
ក្រុងកំពង់ចាម៖ ដល់រដូវទឹកឡើង អភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី៧តុលា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹកលើសត្វគោ-ក្របី ដោយឥតគិតថ្លៃ ដើម្បីការពារនូវជំងឺឆ្លងរាតត្បាតផ្សេងៗដែលតែងតែកើតមានឡើង ចំពោះសត្វពាហនៈ ស្ថិតក្នុងភូមិកកោះ ឃុំសណ្តែក ស្រុកបាធាយ...។

ក្នុងឱកាសចុះបើកយុទ្ធនាការ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យជួយផ្សព្វផ្សាយប្រាប់ដល់ប្រជាពលរដ្ឋ ដើម្បីចាក់ថ្នាំការពារទប់ស្កាត់នូវជំងឺឆ្លងលើសត្វពាហនៈ និងរាយការណ៍ អំពីស្ថានភាពជំងឺសត្វ ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាលប្រចាំស្រុក។ ក្នុងន័យនេះ លោកថា មន្ត្រីពាក់ព័ន្ធ ត្រូវចូលរួមចាក់ថ្នាំការពារដល់សត្វគោក្របីរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ចៀសវាងបង្កឱ្យមានការឆ្លងជំងឺរីករាលដាលធ្ងន់ធ្ងរ។ ក្នុងឃុំសណ្តែក ស្រុកបាធាយ មានសត្វគោចំនួន១៨៨៩ក្បាល និងក្របី១២៤៣ក្បាល ហើយសត្វដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺសារទឹកនាពេលនេះមានគោចំនួន៦១៣ក្បាល និងក្របីចំនួន៩៩១ក្បាល។ នេះបើតាមរបាយការណ៍ពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត។

ក្រៅតែពីប្រកាសប្រាប់ពលរដ្ឋពីយុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ-ក្របីឥតគិតថ្លៃនេះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ពលរដ្ឋឱ្យចូលរួមលើកកម្ពស់ការថែទាំសុខភាព រស់នៅដោយមានអនាម័យ សម្អាតថែរក្សាបរិវេណជុំវិញលំនៅឋានដែលជាកន្លែងសត្វមូសបង្កាត់ពូជ ដើម្បីការពារនូវជំងឺឆ្លងផ្សេងៗ។ មួយវិញទៀតលោក ជំរុញឱ្យពលរដ្ឋប្រញាប់ទៅមន្ទីរពេទ្យក្នុងករណីកើតមានជំងឺដង្កាត់ផ្សេងៗ ដោយមិនត្រូវទុកឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ គួរជ្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹកលើសត្វគោ-ក្របី គឺតែងតែត្រូវបានអាជ្ញាធរតធ្វើឡើង ជូនប្រជាពលរដ្ឋដោយគិតថ្លៃក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ ក្រោមកិច្ចសហការរៀបចំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម៕




