
រាជធានីភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៩កញ្ញានេះ ជួបពិភាក្សាការងារជាមួយ លោក អូលីវែរ រីឆាត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា។ ក្នុងនោះ សម្ដេច និងឯកអគ្គរដ្ឋទូត បានពិភាក្សា និងឯកភាពគ្នាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការអប់រំ, សុខាភិបាល, ថាមពល, វប្បធម៌ និងបរិស្ថាន…។

សម្ដេចនាយករដ្ឋមន្ត្រី បានបង្ហាញជំនឿជឿជាក់ថា បេសកកម្មការទូតរបស់លោក អូលីវែរ រីឆាត នឹងក្លាយជាកម្លាំងចលករបន្ថែមទៀត ក្នុងការរឹតចំណង និងពង្រឹងទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌនៃទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល, ប្រជាជននិងប្រជាជន រួមទាំងវិស័យឯកជន និងវិស័យឯកជន។ សម្ដេចនាយករដ្ឋមន្ត្រី រំលេចបន្ថែមថា វឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-បារាំង ជាកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពលជាច្រើន និងបានបើកឱកាសបន្ថែមជាច្រើនទៀតសម្រាប់ប្រទេសទាំងពីរ។ សម្ដេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់ប្រាប់លោកអគ្គរដ្ឋទូតអំពីបច្ចុប្បន្នភាព ពីការវិវឌ្ឍនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធីដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា សិទ្ធិសញ្ញា ដែលមានស្រាប់ និងច្បាប់អន្តរជាតិ។

លោកឯកអគ្គរដ្ឋទូត គូសបញ្ជាក់ថា បារាំងនិងកម្ពុជា គឺជាដៃគូដ៏យូរអង្វែងហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ និងប្រកបដោយភាពរឹងមាំ។ លោកប្ដេជ្ញាចិត្តថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។ លោកក៏បានជម្រាប សម្ដេចនាយករដ្ឋមន្ត្រី ថា លោកបានចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែន និងបន្តតាមដានក៏ដូចជារាយការណ៍អំពីស្ថានភាពនេះ ជូនថ្នាក់ដឹកនាំបារាំងជាប្រចាំ៕




