ធនាគារពិភពលោក ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះថយមកនៅត្រឹម៣,៥ភាគរយ ខណៈថៃថយមក២ភាគរយ
S
Soriya Sou
•
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ ដោយសារកត្តាមួយចំនួន ធនាគារពិភពលោក (World Bank) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៦នេះ​ មកនៅត្រឹម៣,៥ភាគរយវិញ…។

នៅថ្ងៃ៦ ខែតុលា ឆ្នាំ២០២៦នេះ ធនាគារពិភពលោក បានចេញផ្សាយរបាយការណ៍ថ្មីចុងក្រោយ ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំឆមាសសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដោយបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងថមថយពី៥,៣ភាគរយនៅឆ្នាំ២០២៥ មកនៅត្រឹម៣,៥ភាគរយ ក្នុងឆ្នាំ២០២៦ ដោយសារការធ្លាក់ចុះយ៉ាងគំហុកនៃរំហូរប្រាក់ផ្ញើពីក្រៅប្រទេស អតិផរណាខ្ពស់ និងកំណើនឥណទានទាប ដែលទាំងអស់នេះបានដាក់សម្ពាធយ៉ាងខ្លាំងលើកម្លាំងទិញរបស់គ្រួសារ។ ដោយឡែក នៅក្នុងឆ្នាំ២០២៧ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងងើបឡើងវិញដល់៤ភាគរយ និង៥ភាគរយ ក្នុងឆ្នាំ២០២៨។

បើតាមធនាគារពិភពលោក ការងើបឡើងវិញនេះដោយសារស្ថិរភាពនៃតម្លៃថាមពល, ការស្តារឡើងវិញនៃវិស័យទេសចរណ៍ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចបានជោគជ័យរបស់ពលករចំណាកស្រុកដែលបានវិលត្រឡប់ចូលមកប្រទេសវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយ បញ្ហាអាកាសធាតុបណ្ដាលមកពីបាតុភូត អែល នីណូ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យការស្តារវិស័យកសិកម្មកម្ពុជាឡើងវិញ ក្នុងឆ្នាំ២០២៧ មានភាពយឺតយ៉ាវ។ មិនមែនកម្ពុជានោះទេ ប៉ុន្តែនៅមានប្រទេសជាច្រើនទៀតដែលត្រូវបានធនាគារពិភពលោក ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ច ជាក់ស្ដែងដូចជា៖ ថៃ ត្រូវបានទម្លាក់ការព្យាករពី២,៤ភាគរយ នៅឆ្នាំ២០២៥ មកនៅត្រឹម២ភាគរយក្នុងឆ្នាំ២០២៦, វៀតណាម ពី៨ភាគរយ មកនៅត្រឹម៧,៤ភាគរយ, ឡាវ ពី៤,៨ភាគរយ មកនៅត្រឹម៤ភាគរយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត