កម្ពុជា ពុំដែលអង្វរថៃឱ្យបើកច្រកព្រំដែន ដូចការលើកឡើងរបស់ក្រសួងការពារជាតិថៃឡើយ
អុន សម្ផស្ស
16 តុលា 2025 03:34 AM

រាជធានីភ្នំពេញ៖«[..]ជំហរកម្ពុជា[..]នឹងមិនផ្លាស់ប្ដូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំឱ្យ[ថៃ]បើកច្រកព្រំដែននោះដែរ[..]» នេះជាប្រសាសន៍ដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំកម្ពុជា គឺ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បញ្ជាក់ម្ដងរួចមកហើយ និងនៅតែបន្តប្រកាន់ជំហរបែបនេះដដែល ដែលហាក់ផ្ទុយដាច់ស្រឡះទៅនឹងការបំភ្លៃព័ត៌មានរបស់កាសែតថៃ The Nation ដែលបានលើកឡើងថា កម្ពុជាស្នើសុំថៃបើកច្រកព្រំដែនគោកឡើងវិញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខ...។ 

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

លោក ជា ធីរិទ្ធ អ្នក​នាំពាក្យសម្តេចតេជោ និងព្រឹទ្ធសភាកម្ពុជា នៅរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានបដិសេធយ៉ាងដាច់អហង្កា ចំពោះ​ការ​លើក​ឡើង​របស់ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិថៃ លោក សុរសាន់ គង់សិរិ (สุรสันต์ คงสิริ) ដែលត្រូវបានកាសែត The Nation ស្រង់សម្តីយកទៅចុះផ្សាយបន្តថា៖«សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដាក់សម្ពាធឱ្យប្រទេសថៃបើកច្រកព្រំដែននៅថ្ងៃទី២០តុលា ឆ្នាំ២០២៥ ខាងមុខនេះ»។ 

លោក ជា ធីរិទ្ធ បានរំឭកថា កន្លងទៅសម្ដេចតេជោ ធ្លាប់បញ្ជាក់ពីជំហរជាបន្តបន្ទាប់ និងបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច កាលពីថ្ងៃទី២៣កញ្ញាកន្លងទៅថ្មីៗនេះថា ចាប់តាំងពីយោធាថៃ បិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើក មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង)។ ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្ដូរទេ ហើយកម្ពុជាក៏មិន[ធ្វើថោក]ទៅសុំឱ្យបើកច្រកព្រំដែននោះដែរ។ មួយវិញទៀត សម្តេចតេជោធ្លាប់មានប្រសាសន៍ថា៖«ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀត ក៏កម្ពុជាមិនស្លាប់ដែរ»

ច្រកព្រំដែនអន្តរជាតិ ចាំយាម ខេត្តកោះកុង
ច្រកព្រំដែនអន្តរជាតិ ចាំយាម ខេត្តកោះកុង

សូមរំឭកថា ពាក់ព័ន្ធនឹងការបើកដំណើរការច្រកទ្វារព្រំដែនរវាងកម្ពុជា-ថៃឡើងវិញនេះ ភាគីទាំងពីរ ក៏ធ្លាប់បានលើកយកមកជជែកគ្នាដែរ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលរៀបចំនៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥​។ យ៉ាងណា ភាគីទាំងពីរ បានត្រឹមជជែកគ្នាប៉ុណ្ណោះ ប៉ុន្តែនៅមិនទាន់មានការព្រមព្រៀងគ្នាជាផ្លូវការឡើយ។ គួរជ្រាបថា យោធាថៃ បានសម្រេចបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជា ដោយឯកតោភាគី កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ដោយអនុញ្ញាតឱ្យតែអ្នកជំងឺ និងសិស្សឆ្លងកាត់តែប៉ុណ្ណោះ។ ក្រោយមកកម្ពុជា ក៏សម្រេចបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយថៃដែរ ខណៈគិតមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ គឺមានរយៈពេលជិត៤ខែហើយ៕

ច្រកព្រំដែនអន្តរជាតិ ដូង ខេត្តបាត់ដំបង
ច្រកព្រំដែនអន្តរជាតិ ដូង ខេត្តបាត់ដំបង
ច្រកព្រំដែនអន្តរជាតិ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ច្រកព្រំដែនអន្តរជាតិ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត