មន្ត្រីជំនាញអនុញ្ញាតឱ្យរថយន្តប្រើគន្លងវ៉ាជែង ក្រោយជំនន់ទឹកភ្លៀងហូរកាត់ផ្លូវល្បឿនលឿន«ភ្នំពេញ-ព្រះសីហនុ»
អុន សម្ផស្ស
18 កញ្ញា 2024 03:45 AM

រាជធានីភ្នំពេញ៖ ក្រោយភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ជំនន់ទឹកភ្លៀងបានកើនឡើងរហូតហូរកាត់ផ្លូវល្បឿនលឿន «ភ្នំពេញ-ព្រះសីហនុ» ក្នុងស្រុកស្ទឹងហាវ ខណៈមន្ត្រីជំនាញសម្រេចឱ្យអ្នកបើកបរធ្វើដំណើរបានលើគន្លងវ៉ាជែងចន្លោះគឺឡូម៉ែត្រ K១៦៨- K១៦៩។ នេះបើយោងការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃពុធ...។

បើតាមការបញ្ជាក់របស់ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ ថ្លែងមកកាន់ SBM News ថា កាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅចន្លោះគីឡូម៉ែត្រ K១៦៨-K១៦៩ ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីទឹកហូរកាត់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ខណៈភ្លៀងកំពុងបង្អុរយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ លោក ផន រឹម បានគូសបញ្ជាក់ថា៖«១-យានយន្តអាចធ្វើដំណើរធម្មតា លើគន្លងវ៉ាជែង ដែលសម្រួលដោយនគរបាល។ ២-នេះជាករណីភ្លៀង(ធម្មជាតិ)។ ក្រុមហ៊ុនផ្លូវល្បឿនលឿនបានយកចិត្តទុកដាក់លើបញ្ហានេះដោយសម្រួលចរាចរណ៍ និងផ្តល់សារដាស់តឿងដល់អ្នកបើកបរឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសបើកបរពេលមេឃភ្លៀង ឬទឹកហូរកាត់ផ្លូវ។ ៣-មិនមានការកាត់ផ្តាច់ចរាចរណ៍ទេ។ ការធ្វើដំណើរជាប្រក្រតី គ្រាន់តែបង្កើនការប្រុងប្រយ័ត្ន»

ទោះជាយ៉ាងណា ជុំវិញករណីនេះ ជាដំណោះស្រាយចំពោះមុខពុំមានការផ្អាកចរាចរណ៍នោះទេ ពោលគឺអាជ្ញាធរអនុញ្ញាតឱ្យអ្នកដំណើរប្រើផ្លូវវ៉ាជែងបណ្តោះអាសន្នសិន។ លោក ផន រឹម បញ្ជាក់យ៉ាងដូច្នេះថា៖«កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍៍ និងសណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន បាននិងកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយអ្នកបើកបរអាចធ្វើដំណើរបានលើគន្លងវ៉ាជែង ដោយមិនមានការកាត់ផ្តាច់ចរាចរណ៍៍ឡើយ»។ ជាមួយគ្នា លោក ក៏បានអំពាវនាវដល់សាធារណជនសូមប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវបើកបរដោយប្រុងប្រយ័ត្ន និងគោរពការបញ្ជាចរាចររបស់មន្ត្រីនគរបាល និងពិនិត្យមើលផ្ទាំងLED ​ដែលក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជូនដំណឹង សារដាស់តឿន និងព័ត៌មានផ្សេងៗ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៧កញ្ញា ជំនន់ទឹកភ្លៀងបានវាយប្រហារលំនៅឋានពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងភូមិ១ និងភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ យ៉ាងណា បើតាមការព្យាករពីអាកាសធាតុកម្ពុជាបង្ហាញថា ព្យុះទី១៤ឈ្មោះ ពូលឡាសាន (Pulasan) ជាមួយនឹងវិសម្ពាធទាប ដែលកើតនៅសមុទ្ទចិនខាងត្បូង បានមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបានបក់លើសមុទ្ទអាន់ដាម៉ាន់ ឈូងសមុទ្ទថៃ ខណៈសម្ពាធទាបនៅបន្តគ្របដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និងមកលើកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ តំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្ទ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៤០ទៅ៦៥ភាគរយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត