
រាជធានីបាងកក៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី ម៉ារី ឡាវឡ័រ បានបង្ហោះសារនៅលើហ្វេសប៊ុក ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុខុមាលភាពរបស់សមាជិកព្រឹទ្ធសភាថៃ គឺ លោកស្រី អង្គាណា នីឡាផៃជីត (อังคณา นีละไพจิตร) ដែលទទួលរងនូវការរិះគន់ដូចទឹកបាក់ទំនប់ និងការគំរាមធ្វើឃាត បន្ទាប់ពីលោកស្រីបានរិះគន់ជនជាតិថៃ ជុំវិញការប្រើបាស់ឧបករណ៍រំពងសំឡេងខ្មោចស្ទើរបែកត្រចៀក មកលើពលរដ្ឋស្លូតត្រង់កម្ពុជា។ នេះបើតាមកាសែតថៃខាវសដ ចេញផ្សាយនាថ្ងៃទី១៥ ខែតុលា។

ជាក់ស្តែង អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី ម៉ារី ឡាវឡ័រ (Mary Lawlor) បានសរសេររៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៥តុលាថា ៖«[ខ្ញុំ]មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍នៃការគំរាមសម្លាប់ និងការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹង លោកស្រី អង្គាណា នីឡាផៃជីត ដែលជាព្រឹទ្ធសមាជិក អតីតគណកម្មាធិការសិទ្ធិមនុស្សជាតិ (NHRC) និងស្ត្រីអ្នកការពារសិទ្ធិមនុស្សនៅប្រទេសថៃ»។ លើសពីនេះ លោកស្រីបានបន្ថែមថា៖«ការការពារការពិត យុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ មិនមែនជាឧក្រិដ្ឋកម្មទេ។ លោកស្រីត្រូវតែត្រូវបានការពារ និងមិនត្រូវប្រមាថឡើយ»។

គួររំឭកថា ការចេញមុខការការពារព្រឹទ្ធសមាជិកជនជាតិថៃ ដោយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សបែបនេះ ក្រោយលោកស្រី អង្គាណា ពិបាកទ្រាំមើលនឹងភ្នែកមិនបាន ចំពោះទង្វើដ៏ស្មោកគ្រោករបស់ជាតិសាសន៍ខ្លួនធ្វើមកលើពលរដ្ឋស្លូតត្រង់កម្ពុជា។ លោកស្រីបានរិះគន់ជនជាតិថៃ ដែលប្រើបាស់ឧបករណ៍រំពងសំឡេង ខ្មោច សំឡេងឆ្កែលូ និងភ្លេងខ្លងខែកខ្លាំងៗ ជះមកលើប្រជាជនកម្ពុជា ដែលមានទាំងមនុស្សចាស់ អ្នកជំងឺ កូនក្មេងជាដើម។ ក្រោយរងការរិះគន់ខ្លាំង លោកស្រី អង្គាណា បានបង្ហោះសារថា៖«[ខ្ញុំ]ត្រូវបានគេដាក់ឈ្មោះថាជា ថៃដែលមានបេះដូងខ្មែរ ពួកគេអាចនិយាយអ្វីដែលពួកគេចង់បាន។ ប៉ុន្តែអ្វីដែលខ្ញុំកំពុងធ្វើនេះ គឺជាចេតនាល្អសម្រាប់ប្រទេសថៃ ព្រោះខ្ញុំស្រឡាញ់ជាតិមិនតិចជាងប្រជាជនដទៃឡើយ។ ខ្ញុំហ៊ានលើកឡើងអំពីអ្វីដែលខ្ញុំជឿជាក់ថា ត្រឹមត្រូវ ហើយខ្ញុំមិនចង់ឱ្យថៃបាក់មុខលើឆាកអន្តរជាតិឡើយ»។

មែនទែនទៅ ក្រៅពីព្រឹទ្ធសមាជិកថៃ លោកស្រី អង្គាណា នីឡាផៃជីត ក៏មានអ្នកសារព័ត៌មានថៃល្បីឈ្មោះម្នាក់ទៀតដែរ គឺលោក ប្រៈវីត រ៉ូចនៈព្រឹក្ស (ประวิตร โรจนพฤกษ์) ដែលធ្វើការរិះគន់សកម្មភាពដ៏អសីលធម៌របស់ជនជាតិថៃ ដែលបានប្រើធុងបាសចាក់សំឡេងខ្មោច ធ្វើទុក្ខបុកម្នេញប្រជាជនស៊ីវិលកម្ពុជា។ ជាការពិតណាស់ លោក ប្រៈវីត បានសង្កត់ធ្ងន់ថា៖«មុនពេលអ្វីៗកាន់តែយ៉ាប់យ៉ឺន ខ្ញុំសូមជំរុញឱ្យរាជរដ្ឋាភិបាល លោក អានុទីន បញ្ឈប់ការចាក់សំឡេងខ្មោច ដែលរៀបចំឡើងដោយអ្នកជាតិនិយមជ្រុល មុនពេលដែលកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃត្រូវបានបំផ្លាញជាអន្តរជាតិ។»

គួរបញ្ជាក់ថា ជុំវិញទង្វើដ៏គឃ្លើនរបស់ក្រុមជ្រុលនិយមថៃ ដែលបានធ្វើដាក់ប្រជាជនស្លូតត្រង់កម្ពុជានេះ មិនមែនតែកម្ពុជាទេដែលស្អប់ខ្ពើម ប៉ុន្តែសូម្បីតែជនជាតិថៃខ្លួនឯង និងប្រជាជនជុំវិញពិភពលោក ក៏បានបង្ហាញពីការស្អប់ខ្ពើម និងមិនពេញចិត្តនូវទង្វើអមនុស្សធម៌ គ្មានតម្លៃជាមនុស្ស និងសាហាវយង់ឃ្នងដូចតិរិច្ឆាននេះផងដែរ៕


