
ខេត្តព្រៃវែង៖ អាជ្ញាធរខេត្តព្រៃវែងបានប្រកាសផ្អាកចរាចរបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ៣១៣ ត្រង់ចំណុចស្ពានបេតុងអូរលាជ ស្ថិតក្នុងឃុំឈើកាច់ ស្រុកបាភ្នំ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣...។

មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានគូសបញ្ជាក់ឱ្យដឹងថា៖«បច្ចុប្បន្នស្ថានភាពស្ពានបេតុង អូរ ស្ថិតនៅលើកំណាត់ផ្លូវខេត្តលេខ៣១៣ ត្រង់ចំណុចគ.ម ១៩+០៧៥ ស្ថិតក្នុងឃុំ ឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បានទទួលរងការខូចខាតដោយមានស្នាមប្រេះបែក និងស្រុតផ្នែក កម្រាលស្ពាន ចំនួនមួយកន្លែងដើម្បីទប់ស្កាត់ការរីករាលដាលទំហំការខូចខាតស្ពានកាន់តែធ្ងន់ធ្ងរ ក៏ដូចជាចៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីរសារធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង សូមធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវនៅទីតាំងខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសាជាថ្មី»។

មន្ទីរសារធារណការ បានឱ្យដឹងបន្តទៀតថា ចំពោះផ្លូវវាងទៅមកសូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់អាចធ្វើដំណើរតាមផ្លូវជាតិលេខ១ នៅចំណុចផ្សារកអណ្ដើក ស្រុកកំពង់ត្របែក ទៅចំណុចផ្សារកំពង់សឹង ស្រុកព្រះស្តេច និងតាមផ្លូវខេត្តលេខ៣១១ ទៅផ្សារឈើកាច់ ស្រុកបាភ្នំ។ អាស្រ័យហេតុនេះ សូម ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តដើម្បីបង្ការការខូចខាតស្ពានកាន់តែធ្ងន់ធ្ងរ និងធានាដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព៕





