ទូតបួគីណាហ្វាសូ ចូលប្រគល់សារតាំង និងជម្រាបប្រមុខរដ្ឋស្តីទី ពីវិស័យដែលចង់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
អុន សម្ផស្ស
04 កញ្ញា 2025 12:00 PM

រាជធានីភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ​ ថ្មីប្រចាំកម្ពុជា លោក Daouda Bitie នៅថ្ងៃទី៤កញ្ញា ឆ្នាំ២០២៥ បានចូលជួប និងប្រគល់សារតាំងជូន សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ព្រមទាំងពិភាក្សាពីចំណុចសំខាន់ដែលភាគីទាំងពីរ គួរតែពង្រឹងជាមួយគ្នា…។

អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានលើកឡើងក្រោយបញ្ជប់ជំនួបនេះថា ក្នុងកិច្ចសន្ទនា ក៏ដូចជាការទទួលសារតាំងនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ លោក Daouda Bitie ឯកអគ្គរដ្ឋទូតបួគីណាហ្វាសូ ប្រចាំកម្ពុជា។ សម្ដេចសង្ឃឹមថា វត្តមានរបស់លោកឯកអគ្គរដ្ឋទូត នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងបួគីណាហ្វាសូ កាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីប្រទេសនេះ បង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នារយៈពេល១៥ឆ្នាំមកហើយ។

ជាការលើកឡើងក្នុងជំនួបដដែលនេះ លោក Daouda Bitie បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានផ្ដល់កិត្តិយសឱ្យលោកផ្ទាល់បានប្រគល់សារតាំង។ ទាក់ទងទៅនឹងទំនាក់ទំនងរវាងកម្ពុជា-បួគីណាហ្វាសូ លោកឯកអគ្គរដ្ឋទូតបានលើកឡើងចំណុចសំខាន់ដែលភាគីទាំងពីរ ត្រូវពង្រឹងជាមួយគ្នានោះគឺ ទាក់ទងទៅនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម។ លោក Daouda Bitie គូសរំលេចថា៖«ប្រទេសបួគីណាហ្វាសូ មានចំណុចខ្លាំង គឺផ្នែកធនធានរ៉ែ ដែលជាផ្នែកមួយអាចពង្រឹងកិច្ចសហប្រតិបត្តិការបានជាមួយកម្ពុជា»។ ជាមួយគ្នា ក៏នឹងមាន កិច្ចសហប្រតិបត្តិការផ្នែកយោធាលើការដោះមីន និងចំណុចទាក់ទងទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនទៀត ជាពិសេសការគាំទ្រគ្នាលើឆាកអន្តរជាតិ។

ត្រង់ចំណុចនេះ សម្ដេចតេជោ ស្វាគមន៍ចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងលើចំណុចសំខាន់ទាំងបីខាងលើ។ តែយ៉ាងណាសម្ដេចតេជោ បានបញ្ជាក់ថា៖«ភាគីទាំងពីរ គួរតែបង្កើតឱ្យមានកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីពិនិត្យទៅលើចំណុចដែលកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងទិសដៅជាក់លាក់»

សូមជម្រាបថា កម្ពុជា និងបួគីណាហ្វាសូ សុទ្ធតែជាប្រទេសធ្លាប់នៅក្រោមអាណានិគមបារាំងដូចគ្នា ដូច្នេះ ប្រវត្តិមួយចំនួនមានភាពប្រហាក់ប្រហែលគ្នា ហេតុដូច្នេះតាមរយៈជំនួបនេះ លោក Daouda Bitie ចាប់អារម្មណ៍លើបទពិសោធរបស់សម្ដេចតេជោ ដឹកនាំប្រទេសកម្ពុជា ដែលអាចយកជាគំរូ និងអាចរៀនសូត្របានក្នុងពេលបំពេញការងារនៅកម្ពុជា។ ស្របពេល សម្ដេចតេជោ សម្ដែងនូវក្ដីរីករាយ និងពេញចិត្តចែករំលែកនូវបទពិសោធទាំងនោះដល់លោកទូត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត