
រាជធានីភ្នំពេញ៖ កំណាត់ផ្លូវខ្លះៗលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងទិសដៅពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ នឹងត្រូវបិទគន្លងវ៉ាជែងជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១០តុលា ឆ្នាំ២០២៥ រហូតដល់ដើមឆ្នាំ២០២៦។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី៧តុលា..។

ការបិទចំណុចមួយចំនួនលើកំណាត់ផ្លូវនេះ នឹងត្រូវធ្វើឡើងចន្លោះម៉ោង៦:០០ ដល់១៨:០០ជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី១៥មករា ឆ្នាំ២០២៦។ ការបិទនេះត្រូវបានក្រុមហ៊ុនបញ្ជាក់ថា ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃផ្លូវល្បឿនលឿន គឺសាងសង់ប្រព័ន្ធស្រោចស្រពសួនពុះចែកទ្រូងផ្លូវ។ ចំពោះចំណុចគីឡូម៉ែត្រ និងគន្លងផ្លូវដែលត្រូវបិទ គឺផ្អែកទៅតាមផ្លាកសញ្ញាចរាចរណ៍ ដែលនឹងដាក់នៅទីតាំងជាក់ស្តែង។

ក្នុងន័យនេះ ក្រុមហ៊ុនផ្លូវល្បឿន អំពាវនាវដល់អ្នកដំណើរតាមទិសដៅភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់ពិនិត្យមើលផ្លាកសញ្ញា និងផ្ទាំងព័ត៌មាននៅសងខាងផ្លូវ បន្ថយល្បឿនបើកបរ និងប្តូរគន្លងបើកបរស្របតាមផ្លាកសញ្ញាចរាចរណ៍ ដែលបានចង្អុលបង្ហាញ ព្រមទាំងរក្សាគន្លាតសុវត្ថិភាពរវាងរថយន្តខាងមុខ។ មួយវិញទៀត អ្នកដំណើរទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់បុគ្គលិករដ្ឋបាល និងនគរបាលចរាចរណ៍ដែលសម្រួលចរាចរណ៍នៅនឹងកន្លែង ឆ្លងកាត់ទីតាំងសាងសង់ដោយមានសណ្តាប់ធ្នាប់ ជៀសវាងដាច់ខាតការផ្លាស់ប្ដូរគន្លងចរាចរណ៍ វ៉ាជែង ឬឈប់នៅត្រង់ចំណុចនៃទីតាំងសាងសង់៕




