
រដ្ឋធានីប៉េកាំង៖ ធនាគារពិភពលោកកាលពីថ្ងៃអង្គារទី៧តុលា បានបង្កើនការព្យាករកំណើនឆ្នាំ២០២៥របស់ខ្លួន សម្រាប់មហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ លើសកលលោកចិនដល់៤,៨ភាគរយ កើនឡើងពី៤ភាគរយ ស្ទើរតែស្មើនឹងគោលដៅផ្លូវការរបស់រដ្ឋាភិបាលចិនចំនួន៥ភាគរយ...។

អ្នកសេដ្ឋកិច្ចមិនបានផ្តល់ហេតុផលជាក់លាក់សម្រាប់ការផ្លាស់ប្ដូរការព្យាករនោះទេ ប៉ុន្តែបានកត់សម្គាល់ថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានទទួលអត្ថប្រយោជន៍ពីការគាំទ្ររបស់រដ្ឋាភិបាល។ ភាពតានតឹងពាណិជ្ជកម្មរវាងចិន និងអាម៉េរិកបានកើនឡើងក្នុងខែមេសា ដែលពន្ធបណ្តោះអាសន្នរបស់សហរដ្ឋអាម៉េរិកលើការនាំចូលរបស់ចិនកើន លើសពី១០០ភាគរយ មុនពេលប្រទេសមានសេដ្ឋកិច្ចធំជាងគេលើលោកទាំង២ ឈានដល់កិច្ចព្រមព្រៀងផ្អាកវិធានការពន្ធ រហូតដល់ពាក់កណ្តាលខែវិច្ឆិកា។ ការនាំចេញរបស់ប្រទេសសង្គមនិយមនេះ ជាកត្តាជំរុញដ៏សំខាន់នៃកំណើន បានបន្តកើនឡើងរហូតមកដល់ពេលនេះ នៅឆ្នាំនេះ ដោយសារការនាំចេញទៅកាន់អាស៊ីអាគ្នេយ៍ និងអឺរ៉ុបបានប៉ះប៉ូវការធ្លាក់ចុះយ៉ាងខ្លាំង នៃការនាំចេញទៅកាន់អាម៉េរិក។

យ៉ាងណាមិញ ធនាគារពិភពលោករំពឹងថា នឹងមានការថយចុះនៃកំណើនផលិតផលក្នុងស្រុកសរុបឬ GDP ដល់៤,២ភាគរយនៅឆ្នាំ២០២៦ ដោយសារកំណើនការនាំចេញត្រូវបានគេរំពឹងថា នឹងថយចុះ។ ការចំណាយរបស់អ្នកប្រើប្រាស់បានបង្ហាញពីភាពទន់ខ្សោយ ដោយការលក់រាយបានកើនឡើងត្រឹមតែ៣,៤ភាគរយក្នុងខែសីហា។ ទិន្នន័យបឋមពី «សប្តាហ៍មាស» ថ្មីៗនេះក៏បានបង្ហាញពីការធ្លាក់ចុះនៃការប្រើប្រាស់ក្នុងស្រុកផងដែរ ដែលឆ្លុះបញ្ចាំងពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចកាន់តែទូលំទូលាយ ដូចជាភាពគ្មានការងារធ្វើរបស់យុវជន ការរំខានផ្នែកបច្ចេកវិទ្យា និងការផ្លាស់ប្ដូរប្រជាសាស្ត្រ។

លើសពីនេះទៀត ការធ្លាក់ចុះ១ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន ត្រូវបានគេព្យាករថា នឹងកាត់បន្ថយកំណើននៅក្នុងតំបន់កំពុងអភិវឌ្ឍផ្សេងទៀត០,៣ភាគរយ នាំឱ្យធនាគារពិភពលោកព្យាករណ៍ពីកំណើនក្នុងតំបន់ចំនួន ៤,៨ភាគរយសម្រាប់ឆ្នាំនេះ។ ទន្ទឹមនោះ របាយការណ៍ខែមិថុនាពីធនាគារពិភពលោកបានព្យាកររួចហើយថា ការថយចុះនៃកំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២៥ មកត្រឹម២,៣ភាគរយ ជាការកត់សម្គាល់កំណើនយឺតបំផុតចាប់តាំងពីឆ្នាំ២០០៨ ក្រៅពីវិបត្តិសេដ្ឋកិច្ចសកល៕



