ក្រសួងជំនាញប្រកាស បញ្ជូនមន្ត្រីទៅចាំចាប់រថយន្តដឹកធ្ងន់លើសកំណត់នៅផ្លូវជាតិលេខ៤៨ រយៈពេល១៤ថ្ងៃ
អុន សម្ផស្ស
15 តុលា 2025 04:30 AM

ក្រុងខេមរភូមិន្ទ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានប្រកាសជាសាធារណៈថា កម្លាំងមន្រ្តីស្ថានីយជញ្ជីងអចល័ត នឹងចុះប្រចាំការជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៤៨ បំបែកផ្លូវជាតិលេខ៤៨-៥(វិថីសាយភូថង) ក្នុងខែតុលានេះ រយៈពេល១៤ថ្ងៃ ដើម្បីការពារផ្លូវជាតិដែលទើបនឹងសាងសង់រួចរាល់កុំឱ្យបន្តការខូចខាត..។

លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងមន្ត្រីពាក់ព័ន្ធ ប្រធានមន្ទីរសាធារណការខេត្តកោះកុង តំណាងរដ្ឋបាលស្រុកបូទុមសាគរ និងសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី១៣តុលា​ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនធុនធ្ងន់នៅលើផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រ៥៤ ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្នុងប្រតិបត្តិការនោះមន្ត្រីជំនាញស្ទាក់ចាប់យានយន្តសរុបចំនួន១៥គ្រឿង ប៉ុន្តែរកឃើញផ្ទុកលើសទម្ងន់កំណត់តែមួយ១គ្រឿងប៉ុណ្ណោះ។

ទោះយ៉ាងណា លោករដ្ឋលេខាធិការ សេង ឈួន បានចាត់ឱ្យកម្លាំងមន្រ្តីស្ថានីយជញ្ជីងអចល័ត បឹងឃុនឆាង សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ទទួលភារកិច្ចចុះប្រចាំការជាបណ្តោះអាសន្ននៅចំណុចទីតាំងផ្លូវបំបែករវាងផ្លូវជាតិលេខ៤៨ និងផ្លូវជាតិ លេខ៤៨-៥(វិថីសាយភូថង) រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ តទៅ ដើម្បីការពារផ្លូវជាតិលេខ៤៨ ដែលទើបនឹងសាងសង់រួចរាល់។

ក្នុងន័យនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ខ្សាច់ ក្រួស ការដ្ឋានជីកយកអាចម៍ដី ដេប៉ូប្រមូលទិញកសិផល(ដំឡូងមី ពោត គ្រាប់ស្វាយចន្ទី-ល-) ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ម្ចាស់រថយន្តធុនធ្ងន់ អ្នកបើកបររថយន្តធុនធ្ងន់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ឱ្យត្រឹមត្រូវ និងម៉ឺងម៉ាត់ និងសហការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីការពារផ្លូវថ្នល់កុំឱ្យខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត