
រាជធានីភ្នំពេញ៖ ព្យុះថ្មីមួយទៀតដែលត្រូវជាព្យុះទី២៤ ឈ្មោះ ហ្វេងសេង (Fengshen) T2524 បានកើតឡើង និងមានឥទ្ធិពលលើរបបខ្យល់មូសុង ដែលបក់លើសមុទ្ទអាន់ដាម៉ាន់ សមុទ្ទកម្ពុជា អាងទន្លេមេគង្គ សមុទ្ទចិនខាងត្បូង។ តាមការព្យាកររបស់ក្រសួងធនធានទឹក ប្រទេសកម្ពុជានឹងរងឥទ្ធិពលព្យុះនេះ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ដោយសារភូមិសាស្ត្រកម្ពុជា ស្ថិតនៅជាប់គន្លងផ្លូវដើរនៃព្យុះទើបកើតថ្មីនេះ...។

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងពិសេសនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ដោយយោងតាមការអង្កេត ពិនិត្យ និងវិភាគ លើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់ និងកម្ពុជាឃើញថា៖«កម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះហ្វេងសេងនេះ ទទួលរងឥទ្ធិពលកម្រិត២០ភាគរយ»។ ស្ថានភាពបែបនេះធ្វើឱ្យ តំបន់វាលទំនាប ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ។ អាចមានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៣០ភាគរយ។

ដោយឡែក តំបន់ខ្ពង់រាបដែលមានដូចជា ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៥០ភាគរយ។

ចំណែកឯ តំបន់មាត់សមុទ្ទ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំង ជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៦០ភាគរយ។ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,៥០ម៉ែត្រ។ ចំពោះមុខបញ្ហានេះ ក្រសួងប្រាប់ឱ្យសាធារណជន ជាពិសេសបងប្អូន ដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់។ ក្នុងន័យនេះ ក្រសួងអះអាងថា នឹងបន្តធ្វើការតាមដាន និងវិភាគអំពី ស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល៕




