ឥទ្ធិពលព្យុះទី២៣ វិវត្តទៅជាព្យុះសង្ឃរាបន្តជះឥទ្ធិពលមកលើកម្ពុជា
អុន សម្ផស្ស
13 តុលា 2025 02:01 AM

រាជធានីភ្នំពេញ៖ គ្រប់បណ្តារាជធានី-ខេត្ត ស្ទើរទូទាំងប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដីចន្លោះពី២០ទៅ៣០ភាគរយ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ដោយសារព្យុះទី២៣ បានវិវត្តទៅជាព្យុះសង្ឃរានៅមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច..។

ក្រសួងព្យាករថា ព្យុះទី២៣ឈ្មោះ ណាគ្រី (Nakri) បានវិវត្តទៅជាព្យុះសង្ឃរា ដែលមានទីតាំងនៅមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច នៅតែមានឥទ្ធិពលខ្សោយមកលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្ទអាន់ដាម៉ាន់ សមុទ្ទកម្ពុជា អាងទន្លេមេគង្គ សមុទ្ទចិនខាងត្បូង។ យ៉ាងណាក្រសួងអះអាងថា គន្លងផ្លូវដើររបស់ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជាឡើយ ប៉ុន្តែនឹងធ្វើឱ្យតំបន់វាលទំនាប មានខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ល្បឿនមធ្យម២ម៉ែត្រក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របប្រមាណ២៥ភាគរយ

រីឯតំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣០អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ល្បឿនមធ្យម៤ម៉ែត្រក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៣០ភាគរយ

ដោយឡែក តំបន់មាត់សមុទ្ទ សីតុណ្ហភាពមធ្យមអប្បបរមា២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ។ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត