
រាជធានីភ្នំពេញ៖ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានបញ្ជាក់ថា ការបញ្ចុះតម្លៃ២០ភាគរយសម្រាប់ថ្លៃធ្វើដំណើរផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) នឹងបញ្ចប់នាចុងខែមេសានេះ ពោលគឺនឹងត្រឡប់តម្លៃសេវាធ្វើដំណើរមកតម្លៃដើមវិញចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង00:00នាទី។

ដោយឡែក ក្រុមហ៊ុនផ្លូវល្បឿនលឿននឹងបន្តរក្សាការបញ្ចុះតម្លៃ២០ភាគរយសម្រាប់អតិថិជន ដែលប្រើប្រាស់គន្លង ETC និង ANPR រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង២៤:00នាទី។ ហើយចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង00:00នាទី ថ្លៃសេវាធ្វើដំណើរនឹងត្រឡប់មកតម្លៃដើមវិញផងដែរ។ យ៉ាងណាមិញ ក្រោយការបញ្ចុះតម្លៃនេះហើយ តម្លៃសេវាធ្វើដំណើរនឹងវិលត្រឡប់មកតម្លៃដើមវិញដោយបែងចែកចេញជាដំណាក់កាល និងតាមគោលការណ៍។ ប៉ុន្ដែការអនុគ្រោះផ្សេងៗសម្រាប់ភ្ញៀវVIP មិនទទួលផលប៉ះពាល់ពីគោលការណ៍ខាងលើឡើយ ដោយក្រុមហ៊ុននឹងបន្តរក្សាការអនុគ្រោះតាមកិច្ចព្រមព្រៀង ដែលភាគីទាំងពីរបានចុះហត្ថលេខា។

គួររំលឹកផងដែរថា យោងតាមកិច្ចព្រមព្រៀងសម្បទានរវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនផ្លូវល្បឿនលឿន បានចែងថា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺមិនគិតថ្លៃសេវាធ្វើដំណើរចំនួនមួយខែចំពោះរថយន្តគ្រប់ប្រភេទក្នុងរយៈពេលបើកសាកល្បងខែដំបូង។ ប៉ុន្ដែបន្ទាប់មក ក្រុមហ៊ុនផ្លូវល្បឿនលឿនបានបន្តបញ្ចុះតម្លៃសេវាធ្វើដំណើរចំនួន២០ភាគរយ ចំពោះរថយន្តគ្រប់ប្រភេទក្នុងរយៈពេល១ឆ្នាំទៀត។ ជាក់ស្តែង ក្រុមហ៊ុនត្រូវគិតថ្លៃសេវាធ្វើដំណើរពេញលេញឡើងវិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣មកម្ល៉េះ ប៉ុន្តែដើម្បីថ្លែងអំណរគុណទៅដល់សង្គមជាតិ និងអតិថិជនដែលតែងតែគាំទ្រ និងប្រើប្រាស់ផ្លូវល្បឿនលឿន ជួយដល់កំណើនសេដ្ឋកិច្ច ព្រមទាំងជួយជំរុញដល់វិស័យដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនកាលនោះបានសម្រេចបន្តការបញ្ចុះតម្លៃ២០ភាគរយ ក្នុងលក្ខខណ្ឌផ្សេងៗគ្នាជូនអតិថិជនផ្លូវល្បឿនលឿន៕








