បារាំងនឹងពិចារណា ចូលរួមគាំទ្រសកម្មភាពបោសសម្អាតមីននៅកម្ពុជាឡើងវិញ
S
Soriya Sou
14 តុលា 2025 05:38 AM

រាជធានីភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១​ អាជ្ញាធរមីន កាលពីរសៀលថ្ងៃទី១៣តុលា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយលោក Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ពិភាក្សាលើការងារមួយចំនួន រួមមានទាំងវិស័យសកម្មភាពមីនផងដែរ…។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍ថា បារាំង ធ្លាប់បានផ្តល់នូវការបណ្ដុះបណ្ដាលដល់នាយទាហានកម្ពុជាក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ក្នុងអំឡុងពេលសម័យ UNTAC។ ចាប់ពីឆ្នាំ២០០៩ បារាំង បានផ្តល់នូវជំនួយឧបត្ថម្ភដល់វគ្គហ្វឹកហ្វឺន និងបំពាក់សម្ភារដល់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា សម្រាប់បំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ តាំងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកបានអរគុណដល់ប្រទេសបារាំង ដែលបានចូលរួមគាំទ្រសកម្មភាពបោសសម្អាតមីនមនុស្សធម៌កន្លងមក តាមរយៈគម្រោងបោសសម្អាតមីនដំណាក់កាលទី២ ជាពិសេសគាំទ្រដល់ការបោសសម្អាតមីននៅតាមទីតាំងបុរាណវត្ថុក្នុងខេត្តសៀមរាប ដើម្បីគាំទ្រដល់អាជ្ញាធរជាតិអប្សរា។ ដូច្នេះ លោកចង់ឃើញប្រទេសបារាំងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាឡើងវិញ ដើម្បីគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និង លោក Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា។
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និង លោក Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា។

ជាការឆ្លើយតប លោក Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានកោតសរសើរចំពោះសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន អស់រយៈពេលជាង៣ទសវត្សរ៍។ លោកសន្យានឹងរាយការណ៍ទៅកាន់រដ្ឋាភិបាលបារាំង ដើម្បីពិចារណាជុំវិញសំណើរបស់កម្ពុជា សម្រាប់ការចូលរួមរបស់បារាំងដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជាឡើងវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត