លោកស័ក្តិ៥ដែលស្រវឹងបុករះពេញមុខក្រសួងមហាផ្ទៃ ផ្តាច់ជីវិតគេម្នាក់ និងរបួស៥នាក់ ត្រូវជាប់ពន្ធនាគារតែ«៧ខែទៀត»ប៉ុណ្ណោះ នឹងត្រូវដោះលែងវិញ
Mao Sopha
15 តុលា 2025 05:15 AM

រាជធានីភ្នំពេញ៖ ប្រមាណ៥ខែក្រោយ អតីតប៉ូលិសស័ក្តិ៥ លោក ហ៊ុន ហេង ដែលគេស្គាល់ឈ្មោះចាំមុខដោយសារបើកបរទាំងស្រវឹង ហើយបង្កគ្រោះថ្នាក់ចរចាណ៍ទាំងថ្ងៃត្រង់ បណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិត និងរបួសនៅមុខក្រសួងមហាផ្ទៃ ត្រូវតុលាការរាជធានីភ្នំពេញ សម្រេចដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ ប៉ុន្តែអនុវត្តទោសតែ១ឆ្នាំប៉ុណ្ណោះ ឯទោស២ឆ្នាំទៀត ត្រូវព្យួរ (មានន័យថា ២ឆ្នាំនេះ មិនស្ថិតក្នុងពន្ធនាគារឡើយ)។ តុលាការ ក៏តម្រូវឱ្យពិរុទ្ធជនជាអតីតមន្រ្តីនគរបាលរូបនេះ បង់ប្រាក់៤លានរៀលចូលទៅរដ្ឋផងដែរ។

ជនបង្កហេតុឈ្មោះ ហ៊ុន ហេង (កណ្តាល)
ជនបង្កហេតុឈ្មោះ ហ៊ុន ហេង (កណ្តាល)

តុលាការ បានប្រកាសសាលក្រមស្តីពីការដាក់ទោសលោក ហ៊ុន ហេង នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។ លោក បានប្រព្រឹត្តបទល្មើសគ្រោះថ្នាក់ចរាចរណ៍ កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥ ហើយក៏ត្រូវចាប់ខ្លួនយកទៅឃុំនាពេលនោះ។ តាមច្បាប់ រយៈពេលឃុំខ្លួន គឺត្រូវរាប់ចាប់តាំងថ្ងៃឃុំខ្លួនដំបូងមក។ គិតមកដល់ពាក់កណ្តាលខែតុលា ឆ្នាំ២០២៥នេះ លោកជាប់ឃុំប្រមាណ៥ខែហើយ ដូច្នេះ នៅសល់តែប្រមាណ៧ខែទៀតប៉ុណ្ណោះ នឹងគ្រប់រយៈពេល១ឆ្នាំតាមកាលកំណត់ ហើយបន្ទាប់មក នឹងត្រូដោះលែងវិញ។ 

អគារសាលាយុត្តិធម្ម ដែលមានតុលាការភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញនៅជាមួយគ្នា
អគារសាលាយុត្តិធម្ម ដែលមានតុលាការភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញនៅជាមួយគ្នា

ក្រោយបើកបុកគេឯងពេញផ្លូវ ក្រៅពីប្រឈមមុខនឹងតុលាការ លោក ហ៊ុន ហេង ក៏ត្រូវថ្នាក់លើដកចេញពីមុខតំណែង និងក្របខ័ណ្ឌភ្លាមៗផងដែរ។ លោក មានឋានន្តរស័ក្តិជាវរសេនីយ៍ឯក (ស័ក្តិ៥) និងកាន់តំណែងជាប្រធានការិយាល័យមួយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ កាលនោះ លោក ស្រវឹងទាំងកណ្តាលថ្ងៃចែស ហើយបានបើករថយន្តម៉ាកលុចហ្ស៊ីស បុករះទៅលើតុកតុក៣គ្រឿង ម៉ូតូ១គ្រឿង និងរថយន្ត១គ្រឿង តាមបណ្តោយមហាវិថីព្រះនរោត្តម មុខក្រសួងវប្បធម៌ និងក្រសួងមហាផ្ទៃ បណ្តាលឱ្យបុរសជាអ្នករត់តុកតុកម្នាក់បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងមនុស្ស៥នាក់ទៀតរបួសធ្ងន់ស្រាល។ 

រថយន្តរបស់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ 
រថយន្តរបស់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ 

យោងតាមច្បាប់ចរាចរណ៍ផ្លូវគោក ដែលកំពុងអនុវត្តសព្វថ្ងៃ អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ មិនសូវទទួលទោសធ្ងន់ឡើយ ទោះជាស្រវឹងបុកគេស្លាប់ប៉ុន្មាននាក់ក៏ដោយ។ មាត្រា៨៣នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែងថា ជនណាបើកបរទាំងស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០មិល្លីក្រាមក្នុង១លីត្រខ្យល់ឡើងទៅ បង្កគ្រោះថ្នាក់ដល់អ្នកដទៃឱ្យរបួស ត្រូវដាក់ពន្ធនាគារពី១ឆ្នាំដល់៣ឆ្នាំ និងត្រូវពិន័យប្រាក់ពី៤លានរៀល ដល់១៥លានរៀល។ ចំណែកមាត្រា៨៥ ចែងថា ជនណាបើកបរទាំងស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០មិល្លីក្រាមក្នុង១លីត្រខ្យល់ឡើងទៅ បង្កគ្រោះថ្នាក់បណ្តាលឱ្យអ្នកដទៃស្លាប់ ត្រូវដាក់ពន្ធនាគារពី២ឆ្នាំដល់៥ឆ្នាំ និងត្រូវពិន័យប្រាក់ពី១០លានរៀល ដល់២៥លានរៀល។

តុកតុក ដែលត្រូវរថយន្តលុចហ្ស៊ីសបុក 
តុកតុក ដែលត្រូវរថយន្តលុចហ្ស៊ីសបុក 

ផ្អែកតាមមាត្រាទាំង២ខាងលើ បើជនល្មើសបើកបរក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០មិល្លីក្រាមឡើងទៅ ហើយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់ អាចប្រឈមមុខទទួលទោសជាប់ពន្ធនាគារដល់៥ឆ្នាំ។ ចំពោះករណីលោក ហ៊ុន ហេង ចូលក្នុងមាត្រាទាំង២នេះ ប៉ុ​ន្តែ មិនចូលក្នុងចំណុចមានអត្រាជាតិអាល់កុលចាប់ពី០,៤០មិល្លីក្រាមឡើយ។ កាលនោះ ថ្វីបើមហាជនមើលឃើញច្បាស់ថា លោក ហ៊ុន ហេង ស្រវឹងជោកខ្លួនបើកភ្នែកលែងចង់រួចហើយក្តី តែសមត្ថកិច្ច អះអាងថា វាស់ជាតិអាល់កុលទៅឃើញតែត្រឹម០,៣៥មិល្លីក្រាមប៉ុណ្ណោះ។

ដោយសារមើលឃើញអ្នកប្រព្រឹត្តបទល្មើសគ្រោះថ្នាក់ចរាចរណ៍ ទទួលទោសដូចជាស្រាលពេក ទាំងដែលអ្នកដទៃត្រូវបាត់បង់ជីវិត និងរបួសធ្ងន់ធ្ងរហើយក៏ដោយ ទើបកន្លងមក ក្រសួងយុត្តិធម៌ធ្លាប់បង្ហាញបំណងចង់ធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ដើម្បីបន្ថែមទម្ងន់ទោស៕      

ម៉ូតូត្រូវខ្ទេចខ្ទីដោយសាររថយន្តលុចហ្ស៊ីសបុក
ម៉ូតូត្រូវខ្ទេចខ្ទីដោយសាររថយន្តលុចហ្ស៊ីសបុក
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត