
រាជធានីភ្នំពេញ៖ រឿងអាស្រូវមន្ត្រីគយគប់គិតគ្នាជាប្រព័ន្ធ ជាមួយក្រុមឈ្មួញលួចដឹកអង្ករដំណើបនាំចូលពីប្រទេសឡាវបំភ័ន្តតួលេខ កេងបន្លំថវិកាជាតិជាង៧០តោនមិនទាន់ស្ងប់រលត់ទៅផង ពេលនេះ រឿងអាស្រូវមន្ត្រីគយ និងក្រុមត្រួតពិនិត្យ(កបប) ផ្ទុះកក្រើកសាជាថ្មី ក្រោយស្ត្រីឈ្មួញរកស៊ីដឹកទំនិញឆ្លងដែនមានងារជាឧកញ៉ា និងមានស្វាមីជាស្នងការនគរបាលខេត្តឧត្តរមានជ័យ បានលួចនាំចូលផលិតផលសាច់បង្កកក្លាសេពីប្រទេសថៃ ហើយត្រូវបានមន្ត្រីជំនាញចេញមកបញ្ជាក់ថា គ្មានសារធាតុហាមឃាត់ ខណៈពលរដ្ឋគ្មានជំនឿជឿជាក់ និងរិះគន់ដូចទឹកបាក់ទំនប់...។

ស្ត្រីដែលមានគោរមងារជាឧកញ៉ាត្រូវបានគេស្គាល់ឈ្មោះថា អ៊ឹម សុផាន់ណារិទ្ធ ហៅ ចែទូច ជាម្ចាស់ក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ អ៊ឹមផត អ៊ិចផត ឯក មានឃ្លាំងស្តុកទំនិញនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ប៉ុន្តែក្រោយមកក៏បែកធ្លាយឃ្លាំងចំនួនពីរបន្ថែមទៀតនៅខណ្ឌមានជ័យ និងខណ្ឌព្រែកព្នៅ ដែលនាំចូលទំនិញសាច់បង្កកពីប្រទេសថៃ ចិន និងវៀតណាម។ ក្រោយផ្ទុះជម្លោះឈ្លានពានព្រំដែនកម្ពុជា យោធាថៃបានទាញទ្វាររបងព្រំដែនគោកបិទជាឯកតោភាគី ហើយគិតមកដល់ពេលនេះ ទ្វាររបងព្រំដែនគោកកម្ពុជា-ថៃ ចាប់ពីព្រំប្រទល់ខេត្តកោះកុងរហូតដល់ខេត្តព្រះវិហារ សោមិនរបើកមាត់ខ្ជាក់ដង្កាប់ចេញពីគ្នាឡើង ពោលគឺបិទជិតឈឹងតែម្ដង។ ប៉ុន្តែអ្វីដែលមហាជនកំពុងឆ្ងល់នោះ គឺទ្វាររបងព្រំដែនបិទជិតឈឹងរយៈពេល៤ខែគត់ តែហេតុអ្វីក៏ឃ្លាំងលោកស្រីឧកញ៉ា អ៊ឹម សុផាន់ណារិទ្ធ ហៅ ចែទូច ស្តុកទំនិញសាច់បង្កកមកពីថៃពេញៗឃ្លាំង?

យោងតាមមន្ត្រីជំនាញដែលមកពីស្ថាប័នគយ និងរដ្ឋាករ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានពេទ្យសត្វ និងមន្រ្តីនៃអាជ្ញាធរខណ្ឌទាំង៣ ដែលបានចុះទៅត្រួតពិនិត្យឃ្លាំងស្តុកទុកទំនិញសាច់បង្កកក្លាសេនៅខណ្ឌឫស្សីកែវ មានដូចជា៖ ជង្គង់មាន់ ស្លាបមាន់ ភ្លៅមាន់ ប្រហិត ក្បាលទា ជើងទា សាច់ជ្រូក មកពីប្រទេសថៃ និងផ្លែឈើមកពីប្រទេសចិនសរុបចំនួន២៤៤តោន ខណៈឃ្លាំងនៅខណ្ឌចំនួនពីរទៀតអាជ្ញាធររកឃើញមានចំនួនជិត១០០តោនទៀតផងដែរ។ បើតាមមន្ត្រីគយ និងមន្ត្រី កបប បញ្ជាក់ គឺរាល់ទំនិញបង្កកទាំងអស់នោះគ្មានសារធាតុគីមីហាមឃាត់ទេ ដោយអនុលោមភាពតាមរយៈប្រតិករគីមី (Test Kit) សរុបចំនួន៣៣គំរូ។

យ៉ាងណា ក្រោយសេចក្តីប្រកាសនេះចេញផ្សាយជាសាធារណៈភ្លាម មហាជនបានផ្ទុះប្រតិកម្ម និងរិះគន់មន្ត្រីជំនាញទាំងនោះដូចទឹកបាក់ទំនប់។ ម្នាក់ៗសុទ្ធតែមិនជឿថា ទំនិញបង្កកទាំងនោះគ្មានសារធាតុគីមីឡើយ ព្រោះសូម្បីតែផ្សែងពុលដែលជាអាវុធហាមឃាត់ជាអន្តរជាតិ ក៏ភាគីថៃហ៊ានបាញ់សម្លាប់យោធាកម្ពុជាដោយមិនកោតញញើតច្បាប់អន្តរជាតិដែរ រឿងអីសាច់បង្កកនាំចូលទាំងនោះ ពួកវាមិនហ៊ានដាក់ថ្នាំគីមីចាក់បញ្ចូល? ទាំងនេះជាការលើកឡើងរបស់បងប្អូនពលរដ្ឋ។ មិនត្រឹមតែដេញដោលរឿងសារធាតុគីមីទេ ពលរដ្ឋខ្មែរមួយចំនួនធំ ក៏បានស្នើឱ្យអាជ្ញាធរត្រួតពិនិត្យលើទំនិញបង្កកទាំងនោះ ថានាំចូលតាមប្រភពណា បើព្រំដែនកម្ពុជា-ថៃ បិទទ្វារ? តើមន្ត្រីគយដឹងរឿងនេះទេ? បើដឹងហើយមានចំណាត់ការបែបណា ឬគ្រាន់តែចាប់យកទៅបង់ពន្ធដូចរឿងនាំអង្ករ៨០តោន ដែលបន្លំបង់ត្រឹមតែជាងពីរតោនទៀត?

ទោះជាយ៉ាងណាក៏ដោយ បើមើលតាមសំណេររិះគន់ក្នុងប្រអប់សារនៃព័ត៌មានខាងលើ ពលរដ្ឋហាក់គ្មានជំនឿចិត្តទាល់តែសោះទៅលើតម្លាភាពរបស់មន្ត្រីគយ និងមន្ត្រី កបប ដែលពួកគេ(ប្រជាពលរដ្ឋ)ជឿថា មន្ត្រីគ្រាប់ល្ពៅទាំងនេះ មិនបានគិតដល់សុខភាពប្រជាពលរដ្ឋខ្មែរជាចម្បង ក្រៅតែពីគប់គិតគ្នាជាប្រព័ន្ធ ដើម្បីប្រព្រឹត្តិអំពើពុករលួយដល់ឆ្អឹងនោះឡើយ ដ្បិតថា ស្ត្រីមេឈ្មួញនាំចូលទំនិញបង្កកឆ្លងដែនដែលមានគោរមងារជាឧកញ៉ា ឈ្មោះថា អ៊ឹម សុផាន់ណារិទ្ធ ហៅ ចែទូច នេះ ត្រូវបានគេដឹងយ៉ាងទូលំទូលាយថា មានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយភរិយា លោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដ៏មានឥទ្ធិពលក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ ចំណែកមន្ត្រីគយដែលបានប្រព្រឹត្តិរឿងក្លែងបន្លំការបង់ពន្ធអង្ករដំណើបនាំចូលពីប្រទេសឡាវជាង៧០តោននោះ ក៏ត្រូវបានគេបង្ហើបឱ្យដឹងដែរថា មានជាប់ពាក់ព័ន្ធជាមួយមន្ត្រីគយដ៏មានឥទ្ធិពលម្នាក់ដូចគ្នាដែរ៕













