
រាជធានីភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បង្ហាញការងឿងឆ្ងល់ផង និងការមិនយល់ផង ចំពោះសហគមន៍អន្តរជាតិខ្លះ ដែលនៅតែមើលមកកម្ពុជាក្នុងផ្លូវអវិជ្ជមាន។ ម្ល៉ោះហើយ លោក ក៏ចោទសួរថា តើចង់ផ្តល់គំរូអ្វីពិតប្រាកដ ឱ្យកម្ពុជាដើរតាម? ចំណែកការរិះគន់របស់សហគមន៍អន្តរជាតិលើអាជ្ញាធរកម្ពុជា ដែលចាត់វិធានការច្បាប់លើមនុស្សមួយចំនួន ត្រូវលោកចោទសួរថា តើប្រទេសណា មានលម្ហសម្រាប់មនុស្សបំពានច្បាប់?

កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សហភាពអឺរ៉ុប បានចេញសេចក្ដីថ្លែងការណ៍មួយ បង្ហាញក្ដីកង្វល់ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ ជាមួយគ្នានេះ សហភាពអឺរ៉ុប បានថ្កោលទោសចំពោះការបន្តចាប់សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន រួមទាំងអ្នកកាសែត។ ក្នុងសេចក្ដីថ្លែងការណ៍ សហភាពអឺរ៉ុប បានរំលេចឈ្មោះ លោក ម៉ិច ដារា ជាអ្នកកាសែតខ្មែរម្នាក់ ដែលទើបនឹងត្រូវបានចាប់ខ្លួននាពេលថ្មីៗនេះ ពីបទញុះញង់។ សហភាពអឺរ៉ុប ស្នើឱ្យអាជ្ញាធរកម្ពុជាដោះលែងសកម្មជន និងអ្នកកាសែតឱ្យមានសេរីភាពវិញ ដោយគ្មានលក្ខខណ្ឌ។

តាមរយៈសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីយប់ថ្ងៃទី៨ ខែតុលា លោក ប៉ែន បូណា ក្រៅពីចោទសួរសំណួរទាំងពីរខាងលើហើយ លោក ក៏លើកឡើងក្នុងន័យបែបហួសចិត្តថា គ្រាន់តែចាត់វិធានការផ្លូវច្បាប់លើមនុស្សមួយចំនួនតូច ដែលប៉ុនប៉ងបង្កចលាចលសង្គម បែរជា (បរទេស) ថ្កោលទោសអំពីការរឹតត្បិតសេរីភាព និងការរំលោភសិទ្ធិមនុស្ស។ បន្ទាប់មក លោក ចោទសួរទៀតថា តើចង់ឱ្យខ្មែររស់ក្នុងសន្តិភាព ឬក្នុងភ្លើងសង្គ្រាម? អ្នកនាំពាក្យរូបនេះ ការពាររាជរដ្ឋាភិបាលកម្ពុជាថា បានរំដោះប្រជាជនខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ ហើយនាំប្រទេសមកដល់សម័យកាលសម្បូរសប្បាយដូចបច្ចុប្បន្ន។ លោកប្រាប់ទៅសហគមន៍អន្តរជាតិយ៉ាងដូច្នេះថា៖«កម្ពុជាឈានឆ្ពោះទៅមុខជានិច្ច មិនបែរថយក្រោយឡើយ»។

លោក ប៉ែន បូណា មិនមែនគ្រាន់តែបង្ហោះសារនោះទេ លោកក៏ភ្ជាប់រូបភាពមួយចំនួនមកជាមួយដែរ គឺរូបភាពបង្ហាញពីសង្គ្រាមដែលកំពុងកើតមាននៅប្រទេសដទៃ និងរូបភាពបង្ហាញការរីកចម្រើននៅកម្ពុជា នាសម័យបច្ចុប្បន្ន។ ក្នុងសារដដែលនោះ លោក រំលេចឱ្យឃើញថា កម្ពុជាកំពុងឆ្ពោះទៅរកអនាគតដ៏រុងរឿងនាឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ដាក់ទិសដៅធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ ហើយនឹងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ ក្នុងឆ្នាំ២០៥០ ខណៈបច្ចុប្បន្ន កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតទាប៕



