
សុខភាព៖ ផ្លែដូង មិនមែនគ្រាន់តែអាចពិសាទឹក ឬសាច់វាពេលនៅខ្ចីប៉ុណ្ណោះទេ តែវាមានអត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់ការប្រើប្រាស់របស់មនុស្ស ជាក់ស្តែង នៅពេលផ្លែទុំចាស់ គេអាចចម្រាញ់យក ប្រេង ទៅធ្វើជាគ្រឿងសម្អាង ប្រេងលាបសក់ និងជាសារធាតុផ្សំជាមួយឱសថវេជ្ជសាស្ត្រថែមទៀតផង ដែលប្រយោជន៍របស់វាមានច្រើនបែបច្រើនយ៉ាង។ ដើម្បីឱ្យអស់ចង្ងល់ និងឈ្វេងយល់ពីអត្ថប្រយោជន៍មានច្រើនសម្បូរបែប ដែលលោកអ្នកមួយចំនួនមិនបានដឹង ថ្ងៃនេះ SBM News នឹងលើកយកមកជម្រាបជូនលោកអ្នកបានជ្រាប…។

១.ឱសថព្យាបាលជំងឺបេះដូង៖ ប្រេងដូង មានផលល្អចំពោះបេះដូង ព្រោះមានផ្ទុកអាស៊ីដ Lauric ៥០ភាគរយ និងជួយការពារបេះដូងគ្រប់គ្រងកម្រិតជាតិកូលេស្តេរ៉ូល ព្រមទាំងរក្សាសម្ពាធឈាម និងការពារសរសៃឈាមក្រហមមិនឱ្យខូច។ ទោះជាយ៉ាងណា ក៏មិនទាន់មានការណែនាំដោយវេជ្ជបណ្ឌិតឱ្យប្រើប្រេងធម្មជាតិនេះ ញឹកញាប់នោះទេ គួរប្រើត្រឹមមួយ ឬកន្លះស្លាបព្រាកាហ្វេក្នុងមួយថ្ងៃបានហើយ។ ២.ប្រើជាក្រែមលាបបបូរមាត់៖ ពេលបបូរមាត់ស្ងួតលាបប្រេងដូង ដើម្បីព្យាបាលព្រោះវាមានសុវត្ថិភាពបំផុត ដោយមិនខ្លាចមានការពុលទ្បើយ។ ៣.ព្យាបាលការឆ្លងមេរោគ៖ ប្រេងដូង មានប្រសិទ្ធភាពការពារ ការឆ្លងមេរោគលើមុខរបួស ជារបាំងមួយទប់ស្កាត់មិនឱ្យធូលី ឬបាក់តេរីចូលទៅក្នុងរាងកាយ និងជួយព្យាបាលស្បែកខូចបានជាឆាប់រហ័ស។

៤.ជំនួយឱ្យគេងលក់៖ ការម៉ាស្សាថ្នមៗជាមួយប្រេងដូង ជួយបន្ថយភាពរសាប់រសល់ ធ្វើឱ្យគេងលក់ស្រួល ដូច្នេះប្រេងដូង ជាជម្រើសល្អសម្រាប់អ្នកពិបាកគេង។ ៥.ធ្វើជាគ្រឿងសម្អាងថែរក្សាស្បែក៖ ប្រេងដូង ជាជម្រើសល្អបំផុតសម្រាប់អ្នកចង់បានស្បែកស្អាត ព្រោះវាងាយជ្រាបចូលក្នុងស្បែក និងជួយធ្វើឱ្យស្បែកមានភាពស្រស់ថ្លា ដោយសារអាស៊ីដក្នុងប្រេងដូងល្អ អាចបន្ថយការរលាក បញ្ហាស្បែកខ្វះជាតិទឹក។ សាកល្បងថែទាំស្បែកជាមួយប្រេងដូង ដោយលាបតាំងពីផ្ទៃមុខ ដៃ រហូតដល់ខ្លួនប្រាណ ដើម្បីទទួលបានប្រសិទ្ធភាពស្បែកស្រស់ស្អាត។ ៦.សម្រាប់ថែរក្សាសក់៖ ប្រសិទ្ធភាពរបស់ប្រើប្រេងដូង គឺជួយកាត់បន្ថយអង្គែស្បែកក្បាល អត្ថប្រយោជន៍មួយទៀត ប្រេងដូង ដើរតួនាទីជាម៉ាស៊ីនត្រជាក់ និងជួយសក់ដែលខូចបែកចុងមើលទៅរស់រវើក និងគួរឱ្យស្រឡាញ់ឡើងវិញ។

៧.ប្រើដើម្បីសម្រកទម្ងន់៖ ប្រេងដូង ប្រើសម្រាប់សម្រកទម្ងន់ ត្រង់ចំណុចនេះស្ដាប់ទៅដូចជាចម្លែកបន្តិច ប៉ុន្តែអាស៊ីដខ្លាញ់ក្នុងប្រេងដូង ជួយប្រយុទ្ធប្រឆាំងនឹងជាតិខ្លាញ់ដែលធ្វើឱ្យឡើងទម្ងន់។ លើសពីនេះ ប្រេងដូងក៏ជួយសម្រួលដល់ការរំលាយអាហារ និងបង្កើនចំណង់អាហារទៀតផង។ ៨.បង្កើនភាពស៊ាំនឹងជំងឺ៖ ជាតិអាស៊ីដ និងសារធាតុមានប្រយោជន៍ផ្សេងៗទៀតក្នុង ប្រេងដូង ជាគ្រឿងបង្កើនភាពស៊ាំដែលទាក់ទងនឹងជំងឺបណ្ដាលមកពីបាក់តេរី ឬវីរុស ដូចជាជំងឺរើម ជំងឺគ្រុនផ្ដាសាយធំ និងជំងឺCytomegalovirus។ ៩.ជួយបញ្ហារំលាយអាហារ៖ បញ្ហាក្រពះ និងរំលាយអាហារមួយចំនួន ត្រូវបានបង្ការដោយការប្រើប្រាស់ប្រេងដូង។ វាជួយប្រព័ន្ធរំលាយអាហារ ជាខែលការពារពោះ មិនឱ្យមេរោគផ្សិត ប៉ារ៉ាស៊ីត និងបាក់តេរីជ្រៀតចូលបាន។ ក្នុងនោះ ប្រេងដូង ក៏ជួយបង្កើនការស្រូបយកវីតាមីន សារធាតុរ៉ែ និងសារធាតុចិញ្ចឹមផ្សេងទៀតផងដែរ៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ




