សម្តេចតេជោ ជឿដោយគ្មានមន្ទិលលើការកាន់តំណែងជាថ្មីរបស់លោក ប្រាក់ សុខុន
អុន សម្ផស្ស
21 វិច្ឆិកា 2024 04:00 AM

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា សរសើរ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សក្ដិសមនឹងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសឡើងវិញ ខណៈសម្ដេចតេជោមានជំនឿថា រដ្ឋមន្ត្រីការបរទេសជើងចាស់រូបនេះនឹងបន្តខិតខំធានានូវនិរន្តរភាព ក្នុងការអនុវត្តនយោបាយការបរទេស ស្របតាមការប្រែប្រួលភូមិសាស្ត្រនយោបាយក្នុងតំបន់ និងពិភពលោក..។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា

ក្នុងសារលិខិតអបអរសាទរ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាថ្មីម្ដងទៀត ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចតេជោ គូសបញ្ជាក់ថា៖«ខ្ញុំមានជំនឿដោយគ្មានមន្ទិលថា ឯកឧត្តម [ប្រាក់ សុខុន] នឹងបន្តខិតខំធានានូវនិរន្តរភាពក្នុងការអនុវត្តនយោបាយការបរទេស ការពារផលប្រយោជន៍ជាតិ និងប្រជាជន ស្របតាមការប្រែប្រួលយ៉ាងឆាប់រហ័ស និងមិនអាចប៉ាន់ស្មានបាននៃស្ថានការណ៍យុទ្ធសាស្ត្រ និងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងពិភពលោក»។

លោក ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន
លោក ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន

ក្នុងលិខិតដដែលនោះ សម្តេចតេជោ ក៏បានសរសើរថា លោក ប្រាក់ សុខុន ពិតជាសក្តិសមទទួលបាននូវទំនុកចិត្ត និងតំណែងដ៏មានសារសំខាន់នេះ ដោយហេតុថាកន្លងមក លោកឧបនាយករដ្ឋមន្ត្រី បានបំពេញបេសកកម្មប្រកបដោយស្វាមីភក្តិ ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពារកិត្តិយសជាតិ និងលើកតម្កើងកិត្យានុភាព និងវិបុលភាពជាតិ ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវមនសិកាវិជ្ជាជីវៈខ្ពស់នៅលើវេទិកាការទូតនានា ទាំងក្នុងតំបន់ និងនៅលើពិភពលោក។

សូមរំឭកថា លោក ប្រាក់ សុខុន មានបទពិសោធច្រើនឆ្នាំផ្នែកការទូត និងកិច្ចការបរទេស ពីព្រោះលោកធ្លាប់ធ្វើជារដ្ឋមន្រ្តីការបរទេសម្ដងរួចមកហើយ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣។ លោកត្រូវបាន កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា ក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៧ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសំណើរបស់ប្រមុខរាជរដ្ឋាភិបាល ដែលសុំដាក់រូបលោក ចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស ជំនួសលោក សុខ ចិន្តាសោភា។ កិច្ចប្រជុំពេញអង្គនោះ ប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចប្រធានរដ្ឋសភា ឃួន សុដារី និងវត្តមាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផងដែរ៕

លោក ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន
លោក ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត