
រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សរសើរសម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន ថាពិតជាសក្ដិសមបំផុតនឹងទទួលបានឋានន្តរសក្តិជានាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ ព្រោះសម្តេចទាំង២ មានវីរភាព លះបង់ ស្មោះស្ម័គ្រចំពោះជាតិមាតុភូមិ និងមានស្វាមីភក្តិចំពោះរាជបល្ល័ង្ក…។

សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន ត្រូវព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិផ្កាយមាស៥ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ហើយបន្ទាប់មកសម្តេចតេជោ ក៏បានផ្ញើលិខិតអបអរសាទរជូនសម្តេចទាំង២។ ក្នុងលិខិតអបអរសាទរ សម្តេចប្រធានព្រឹទ្ធសភា បង្ហាញជំនឿយ៉ាងមុតមាំថា នៅក្នុងឋានៈជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥នៃកងយុទ្ធពលខេមរភូមិន្ទ សម្តេច ទៀ បាញ់ នឹងបន្តបេសកកម្មសម្រេចបាននូវសមិទ្ធផលថ្មីៗកាន់តែថែមទៀត ជាឧត្តមប្រយោជន៍ដល់ប្រទេសជាតិ និងរាជានិយមកម្ពុជា។

ចំពោះសម្តេច ម៉ែន សំអន វិញ សម្តេច ហ៊ុន សែន មានប្រសាសន៍ក្នុងលិខិតអបអរសាទរថា សម្តេច គឺជាថ្នាក់ដឹកនាំស្ត្រីដ៏ឆ្នើម និងដ៏កម្រមួយរូបដែលប្រកបដោយគតិបណ្ឌិត វីរភាព ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបំពេញបេសកកម្មការពារសន្តិភាព ស្ថិរភាព ឯករាជ្យជាតិ និងបូរណភាពទឹកដី។

សូមជម្រាបថា មុនទទួលបានផ្កាយមាស៥ សម្តេច ម៉ែន សំអន និងសម្តេច ទៀ បាញ់ ជានាយឧត្តមសេនីយ៍ផ្កាយ៤ស្រាប់ទៅហើយ។ ឥស្សរជនដែលទទួលបានផ្កាយឋានន្តរស័ក្តិផ្កាយមាស៥ផុតលេខកន្លងមក មានតែ៣រូប៉ុណ្ណោះ គឺសម្តេច ហ៊ុន សែន សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម៕




