ស្រូវកសិករកំពុងចេញផ្កា ផើម កួរ ១ម៉ឺនហិកតាក្នុងខេត្តព្រៃវែង ត្រូវបំផ្លាញដោយ រុយ-ស និងដង្កូវមូរស្លឹក
អុន សម្ផស្ស
15 កក្កដា 2024 04:39 AM

រាជធានីភ្នំពេញ៖ ស្រូវកសិករចំនួន១ម៉ឺនហិកតា ក្នុងខេត្តព្រៃវែង ត្រូវរងការបំផ្លាញដោយ រុយ-ស ដង្កូវមូរស្លឹក បើទោះបីជាគ្រប់ភាគីពាក់ព័ន្ធ និងកសិករផ្ទាល់ បានអន្តរាគមន៍សង្រ្គោះយ៉ាងសស្រាក់សស្រាំយ៉ាងណាក្ដី។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី១៤កក្កដា ឆ្នាំ២០២៤..។

រូបភាព៖ អគ្គនាយកដ្ឋានកសិកម្ម
រូបភាព៖ អគ្គនាយកដ្ឋានកសិកម្ម

អគ្គនាយកដ្ឋានកសិកម្មថា តាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្ត ផ្ទៃដីរងផលប៉ះពាល់ដោយការបំផ្លាញរបស់រុយ-សមានចំនួន៤១៦០៩ហិកតា ស្មើនឹង ១៧,១០ភាគរយនៃផ្ទៃដីដាំដុះ និងផ្ទៃដីដែលបានវាយតម្លៃថា ខូចប្រមាណ១ម៉ឺនហិកតា។ រហូតមកទល់ពេលនេះ គ្រប់ភាគីពាក់ព័ន្ធ និងកសិករផ្ទាល់ បានអន្តរាគមន៍សង្រ្គោះចំនួន២៣១៥៩ហិកតា ហើយផ្ទៃដីប៉ះពាល់ផ្សេងទៀត កំពុងត្រូវបានអន្តរាគមន៍យ៉ាងសស្រាក់សស្រាំពីកសិករ និងអ្នកពាក់ព័ន្ធ។ អគ្គនាយកដ្ឋានកសិកម្មសង្កត់ធ្ងន់ថា៖«តាមការចុះពិនិត្យជាក់ស្តែង និងវាយតម្លៃបឋមឃើញថា ផ្ទៃដីដែលបានរាយការណ៍ថាខូច គឺជាស្រែស្ថិតក្នុងដំណាក់កាលផើម និងចេញគួរចេញផ្កាដែលមានកម្រិតនៃការខូចខាតខុសៗគ្នា ដោយស្រែខ្លះខូច១០០ភាគរយ ស្រែខ្លះខូច៥០ភាគរយ និងស្រែខ្លះទៀតខូចប្រមាណ ៣០ភាគរយប៉ុណ្ណោះ»។

រូបភាព៖ អគ្គនាយកដ្ឋានកសិកម្ម
រូបភាព៖ អគ្គនាយកដ្ឋានកសិកម្ម

ស្ថាប័នជំនាញមួយនេះបន្ថែមថា ដោយឡែក ស្រែដែលដំណាំស្រូវស្ថិតក្នុងដំណាក់កាលបែកគុម្ព គឺទទួលរងផលប៉ះពាល់ និងខូចតិចតួច ចំណែកស្រែដែលបានអន្តរាគមន៍សង្គ្រោះរួច ស្រូវបានចាប់ផ្តើមដុះលូតលាល់ល្អឡើងវិញជាបណ្តើរៗហើយ។ ទោះជាយ៉ាងនេះក្ដី អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីកសិកម្មឃុំ ក៏បានបន្តអំពាវនាវ និងពន្យល់ណែនាំកសិករ អំពីការប្រើប្រាស់ថ្នាំកសិកម្មឱ្យត្រឹមត្រូវតាមបច្ចេកទេសប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ព្រមទាំងវិធីសាស្ដ្រវាយតម្លៃការខូចខាតដំណាំស្រូវដោយរុយ-ស និងដង្កូវមូរស្លឹក។

រូបភាព៖ អគ្គនាយកដ្ឋានកសិកម្ម
រូបភាព៖ អគ្គនាយកដ្ឋានកសិកម្ម

បើតាមការបញ្ជាក់របស់ អគ្គនាយកដ្ឋានកសិកម្ម ជារួមស្ថានការណ៍នៃកិច្ចអន្តរាគមន៍កម្ចាត់រុយ-សពេលនេះ កំពុងស្ថិតក្នុងស្ថានភាពធូរស្រាលជាបណ្តើរៗ ដោយប្រជាករ របស់សត្វរុយ-សមានការថមថយជាងមុន ដោយសារមានកិច្ចអន្តរាគមន៍យ៉ាងសស្រាក់សស្រាំពីកសិករ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ។ បន្ថែមពីនេះ ក្រុមការងារជំនាញ នឹងបន្តជំរុញកិច្ចអន្តរាគមន៍កម្ចាត់រុយ-ស និងដង្កូវមូរស្លឹកជាមួយអ្នកពាក់ព័ន្ធ ព្រមទាំងបំផុសចលនាបង្កើនការចូលរួមពីកសិករម្ចាស់ស្រែឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅគ្រប់គ្រងបានទាំងស្រុង។

រូបភាព៖ អគ្គនាយកដ្ឋានកសិកម្ម
រូបភាព៖ អគ្គនាយកដ្ឋានកសិកម្ម

គួរជម្រាបថា គិតត្រឹមថ្ងៃទី១៤កក្កដា ឆ្នាំ២០២៤ ការបំផ្លាញដំណាំស្រូវរបស់សត្វល្អិតចង្រៃដូចជា ដង្កូវហ្វូង រុយ-ស និងដង្កូវមូរស្លឹកជាង៥ម៉ឺនហិកតា នៅក្នុងខេត្តចំនួន៥ ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែការរាតត្បាតបំផ្លាញរបស់ពពួកសត្វចង្រៃទាំងនោះ ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន មិនទាន់ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភទេ។ នេះបើតាម ឯកឧត្តម ងិន ឆាយ ប្រតិភូររាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បញ្ជាក់លើផេកផ្លូវការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

រូបភាព៖  ឯកឧត្តម ងិន ឆាយ ប្រតិភូររាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម
រូបភាព៖  ឯកឧត្តម ងិន ឆាយ ប្រតិភូររាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម
រូបភាព៖ អគ្គនាយកដ្ឋានកសិកម្ម
រូបភាព៖ អគ្គនាយកដ្ឋានកសិកម្ម
រូបភាព៖ អគ្គនាយកដ្ឋានកសិកម្ម
រូបភាព៖ អគ្គនាយកដ្ឋានកសិកម្ម
រូបភាព៖ អគ្គនាយកដ្ឋានកសិកម្ម
រូបភាព៖ អគ្គនាយកដ្ឋានកសិកម្ម
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត