សម្តេចតេជោ ផ្តល់ដីនៅជ្រោយចង្វា២ហិកតា ឱ្យក្រសួងជំនាញសង់កន្លែងស្នាក់នៅសម្រាប់និស្សិតស្ត្រីក្រីក្រ
អុន សម្ផស្ស
04 មិថុនា 2025 10:00 AM

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រកាសផ្តល់ដីមួយកន្លែងមានទំហំ២ហិកតា នៅក្នុងខណ្ឌជ្រោយចង្វាទៅក្រសួងកិច្ចការនារី ដើម្បីកសាង «អន្តេវាសិកដ្ឋាន» សម្រាប់និស្សិតជាស្ត្រីក្រីក្រឡើងពីបណ្តាខេត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញស្នាក់នៅ។ ការសម្រេចរបស់សម្តេចប្រធានព្រឹទ្ធសភា ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥..។

សម្តេចតេជោ ប្រកាសនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននារសៀលថ្ងៃដដែលនេះថា បន្ទាប់ពីពិភាក្សាជាមួយភរិយា និងកូនស្រី សម្តេចបានសម្រេចយកដី២ហិកតាដែលទិញក្នុងតម្លៃជាង១០លានដុល្លារ ទុកសាងសង់ស្ថានីយទូរទស្សន៍បាយ័ន ប្រគល់ជូនក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្ទេវាសិកដ្ឋាន។ ការសាងសង់ «អន្តេវាសិកដ្ឋាន» នេះ មានចំនួន១២០បន្ទប់ គឺសម្រាប់និស្សិតស្ត្រីស្នាក់នៅចំនួន៥០០នាក់ ដោយក្នុង១បន្ទប់ស្នាក់នៅ៤នាក់ (មានបន្ទប់ទឹក និងចង្រ្កានបាយ)។

ក្រៅពីនោះ«អន្តេវាសិកដ្ឋាន»ក៏ត្រូវមានប៉ុស្តិ៍សុខភាព នៅជាន់ផ្ទាល់ដីដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ។ សម្ដេចតេជោបន្ថែមថា ក្រោយការសាងសង់ «អន្តេវាសិកដ្ឋាន»នឹងប្រគល់ជូនជាសម្បត្តិរដ្ឋគ្រប់គ្រងដោយក្រសួងកិច្ចការនារី។ សម្តេចថែមទាំងបង្ហាញក្ដីសង្ឃឹមថា«អន្តេវាសិកដ្ឋាន»នេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្ត្រី និងការចូលរួមរបស់ស្ត្រីក្នុងការកសាងប្រទេសជាតិ៕

រូបភាពតំណាង
រូបភាពតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត