
ក្រុងកំពង់ចាម៖ ក្រោយផ្ទុះហេតុការណ៍អ្នកបើករថយន្តតាក់ស៊ីម្នាក់ បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ស្វែងរកជំនួយពីសមត្ថកិច្ច បន្ទាប់ពីត្រូវជនមិនស្គាល់ប្រើកាំបិតចុងស្រួចចាក់កាលពីយប់ថ្ងៃទី៨តុលា។ ពេលនេះ សមត្ថកិច្ចចាប់បានជនដៃដល់ ហើយកំណត់បានថា ជាករណីហិង្សាកើតឡើងដោយជម្លោះលុយ១០ដុល្លារវាងម្ចាស់រថយន្ត និងអ្នកជិះ…។

តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា នៅវេលាម៉ោង២២:១៨នាទីយប់ថ្ងៃទី៨ សមត្ថកិច្ចបានទទួលព័ត៌មានស្វែងរកជំនួយពីបុរសម្នាក់ជាអ្នករត់តាក់ស៊ី រួចចុះប្រតិបត្តិដល់ទីតាំងរថយន្តជនរងគ្រោះ «ម៉ាកព្រូស» នៅចំណុចភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ដោយសារជនរងគ្រោះមានរបួស ក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យ សមត្ថកិច្ចបានសាកសួរព្រូឡានធ្វើដំណើរជាមួយម្ចាស់តាក់ស៊ីរងគ្រោះ។

ព្រូឡានបញ្ជាក់ពីមូលហេតុថា បណ្ដាលមកពីការប៉ះទង្គិចពាក្យសម្តីក្នុងការតថ្លៃមិនត្រូវគ្នា ដោយដំបូងឡើយជនសង្ស័យនិយាយឱ្យជនរងគ្រោះជូនដល់ខេត្តកំពង់ចាមក្នុងតម្លៃ១០ដុល្លារ លុះធ្វើដំណើរដល់ចំណុចស្ពានស្ទឹងប្រយោល ក្នុងស្រុកព្រៃឈរ ជនសង្ស័យ បានឱ្យជនរងគ្រោះជូនទៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំវិញ ក៏កើតការប៉ះសម្តីគ្នា ហើយជនសង្ស័យ ក៏ធ្វើសកម្មភាពដកកូនកាំបិតចាក់តែម្ដង។ យ៉ាងណា ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមអះអាថា៖«តាមការពិនិត្យនៅលើរថយន្តឃើញថា ពុំមានបាត់បង់អ្វីនុះឡើយ ដូច្នេះ សមត្ថកិច្ចសន្និដ្ឋានថា ជាករណីហិង្សា ពុំមែនជាករណីប្លន់នោះទេ»។

ក្រោយកំណត់ហេតុការណ៍រួច កម្លាំងសមត្ថកិច្ចបានបន្តប្រតិបត្តិការស្វែងរក និងឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម។ ក្រោយឃាត់ខ្លួន ស្នងការខេត្តកំពង់ចាម បញ្ជាក់ថា ជនសង្ស័យបានសារភាពថា ពិតជាបានប្រព្រឹត្តសកម្មភាពដូចខាងលើពិតប្រាកដមែន។ បច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុងចងក្រងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕




