
ពីភូមិព្រៃចាន់ និងភូមិជោគជ័យ៖ រករឿងគេពីថ្ងៃមិនគ្រប់ ពេលយប់រករឿងបន្ថែមទៀត! នៅយប់ម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ភាគីថៃ (អាចជាកងកម្លាំងថៃ) បានរៀបធុងបាស់ ហើយចាក់រំពងសំឡេងឡើងឮទ្រហឹងអឹងកង បែរមករកភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីរំខានប្រជាពលរដ្ឋខ្មែរមិនឱ្យសម្រាកបាន។ សំឡេងដែលកងកម្លាំងថៃចាក់នោះ មានដូចជា សំឡេងខ្មោច សំឡេងឆ្កែព្រុស និងសំឡេងឆ្កែលូ ជាដើម។

លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានបង្ហោះវីដេអូទាំងយប់ អំពីការចាក់សំឡេងរំខាននេះ ដើម្បីជូនដំណឹងដល់ប្រជាជនទូទៅឱ្យបានដឹង។ លោក រដ្ឋមន្រ្តីសរសេរយ៉ាងូច្នេះថា៖«នៅពេលដែលមនុស្សភាគច្រើននៅក្នុងប្រទេស កំពុងសម្រាកលង់លក់ អ្នកភូមិព្រៃចាន់ និងភូមិជោគជ័យ មិនបានសម្រាកឡើយ ដោយសារតែសំឡេងធុងបាស់ដែលជនជាតិថៃបានចាក់..»។

លោក នេត្រ ភក្ត្រា ហៅអំពើរបស់ភាគីថៃ ថាជាការបំពុលផ្នែកសំឡេង ធ្វើឱ្យមនុស្សម្នាមិនអាចសម្រាកបាន ជាពិសេសក្មេងតូចៗ និងមនុស្សចាស់ជរា។ លើសពីនេះ លោក ចាត់ទុកអំពើនេះ ថាប៉ះពាល់ដល់សិទ្ធិដំណេក និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ លោក ដាក់សំណួរយ៉ាងខ្លីទៅភាគីថៃថា ហេតុអ្វីបានជាអ្នកអាក្រក់ម៉្លេះ?

កាលពីពេលថ្ងៃ ទី១០តុលា កងកម្លាំងថៃ បាននាំគ្រឿងចក្រ ឬត្រាក់ទ័រ ចូលមកឈូសឆាយដីចម្ការដំណាំប្រជាជនខ្មែរនៅភូមីព្រៃចាន់ ដោយមិនក្រែងចិត្ត និងមិនចេះខ្មាសអៀនអ្វីទាំងអស់ ទោះជាពេលនោះ មានអ្នកសារព័ត៌មាន ដោយមានទាំងជនបរទេសផង នាំគ្នាថតឡើងព្រោងព្រាត និងផ្សាយផ្ទាល់លើបណ្តាញសង្គមក៏ដោយ។ ម្យ៉ាងទៀត ទោះជាក្រុមអ្នកសង្កេតការណ៍បរទេសក្នុងតំបន់អាស៊ាននេះ ដែលហៅថា IOT បានចុះទៅឈរមើលផ្ទាល់ហើយក្តី ក៏កងកម្លាំងថៃ នៅតែបន្តឈូសឆាយដីដំណាំចម្ការប្រជាជនខ្មែរដដែល។

ជាការរំលោភបំពានច្រើនលើកច្រើនសាមកហើយ ដែលកងកម្លាំងថៃធ្វើការដាក់ប្រជាជនស៊ីវិលកម្ពុជានៅតាមព្រំដែន ពិសេសអ្នករស់នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ។ កន្លងមក កងកម្លាំងថៃ បានយកកង់ឡាន និងបន្លាលួសមកស្រាស់បិទផ្លូវផង និងព័ន្ធផ្ទះប្រជាជនខ្មែរមួយចំនួនក្នុងភូមិទាំង២នេះផង ហើយនៅតែមិនអស់ចិត្តទៀត ដោយនៅតែបន្តសកម្មភាពបែបនេះជាដដែលៗ។

រហូតមកដល់ពេលនេះ កងកម្លាំងថៃ ដល់ថ្នាក់ហ៊ានយកត្រាក់ទ័រមកឈូរឆាយដីប្រជាជនខ្មែរស្រស់ៗទាំងកណ្តាលថ្ងៃតែម្តង ហើយដល់ពេលយប់ មិនព្រមដេកពួននោះទេ បែរជាមកចាក់ធុងបាស់រំខានប្រជាជនខ្មែរមិនឱ្យសម្រាកបាន ដោយក្នុងនោះ មានទាំងក្មេងតូចៗផងដែរ។ រាល់អំពើដែលភាគីថៃបានធ្វើទាំងពេលមុន ទាំងពេលឥឡូវនេះ បង្ហាញឱ្យឃើញពីការរំលោភបទឈបាញ់ផង និងធ្វើឱ្យប្រទេសទាំង២ មិនអាចរកដំណោះស្រាយជាមួយគ្នាផង៕



