អាជ្ញាធរជាតិអប្សរា ប្រមូលទឹកទុកក្នុងអាង និងបារាយន៍ ត្រៀមប្រើប្រាស់ក្នុងរដូវប្រាំង
S
Sreyleak Yith
10 តុលា 2025 09:30 AM

ក្រុងសៀមរាប៖ យោងតាមក្រសួងធនធានទឹក និងឧតុនិយម រដូវវស្សានឹងចាប់ផ្តើមអស់ឥទ្ធិពលនៅដើមខែវិច្ឆិកាខាងមុខនេះ គឺមានន័យថា ភ្លៀងក៏នឹងលែងមានបន្តទៀត ហើយរដូវលំហើយក៏នឹងចូលមកដល់ តែយ៉ាងណា ក្រុមការងារគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានប្រមូលទឹកស្ដុកពេញអាង ឬបារាយណ៍សំខាន់នានា សម្រាប់ត្រៀមប្រើប្រាស់នៅក្នុងរដូវប្រាំងខាងមុខ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី១០តុលា..។

លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងក្នុងតំបន់រមណីយដ្ឋានអង្គរ មានសភាពធូរស្រាលខ្លាំងហើយ បន្ទាប់ពីរាំងភ្លៀង​ប៉ុន្មានថ្ងៃ​​មកនេះ។ ក្រុមការងារគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងបញ្ចូលទឹកទៅ​ក្នុងអាងស្ដុក​ទុកធំៗ ដោយរំពឹងថា នៅចុងខែតុលានេះ នឹងពេញទាំងស្រុងតាមបារាយណ៍ និងកសិន្ធុសំខាន់ៗ សរុបប្រហែល៧០លានម៉ែត្រគុប។ ក្រុមការងារក៏បានខិតខំដោះស្រាយ និងគ្រប់គ្រងស្ថានភាពទឹកបានល្អប្រសើរ ដោយមិនឱ្យប៉ះពាល់ធ្ងន់ធ្ងរនៅតំបន់ប្រាសាទ គឺស្ថានភាពទឹកជន់លិចរយៈពេលខ្លីប៉ុណ្ណោះ ដោយបានបញ្ជៀសតាមទ្វារទឹកនានា ទម្លាក់ទៅផ្នែកខាងក្រោមនៃបឹងទន្លេសាប។

លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ   
លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ   

ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក បន្ថែមថា ក្រុមការងាររបស់លោកបានបន្តតាមដានស្ថានការណ៍ជាប់ និងសិក្សាពីបទពិសោធផ្សេងៗ ដើម្បីការងារគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបាន​ទាន់ពេលវេលា។ ជាមួយគ្នា លោកសំណូមពរដល់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅ​តាមមាត់ប្រ​ឡាយ​ទឹកបុរាណ មិនត្រូវចាក់ដីលុប​ដោយគ្មានបច្ចេកទេស​លើប្រព័ន្ធទឹកបុរាណទាំងនោះទេ វា​នឹងបណ្ដាល​ឱ្យស្ទះមាត់ទឹក និងជន់លិច៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត