អ្នកតាមដានចាត់ទុកសំណើសមាជិកព្រឹទ្ធសភាថៃ ចង់រំលាយមិត្តភាពជាមួយកម្ពុជា មិនមែនជារឿងសំខាន់ជាងដែនអធិបតេយ្យភាពខ្មែរ
S
Soriya Sou
12 ម៉ោងមុន

រាជធានីភ្នំពេញ៖ អ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គមចំនួន២រូប បានចាត់ទុកការស្នើរបស់សមាជិកព្រឹទ្ធសភាថៃម្នាក់ទៅប្រធានរដ្ឋសភាថៃ ទាមទារឱ្យរំលាយក្រុមមិត្តភាពសភាថៃ-កម្ពុជា ចោល មិនមែនជារឿងសំខាន់ទៀតទេ ព្រោះទំនាក់ទំនងដែលថៃមានលើកកម្ពុជា ជាទំនាក់ទំនងមិនស្មោះត្រង់ស្រាប់ទៅហើយ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់កម្ពុជា នាពេលនេះ គឺការការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីរបស់ខ្លួន ទាំងដែនគោក ដែនទឹក ឱ្យបានគង់វង្ស...។

ថ្មីៗនេះ សមាជិកព្រឹទ្ធសភាថៃម្នាក់គឺលោក បរិញ្ញា វង្សឆើតខ្វាន់ (ปริญญา วงษ์เชิดขวัญ) បានដាក់ញត្តិទៅកាន់ប្រធានរដ្ឋសភា ទាមទារឱ្យរំលាយក្រុមមិត្តភាពសភាថៃ-កម្ពុជា ចោលភ្លាមៗ ក្រោមហេតុផលមានបញ្ហាសន្តិសុខជាតិ។ ក្រៅពីទាមទារឱ្យរំលាយក្រុមមិត្តភាពសភាថៃ-កម្ពុជា សមាជិកព្រឹទ្ធសភារូបនេះ ក៏បានជំរុញឱ្យរដ្ឋាភិបាលថៃ កាត់ផ្តាច់ និងបង្កកជំនួយសំខាន់ៗស្ទើររតែទាំងអស់ដែលផ្តល់ឱ្យកម្ពុជា រួមមាន៖ ការស្នើមិនឱ្យសិស្សកម្ពុជាជាង៥០០នាក់ ឆ្លងដែនចូលទៅរៀននៅក្នុងប្រទេសថៃ, លុបឈ្មោះកម្ពុជាចេញពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលថៃ ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ព្រមទាំងការកាត់បន្ថយថវិកាជំនួយអប់រំសម្រាប់កុមារកម្ពុជាដែលស្នាក់នៅក្នុងប្រទេសថៃ, ផ្អាករាល់សេវាសុខាភិបាលតាមព្រំដែន ដូចជាការផ្ដល់វ៉ាក់សាំង និងអាហារូបត្ថម្ភដល់ពលរដ្ឋកម្ពុជា ដែលបម្លាស់ទី រួមទាំងការបង្កកគម្រោងតភ្ជាប់ប្រព័ន្ធអគ្គិសនី និងទឹកស្អាតឆ្លងដែនផងដែរ។

លោក បរិញ្ញា វង្សឆើតខ្វាន់ ជាសមាជិកព្រឹទ្ធសភាថៃ
លោក បរិញ្ញា វង្សឆើតខ្វាន់ ជាសមាជិកព្រឹទ្ធសភាថៃ

ជុំវិញករណីនេះ ការីនិពន្ធព័ត៌មានអង្គភាពព័ត៌មាន SBM News មិនទាន់អាចសុំការយល់ឃើញពីអ្នកនាំពាក្យប្រធានរដ្ឋសភាកម្ពុជាបានទេ គិតត្រឹមរសៀលថ្ងៃទី៩ ខែមិថុនា ដោយទូរសព្ទខលចូលពុំមានអ្នកទទួល។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គម បានបង្ហាញទស្សនៈផ្ទាល់ខ្លួន ដោយយល់ឃើញថា ករណីនេះ មិនមែនជារឿងសំខាន់អ្វីនោះទេ។ ​​​លោក សេក សុជាតិ អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយ បានថ្លែងថា វាជាសេរីភាពរបស់ប្រទេសថៃ ហើយលោកចាត់ទុកការស្នើរំលាយក្រុមមិត្តភាពសភាថៃ-កម្ពុជាចោល និងកាត់ផ្ដាច់ជំនួយដែលភាគច្រើនផ្ដល់ឱ្យកុមារ និងនិស្សិត គឺដើម្បីចង់ដាក់សម្ពាធបន្ថែមលើកម្ពុជា។ លោកអះអាងថា៖«សម្រាប់ខ្ញុំ យល់ថាមិនសំខាន់ទេ ពីព្រោះបូរណភាពទឹកដី ដែនអធិបតេយ្យភាពកម្ពុជាទាំងដែនទឹក ដែនគោក គឺជារឿងសំខាន់ជាងជំនួយ ឬក៏ទំនាក់ទំនងដែលគ្មានភាពស្មោះត្រង់ទាំងអស់នេះ! ខ្ញុំនៅតែបង្ហាញនូវឆន្ទៈមួយ ថា ទោះបីជាគ្មានថៃ ក៏កម្ពុជាអាចធ្វើទៅបានដោយខ្លួនឯង ហើយចំពោះនិស្សិត ឬកូនសិស្សរបស់កម្ពុជា ក៏អាចរៀននៅក្នុងស្រុកបាន និងអាចទទួលអាហារូបករណ៍ពីរាជរដ្ឋាភិបាលដើម្បីផ្លាស់ប្ដូរទៅប្រទេសផ្សេងៗ»។

លោក សេក សុជាតិ អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយ
លោក សេក សុជាតិ អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយ

លោក បរិញ្ញា វង្សឆើតខ្វាន់ ជាសមាជិកព្រឹទ្ធសភាថៃមួយរូប ដូច្នេះ ការស្នើឡើងបែបនេះ បានសេចក្ដីថា ភាគីថៃមិនមានចេតនាស្ដារទំនុកចិត្ត ឬទំនាក់ទំនងជាមួយកម្ពុជាឡើងវិញទេ។ នេះជាការយល់ឃើញរបស់លោកបណ្ឌិត គិន ភា អ្នកជំនាញភូមិសាស្ត្រនយោបាយ ថ្លែងប្រាប់ SBM News។ លោកបណ្ឌិត គិន ភា មានប្រសាសន៍ថា៖ « សមាគមមិត្តភាពខ្មែរ-ថៃ មិនដំណើរការ បើសូម្បីតែមន្រ្តីទូតនៃប្រទេសទាំងពីរ ក៏ត្រូវបានហៅទៅប្រទេសរៀងខ្លួនវិញ អ៊ីចឹងខ្ញុំគិតថា វាអត់មានអីធ្ងន់ធ្ងរជាងស្ថានភាពបច្ចុប្បន្ន [ថៃឈ្លានពានកម្ពុជា ហើយបាននិងកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់] ដែលកំពុងមាននោះទេ»។ លោកបន្ថែមថា ករណីជំនួយ ឬក៏ទំនាក់ទំនងខ្លះដែលមានពីមុនមក ហើយថៃមកកាត់ផ្ដាច់នាពេលនេះ គឺស្មើនឹងការយកបញ្ហាព្រំដែនទៅជាចំណាប់ខ្មាំងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជុំវិញបញ្ហានេះ លោកបានជំរុញឱ្យនិស្សិត សិស្សអាហារូបករណ៍ដែលទៅរៀននៅប្រទេសថៃ គួរពិចារណាវិលត្រឡប់មកប្រទេសវិញ ខណៈរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធត្រូវដោះស្រាយជូនពួកគាត់។

លោកបណ្ឌិត គិន ភា អ្នកជំនាញភូមិសាស្រ្តនយោបាយ 
លោកបណ្ឌិត គិន ភា អ្នកជំនាញភូមិសាស្រ្តនយោបាយ 

មុនពេលមានការឈ្លានពានពីប្រទេសថៃ និស្សិតកម្ពុជាដែលសិក្សានៅប្រទេសថៃមានចំនួនប្រមាណ១៧០០នាក់ ​ក្នុងនោះមាននិស្សិតអាហារូបករណ៍ប្រមាណជាង៤០០នាក់។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឃួន វិច្ឆិកា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ ប្រាប់ SBM News តាមប្រព័ន្ធតេឡេក្រាម នៅរសៀលថ្ងៃទី៩មិថុនា។ លោកស្រីបន្ថែមថា កន្លងមក និស្សិតស្ទើរទាំងអស់បានវិលត្រឡប់មកកម្ពុជាវិញ ដោយក្រសួងអប់រំបានសម្របសម្រួលផ្តល់អាហារូបករណ៍ឱ្យពួកគាត់ចំនួន៩ លើក។ ដោយឡែក ចំនួនតិចតួចដែលនៅសល់ គឺនិស្សិតដែលកំពុងសិក្សានៅឆ្នាំចុងក្រោយដែលត្រូវបញ្ចប់ការសិក្សា។ អ្នកនាំពាក្យអប់រំអះអាងថា មកដល់ពេលនេះ ក្រសួងនៅមិនទាន់បានទទួលការបញ្ជាក់ជាផ្លូវការណាមួយពីរាជរដ្ឋាភិបាលថៃនៅឡើយ ខណៈបច្ចុប្បន្នក្រសួងនៅតែបន្តធ្វើការជិតស្និទ្ធ ដើម្បីតាមដានពីសុខទុក្ខ និងសុវត្ថិភាពរបស់និស្សិតកម្ពុជានៅប្រទេសថៃ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត