សម្តេចតេជោ ប្រាប់ពលរដ្ឋឱ្យប្រញាប់ប្តូរប្រាក់«បាតថៃ»ចេញ ព្រោះជាចំណុចដែលថៃអាចគំរាមកម្ពុជា
អុន សម្ផស្ស
06 តុលា 2025 08:00 AM

រាជធានីភ្នំពេញ៖ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន អំពាវនាវ និងជំរុញឱ្យពលរដ្ឋខ្មែរប្រញាប់ប្តូរប្រាក់បាតថៃ មកជាប្រាក់រៀល ឬប្រាក់ដុល្លារ ដើម្បីបង្ការការខាតបង់ធ្ងន់ធ្ងរនាពេលខាងមុខ។ ទន្ទឹមគ្នានោះ សម្តេចថែមទាំងប្រាប់ពលរដ្ឋខ្មែរថា បើឈឺចាប់នឹងទង្វើថៃ មិនចូលចិត្តថៃ ត្រូវបញ្ឈប់ការទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀត ដើម្បីពង្រឹងឯករាជ្យភាពរូបីយវត្ថុរបស់ជាតិ...។

នៅម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ដោយប្រតិកម្មទៅនឹងវីដេអូមួយដែលថៃយករូបថតសម្តេច ព្យួរលើជញ្ជាំបាញ់យករង្វាន់ ដោយក្នុងវីដេអូនោះ មានទាហានម្នាក់ កាន់កាំភ្លើងវែងជាកាំភ្លើងជ័រ បាញ់លើរូបសម្តេច។ ភ្ជាប់ជាមួយវីដេអូនោះ សម្តេចតេជោបានចោទជាសំណួរថា៖«នេះឬជាជនជាតិស៊ីវិល័យ មានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់?»។ ប្រមុខរដ្ឋស្តីទី ថែមទាំងបញ្ជាក់ថា មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញពីអំពើអាក្រក់ទាំងអស់ មិនថាជនជាតិណា ឬក្រុមណានោះទេ។ សម្តេចប្រធានព្រឹទ្ធសភា ថែមទាំងលើកឡើងថា កន្លងទៅមានពលរដ្ឋខ្មែរមួយចំនួនបានស្នើសុំទៅសម្តេច ដើម្បីយករូបថត ឬព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រថៃ ព្យួរ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើលើសម្តេចដូចគ្នា តែសម្តេចមិនយល់ព្រម។

សម្តេច ប្រាប់ពលរដ្ឋថា៖«[..] បើយល់ថា គេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត»។ សម្តេច មើលឃើញថា ចេតនាអ្នកបង្កើតវីដេអូនេះនៅក្នុងប្រទេសថៃ គឺចង់ឃើញសម្តេច បាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ ញុះញង់ឱ្យកងទ័ព និងប្រជាជនខ្មែរមួយចំនួនតបតតាមរបៀបបង្កអរិយភាព។ ក្នុងន័យនេះ សម្តេចប្រធានព្រឹទ្ធសភា អំពាវនាវដល់ជនរួមជាតិកុំយកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឱ្យសោះ។

សម្តេចតេជោ លើកឡើងថា ទោះជាប្រទេសកម្ពុជាតូច ប្រជាជនមានចំនួនតិច សេដ្ឋកិច្ចទន់ខ្សោយ តែប្រជាជនកម្ពុជាមិនត្រូវខ្សោយខាងសីលធម៌ឡើយ ហើយត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។ បន្ទាប់មក សម្តេច ក៏បន្ថែមសារក្នុងន័យដាស់ស្មារតីប្រជាជនថា៖«ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង ឯករាជ្យភាពខាងរូបីយវត្ថុរបស់ជាតិយើង» សម្តេច អំពាវនាវថា«[..]ខ្ញុំចង់ជំរាបទៅបងប្អូន ពិសេសបងប្អូននៅជិតព្រំដែនថៃ សូមប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខ បងប្អូន នឹងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយ ដែលគេគំរាម ដូចករណីអគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈ កាលពីពេលមុន។ ឈប់ប្រើប្រាក់បាត មកប្រើប្រាក់រៀល គឺជួយពង្រឹងរូបិយវត្ថុរបស់ជាតិយើង[..]»

ជាថ្មីម្តងទៀត សម្តេចនៅតែអំពាវនាវដល់ពលរដ្ឋខ្មែរកុំឱ្យធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅ ធ្វើការ ឬរកស៊ីនៅកម្ពុជា។ សម្តេចជឿជាក់ថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ សម្តេចបានប្រាប់ទៅប្រជាជនថៃ ដែលធ្លាប់លក់ទំនិញមកកម្ពុជាកុំឱ្យខឹងកម្ពុជា ដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ពេលនេះ ព្រោះមិនមែនជាកំហុសរបស់កម្ពុជាឡើយ។ សម្តេចរំលេចបន្ថែមថា មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជា ថាកំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់។ ចំណុចនេះ សម្តេច បញ្ជាក់ច្បាស់ថា កម្ពុជាមានតែអរគុណអ្នកដឹកនាំថៃ ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជា ធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វែលុយនេះ មកទិញទំនិញក្នុងស្រុក ដែលធ្វើឱ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភា លើកឡើងថា កម្ពុជា មិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារទេ គឺយកលុយទៅទិញ ដូច្នេះអ្នកដឹកនាំថៃកុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត