងសៀមរាប នឹងបន្តរហូតដល់ថ្ងៃទី៨វិច្ឆិកា។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តសៀមរាប។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧វិច្ឆិកានេះ បានថ្លែងអំណរគុណចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និង ថែរក្សាអនាម័យបរិស្ថានបានល្អប្រសើរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃកន្លងមកនៅទូទាំងប្រទេស៕







