ជនបរទេសម្នាក់ត្រូវឃាត់ខ្លួនមកធ្វើកិច្ចសន្យាក្រោយជិះម៉ូតូធំលើផ្លូវល្បឿនលឿនដោយយកជើងដាក់លើដៃចង្កូត
អុន សម្ផស្ស
03 មករា 2024 09:30 AM

រាជធានីភ្នំពេញ៖ បុរសម្នាក់ជាជនជាតិស្វីស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអប់រំណែនាំ ផាកពិន័យ និងចុះកិច្ចសន្យា ក្រោយប្រព្រឹត្តិទង្វើមិនសមរម្យដោយបើកបរម៉ូតូធំលើកជើងដាក់លើដៃចង្កូត ពេលកំពុងធ្វើដំណើរតាមបណ្តោយផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កាលពីចុងសប្តាហ៍កន្លងទៅ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បុរសជនជាតិស្វីស ដែលបានបើកបរម៉ូតូធំនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ប្រចាំការលើផ្លូវល្បឿនលឿន នាំខ្លួនមកធ្វើការអប់រំណែនាំផាកពិន័យ និងចុះកិច្ចសន្យា ក្រោយបានបើកបរម៉ូតូដោយភាពឆ្គាំឆ្គង ពោលគឺលើកជើងដាក់លើដៃចង្កូត ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯងផ្ទាល់ និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ទន្ទឹមគ្នានោះ ក្រសួងសាធារណការ ក៏បានក្រើនរំលឹកជាថ្មីអំពីលក្ខខណ្ឌនៃការប្រើប្រាស់ផ្លូវល្បឿនលឿន និងការចេញចូលគន្លងទាំង៣ ប្រភេទ នៅលើផ្លូវល្បឿនលឿនឱ្យបានត្រឹមត្រូវជួយកាត់បន្ថយការកកស្ទះ និងមិនចំណាយពេលរង់ចាំយូរ។ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា បងប្អូនអ្នកបើកបរគ្រប់រូបនៅលើគ្រប់ប្រភេទផ្លូវថ្នល់ នឹងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកម្ពុជាមានអត្រាគ្រោះថ្នាក់ និងអត្រាបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ កាន់តែតិចទៅៗ ស្របតាមផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០២១-២០៣០៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត