
ទីក្រុងមីឡាន៖ ប្រធានហិរញ្ញវត្ថុ និងធនាគារកណ្តាលអាស៊ី បានព្រមានកាលពីថ្ងៃទី៤ ខែឧសភាថា របាំងពាណិជ្ជកម្មអាចបណ្ដាលឱ្យមានការបែកបាក់នៅក្នុងសេដ្ឋកិច្ចពិភពលោក...។

មន្ត្រីមកពីប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង និងសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមពីក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅទីក្រុងមីឡានរបស់ប្រទេសអ៊ីតាលីថា៖«ការកើនឡើងនូវលទ្ធិគាំពារនិយម បានប៉ះពាល់ពាណិជ្ជកម្មពិភពលោក នឹងនាំឱ្យមានការបែកបាក់សេដ្ឋកិច្ច ប៉ះពាល់ដល់ពាណិជ្ជកម្ម ការវិនិយោគ និងរំហូរមូលធននៅទូទាំងតំបន់»។ សេចក្តីថ្លែងការណ៍នេះ កើតឡើងខណៈពន្ធថ្មីដែលបានប្រកាសដោយរដ្ឋបាលលោក ត្រាំ ក្នុងខែមេសា បានគំរាមកំហែងដល់តំបន់អាស៊ីអាគ្នេយ៍យ៉ាងខ្លាំង។ ពន្ធនាំចូលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្អាករយៈពេល៩០ថ្ងៃ មានចំនួនដល់ទៅ៤៩ភាគរយសម្រាប់ប្រទេសកម្ពុជា ៤៦ភាគរយសម្រាប់វៀតណាម និង៣៦ភាគរយសម្រាប់ប្រទេសថៃ ក្នុងចំណោមកដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។ សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ដែលជំរុញការនាំចេញនឹងស្ថិតនៅក្រោមសម្ពាធខ្លាំង ប្រសិនបើអត្រាទាំងនេះចូលជាធរមាន។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាល បានលើកឡើងរួមគ្នានៅក្នុងសេចក្តីថ្លែងការណ៍ថា៖«យើងអំពាវនាវឱ្យមានការពង្រឹងការរួបរួម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ នៅពេលដែលយើងព្យាយាមដោះស្រាយភាពមិនច្បាស់លាស់ដែលកើនឡើង។ អាទិភាពគោលនយោបាយបច្ចុប្បន្នរបស់យើង គឺដើម្បីពង្រឹងភាពធន់រយៈពេលវែង ខណៈរក្សាភាពបត់បែនក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងរយៈពេលខ្លី រួមទាំងការកើនឡើងនូវការការពារនិយម និងលក្ខខណ្ឌហិរញ្ញវត្ថុសកល»។ រដ្ឋមន្ត្រីអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើច្បាប់ មិនរើសអើង សេរី យុត្តិធម៌ បើកចំហ រួមបញ្ចូល ស្មើភាព និងតម្លាភាព ជាមួយនឹងអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក កាស៊ូណុបូ កាតុ (ភាសាជប៉ុន៖ 加藤 勝信)បានប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា អ្នកចូលរួមបានបញ្ជាក់សាជាថ្មីអំពីសារសំខាន់ នៃកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ថែមលើនោះ កិច្ចពិភាក្សានេះក៏បានបង្កើតកិច្ចព្រមព្រៀងមួយ ដើម្បីពង្រីកវិសាលភាពនៃគំនិតផ្ដួចផ្តើមឈៀងម៉ៃ ជាកម្មវិធីបង្កើតឡើងដោយប្រទេសនានាក្នុងការផ្ដល់ជំនួយរូបិយបណ្ណបរទេសក្នុងវិបត្តិហិរញ្ញវត្ថុ។ សំណាញ់សុវត្ថិភាព នឹងត្រូវបានពង្រីកដើម្បីរួមបញ្ចូលការផ្ទុះឡើងនៃជំងឺឆ្លង និងគ្រោះមហន្តរាយធម្មជាតិ។ ប្រទេសដែលប្រឈមមុខនឹងកង្វះរូបិយបណ្ណបរទេសក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ បានអំពាវនាវឱ្យពង្រីកគំនិតផ្ដួចផ្តើមឈៀងម៉ៃ ដែលប្រមូលផ្តុំសមាជិកអាស៊ាន ជប៉ុន ចិន និងកូរ៉េខាងត្បូង។ ដើម្បីបង្កើនប្រសិទ្ធភាពជំនួយ សមាជិកកំពុងពិចារណាលើការបង់វិភាគទាន មុនពេលមានវិបត្តិកើតឡើង៕



