
រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្ន និងកុំពាក់ព័ន្ធជាមួយគម្រោងអភិវឌ្ឍដីឡូតិ៍ចំនួន៥ ស្ថិតនៅខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្តប៉ៃលិន ដែល ន.អ.ប. រកឃើញថា គ្មានអាជ្ញាបណ្ណ..។

ក្រុមហ៊ុន និងគម្រោងអភិវឌ្ឍដីឡូតិ៍ចំនួន៥ ដែលកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណនោះ រួមមាន៖ ទី១.អេ.ឌី ស្ដាយ វើលដ៍ រេស៊ីដេន ឯ.ក គម្រោង «ផ្លូវ៥១ ត្មាតពង» ភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី២.ក្រុមហ៊ុន អ៊ី សានី ត្រេឌីង ឯ.ក គម្រោង «អភិវឌ្ឍន៍ដីឡូតិ៍ ខេត្តកំពង់ឆ្នាំង» ភូមិប៉ាហ៊ី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ទី៣.ក្រុមហ៊ុន ញ៉ែម តារា ឯ.ក គម្រោង «ដីឡូតិ៍ ញ៉ែម តារា» ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ទី៤.គម្រោង«ដីឡូតិ៍ផ្សារព្រុំ» ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ និងទី៥.គម្រោង«ដីឡូតិ៍ ហេង ចាន់ធី» ភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕



