បទពិចារណា៖ ពលរដ្ឋចោទសួរ អត់ធ្មត់ដើម្បីអ្វី បើថៃធ្វើសកម្មភាពព្រៃផ្សៃម្ដងហើយម្ដងទៀត..?
អាន ប៊ុនរ័ត្ននៈ
14 តុលា 2025 07:07 AM

រាជធានីភ្នំពេញ៖ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅតែក្ដៅគគុក ទោះបីជាបទឈប់បាញ់នៅជាធរមាននៅឡើយក្ដី។ ក្ដៅគគុក ក៏ព្រោះតែភាគីថៃនៅបន្តសកម្មភាពឈ្លានពានបំពានមកលើកម្ពុជាឥតឈប់ឈរ ដូចជា ការចូលឈូសឆាយដីកសិកម្ម, ការបន្តយកបន្លាលួសស្រាស់ព័ទ្ធយកដីពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងព្រៃចាន់ ក៏ដូចជាការយកឧបករណ៍រំពងឃោសនសព្ទ ចាក់បទភ្លេងព្រឺព្រួច ភ្លេងខ្មោច ឆ្កែព្រុស ឆ្កែលូ សំឡេងយន្តហោះឮខ្លាំងៗ បង្កការរំខានដល់ការទទួលទានដំណេក ធ្វើឱ្យថប់បារម្ភ និងបង្កឱ្យមានការមិនសុខស្រួលដល់ផ្លូវកាយប្រជាជនរស់នៅក្នុងតំបន់។

យ៉ាងណា ក្រោយឃើញសកម្មភាពយ៉ាងគឃ្លើនម្ដងហើយម្ដងៗរបស់ភាគីថៃ ធ្វើមកលើពលរដ្ឋខ្មែរស្លូតត្រង់ និងគ្មានការតបតពីភាគីកម្ពុជា ពលរដ្ឋខ្មែរមួយចំនួនបានចោទសួរថា៖ តើហេតុអ្វីមិនរើបន្លាលួសដែលចោរសៀមព័ទ្ធយកដីនោះចោល? ហេតុអ្វីពលរដ្ឋភូមិជោគជ័យ និងភូមិព្រៃចាន់ បែរជាទៅជួយទប់ទល់ចោរសៀមឈ្លានពាន ជំនួសកងទ័ព? ហើយហេតុអ្វីរាជរដ្ឋាភិបាលកម្ពុជា បណ្តោយឱ្យចោរសៀមចូលឈូសឆាយដីចម្ការរបស់ពលរដ្ឋខ្មែរ? តម្រួតនគរបាលថៃបាញ់ពលរដ្ឋខ្មែរឱ្យរង់របួស ហេតុអ្វីយើងមិនបាញ់តបវិញ? ថៃយកគ្រឿងឃោសនសព្ទ ចាក់រំពងតម្លង់រំខានពលរដ្ឋ ហេតុអ្វីមិនតបតវិញ? ម្ត៉េចរាជរដ្ឋាភិបាលបណ្តោយឱ្យថៃធ្វើបែបនេះ? តើខ្លាចចោរសៀមមែនទេ បានជាសម្ងំស្ងាត់មាត់ឈឹងបែបនេះ? ឬក៏ព្រមកាត់ទឹកដីដើម្បីប្តូរសន្តិភាព? ទាំងនេះ សុទ្ធតែជាសំណួរពលរដ្ឋខ្មែរ ដែលបានលើកឡើងនៅក្នុងបណ្តាញសង្គម។

ជាការពិតណាស់ បើយើងមើលនៅលើបណ្តាញផ្សព្វផ្សាយព័ត៌មាន ឬតាមបណ្តាញសង្គមនានា ដែលបងប្អូនពលរដ្ឋខ្មែរចែករំលែកពីអំពើឈ្លានពានរបស់ភាគីថៃ យើងនឹងឃើញថា កម្ពុជាហាត់ដូចជាអត់ធ្មត់ខ្ពស់ពេកហើយ ឬអាចនិយាយមួយបែបតាមអារម្មណ៍ខឹងមួយពេលរបស់បងប្អូន ថាយើងខ្លាចគេ(រាជរដ្ឋាភិបាលកម្ពុជា)។ ប៉ុន្តែបងប្អូនពលរដ្ឋខ្មែរដែលបានចោទជាសំណួរទាំងនោះ មានយល់អំពីចេតនាពិតរបស់ថ្នាក់ដឹកនាំខ្លួនដែរឬទេថា ហេតុអ្វីកម្ពុជាត្រូវការអត់ធ្មត់ជាអតិបរមាបែបនេះ? តើកម្ពុជាចាំបាច់ត្រូវតែប្រើកម្លាំងយោធាតបតទៅកាន់គូជម្លោះ ទើបយល់ថាខ្លាំងឬ? មែនទែនទៅ ភាពខ្លាំងនៅក្នុងយុទ្ធសាស្ត្រសង្គ្រាម វាមិនផ្តោតតែទៅលើការឆ្លើយតបដោយការប្រើយុទ្ធោបករណ៍ជាចម្បងនោះទេ ពិសេសចំពោះស្ថានភាពបច្ចាមិត្តមានសព្វាវុធទំនើប និងខ្លាំងជាងខ្លួន។ ដូច្នេះ ការជ្រើសរើសយកវិធីសាស្ដ្ររក្សាភាពស្ងប់ស្ងាត់ ដោះស្រាយបញ្ហាតទល់ជាមួយគូសត្រូវដោយចំណងការទូត គឺជាជម្រើសឈ្លាសវៃរបស់មេដឹកនាំខ្មែរបច្ចុប្បន្ន ដើម្បីបញ្ចៀសបាននូវការលះបង់ជីវិតកងទ័ព និងការដើរថយក្រោយនៃការអភិវឌ្ឍប្រទេស។ 

ថ្ងៃនេះ SBM News សូមលើកយកទឡ្ហីករណ៍៤ចំណុចធំៗ ដើម្បីផ្ដល់ជូនជាការពិចារណា ជុំវិញចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយភាគីថៃឈ្លានពាន នោះគឺ៖ ទី១.តើចាំបាច់អីត្រូវប្រើកម្លាំងយោធា ឆ្លើយតបទៅនឹងសកម្មភាពរបស់ភាគីថៃ ដែលកំពុងទាញដៃកម្ពុជាឆ្ពោះទៅក្នុងភ្លើងសង្គ្រាមទ្រង់ទ្រាយធំ? ទី២.សង្គ្រាមផ្ទៃក្នុងជាង៣ទសវត្សរ៍ដែលយើងឆ្លងកាត់ វានៅមិនគ្រប់គ្រាន់សម្រាប់បទពិសោធនៃការនាំប្រទេសទៅរកមហន្តរាយទេឬ? ទី៣.សង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន, សង្គ្រាមឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន និងបញ្ហាផ្ទុះកក្រើកនៅលើបណ្តាប្រទេសមួយចំនួនជុំវិញពិភពលោក គឺជាឧទាហរណ៍ជាក់ស្តែង នៃសោកនាកកម្មរបស់មនុស្សជាតិនាពេលបច្ចុប្បន្ន។ និងទី៤.តើបងប្អូនពិតជាចង់ឱ្យប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងអន្លុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មីមែនទេ? យុទ្ធសាស្ត្ររាជរដ្ឋាភិបាល ដោះស្រាយបញ្ហាជម្លោះព្រំដែនតាមយន្តការច្បាប់អន្តរជាតិនេះ គឺជាជម្រើសដ៏ត្រឹមត្រូវ និងឆ្លាតវៃបំផុតក្នុងបរិបទភូមិសាស្ត្រនយោបាយពិភពលោកច្របូកច្របល់ដូចសព្វថ្ងៃ។

ជម្រើសត្រឹមត្រូវនៅត្រង់ថា កម្ពុជាព្យាយាមទប់ស្កាត់បាន មិនឱ្យមានការបាត់បង់អាយុជីវិតកងទ័ព ប្រជាជន និងការខូចខាតទ្រព្យសម្បត្តិបេតិកភណ្ឌជាតិ ខណៈដែលប្រជាជនខ្មែរអាចរស់នៅបានធម្មតានៅក្នុងភូមិស្រុក ដោយមិនចាំបាច់ជម្លៀសគេចចេញពីសង្គ្រាម ហើយរាជរដ្ឋាភិបាលខ្លួនឯង ក៏អាចពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈបង្កើនការផលិតទំនិញផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារពិភពលោកជាដើម ។ល។ ដោយឡែក បើយើងមើលឱ្យស៊ីជម្រៅទៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្ន វាមិនមែនជាជម្លោះដូចអំឡុងឆ្នាំ២០០៨ ឬ២០១១នោះឡើយ។ មិនដូចគ្នានៅត្រង់ថា ភូមិសាស្ត្រនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក មានការប្រែប្រួលខ្លាំង ដោយប្រទេសមហាអំណាចកំពុងចាប់យកប្រទេសតូចៗធ្វើជាសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីលក់សព្វាវុធ និងការសាកល្បងឥទ្ធិពលនៃបច្ចេកវិទ្យាយុទ្ធោបរណ៍របស់ពួកគេ ដូច្នេះ បើមេដឹកនាំខ្មែរសម្រេចចិត្តថ្លោះធ្លោយតែបន្តិច នោះកម្ពុជានឹងធ្លាក់ចូលទៅក្នុងទីលានសាកល្បងអាវុធរបស់ពួកប្រទេសមហាអំណាចមិនខាន ហើយប្រវត្តិសាស្ត្រច្រំដែល អាចនឹងកើតឡើងជាថ្មីម្ដងទៀត។

មហិច្ឆតានៃការពង្រីកឥទ្ធិពលរបស់ប្រទេសមហាអំណាចសព្វាវុធធំៗដូចជា សហរដ្ឋអាម៉េរិក ចិន រុស្ស៊ី កូរ៉េខាងជើង អ៊ីស្រាអែល និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប បាននិងកំពុងធ្វើឱ្យអង្គការសហប្រជាជាតិ(UN) ដែលជាអង្គការពិភពលោកមួយចុះអន់ខ្សោយ។ ចុះអន់ថយក៏ដោយសារបញ្ហាអសន្តិសុខនៅគ្រប់តំបន់ជុំវិញពិភពលោក មិនអាចបញ្ចប់ទៅបាន ដោយក្រុមប្រទេសមហាអំណាចប្រើសិទ្ធិវេតូ (Veto Power)គ្នាទៅវិញទៅមក បង្កជាវិបត្តិដ៏ធំសម្រាប់ប្រទេសរងគ្រោះដូចជា អ៊ុយក្រែន និងប៉ាឡេស្ទីន ធ្វើឱ្យអង្គការសហប្រជាជាតិអស់តម្លៃក្នុងក្រសែភ្នែកពិភពលោក។ សរុបសេចក្តីមក យុទ្ធសាស្ត្រស្វែងរកកិច្ចអន្តរាគមន៍ពីប្រទេសមហាអំណាចធំៗ ដូចជា ចិន បារាំង សហរដ្ឋអាម៉េរិក និងប្រធានអាស៊ានប្តូរវេនម៉ាឡេស៊ី និងការរក្សាការអត់ធ្មត់ដល់កម្រិតកំពូលដូចពេលបច្ចុប្បន្ននេះ គឺកម្ពុជាជោគជ័យខ្លាំងណាស់លើផ្នែកការទូត ក្នុងនាមជាប្រទេសតូចមួយ ដែលអាចថ្ពក់យកបេះដូងប្រទេសមហាអំណាចធំៗឱ្យចូលមកជួយខ្លួនបាន។

ដូចនេះ ក្នុងនាមជាពលរដ្ឋខ្មែរ យើងគួរមានមោទនចំពោះថ្នាក់ដឹកនាំដែលធ្វើការសម្រេចចិត្តច្បាស់លាស់ មានទស្សនវិស័យវែងឆ្ងាយ ស្គាល់ច្បាស់ពីហានិភ័យនៃភូមិសាស្ត្រនយោបាយ និងជាពិសេសគឺការស្រឡាញ់ជាតិ ប្រជាជនដោយពិតប្រាកដ មិនធ្វើការដោយភ្លើងកំហឹង និងធ្លាក់ចូលអន្ទាក់នៃការអូសទាញរបស់បច្ចាមិត្ត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត