
ខេត្តព្រៃវែង៖ ក្រោយសង្កេតឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តមានការធ្វេសប្រហែស ទុកដាក់ម៉ូតូ កង់ និងសម្ភារម៉ាស៊ីនធ្វើកសិកម្មតាមភ្លឺស្រែ ក៏ដូចជាតាមបណ្តោយដងផ្លូវ រួចចុះទៅធ្វើស្រែឆ្ងាយៗ កម្លាំងនគរបាលខេត្តព្រៃវែង បានល្បាតការពារសន្តិសុខ និងណែនាំដល់ពលរដ្ឋ ពិសេសប្រជាកសិករឱ្យបង្កើនការប្រុងប្រយ័ត្ន...។

ផ្អែកតាមប្រភពពីស្នងការនគរបាលខេត្តព្រៃវែងបានឱ្យដឹងថា នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ក្នុងខេត្ត បានចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់តាមមូលដ្ឋាន និងចុះធ្វើការណែនាំដល់ប្រជាពលរដ្ឋ ពិសេសប្រជាកសិករ ដែលទុកម៉ូតូ និងយានជំនិះផ្សេងៗរបស់ខ្លួនចោល ដោយខ្វះការប្រុងប្រយ័ត្ន។ ក្នុងពេលចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ តាមមូលដ្ឋាន កម្លាំងបានប្រទះឃើញម៉ូតូ និងយានជំនិះផ្សេងៗរបស់ប្រជាពលរដ្ឋ បានចតទុកចោលជាច្រើនហូរហែ តាមវាលស្រែ ភ្លឺស្រែ និងនៅតាមដងផ្លូវក្បែរដីស្រែរបស់ពួកគាត់ ដោយមួយចំនួនមានការធ្វេសប្រហែសខ្លាំង។ ដូច្នេះ«កម្លាំងនគរបាលសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអ់បង្កើនការប្រុងប្រយ័ត្ន កុំបីមានការធ្វេសប្រហែសឡើយ ចំពោះការទុកដាក់យានជំនិះ ឧបករណ៍គ្រឿងម៉ាស៊ីនសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងទ្រព្យសម្បត្តិផ្សេងៗផ្សេងៗ»។ ដើម្បីជៀសវាងការបាត់បង់របស់ទ្រព្យជាយថាហេតុ៕






