
រាជធានីភ្នំពេញ៖ ក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស លោក អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើបទអន្តរាគមន៍ឆ្លើយតបទៅនឹងបទបង្ហាញរបាយការណ៍របស់ឧត្ដមស្នងការសិទ្ធិមនុស្ស (OHCHR) និងអង្គលេខាធិការថា សិទ្ធិមនុស្សមិនអាចមានបានទេ ប្រសិនបើសន្តិភាពត្រូវបានបំផ្លាញ…។

ក្នុងបទអន្តរាគមន៍កាលពីថ្ងៃទី៣តុលា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយនៅល្ងាចថ្ងៃទី៥តុលា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានប្រកាសស្វាគមន៍ចំពោះការអំពាវនាវរបស់ OHCHR ឱ្យរក្សាបទឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកសង្កត់ធ្ងន់ថា សម្រាប់កម្ពុជា សន្តិភាពមិនមែនជាគំនិតអរូបីទេ ប៉ុន្តែជាការតស៊ូប្រចាំថ្ងៃ ដើម្បីការពារសហគមន៍តាមព្រំដែនពីការផ្លាស់ទីលំនៅដោយបង្ខំ ការឡោមព័ទ្ធភូមិ ការរឹបអូសទ្រព្យសម្បត្តិ និងការគំរាមកំហែងនៃការបណ្តេញចេញ ដែលទង្វើទាំងនេះជាការបំពានសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌បង្កគ្រោះថ្នាក់ដល់ការផ្សះផ្សា។ «ដូច្នេះ ការគោរពបទឈប់បាញ់ គឺជាការការពារលក្ខខណ្ឌដំបូងនៃសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រោះសិទ្ធិមនុស្សមិនអាចមានបានទេ បើសន្តិភាពត្រូវបានបំផ្លាញ»។

បើតាមលោក អ៊ិន តារា ការប្តេជ្ញាចិត្តរបស់កម្ពុជា មិនមែនគ្រាន់តែជាពាក្យសម្ដីនោះទេ ដោយកម្ពុជាជាភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សសំខាន់ៗស្ទើរតែទាំងអស់ និងបន្តកែសម្រួលច្បាប់ជាតិស្របជាមួយនឹងស្ដង់ដារអន្តរជាតិ ដោយមានជំនួយបច្ចេកទេសពី OHCHR។ កម្ពុជាមិនអះអាងថា ខ្លួនល្អឥតខ្ចោះទេ ប៉ុន្តែអះអាងពីវឌ្ឍនភាពដែលកម្ពុជាបានស្តារស្ថាប័នក្រោយសង្គ្រាម ធានាស្ថិរភាព សម្អាតមីនរាប់លានគ្រាប់ កាត់បន្ថយភាពក្រីក្រ និងពង្រីកការអប់រំនិងសុខាភិបាល។ លោកបន្ថែមថា កម្ពុជាប្ដេជ្ញាបន្តចូលរួមដោយបើកចំហជាមួយ OHCHR ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងដៃគូទាំងអស់ ក្នុងស្មារតីនៃការសន្ទនា និងសហប្រតិបត្តិការដ៏ពិតប្រាកដ ហើយកម្ពុជានៅតែប្តេជ្ញាដាច់ខាតចំពោះសន្តិភាពជាមូលដ្ឋាននៃសិទ្ធិការអភិវឌ្ឍជាមធ្យោបាយនៃសេចក្តីថ្លៃថ្នូរ និងការអនុវត្តសិទ្ធិមនុស្សទាំងអស់ដោយពេញលេញសម្រាប់ប្រជាជន៕



