
រដ្ឋធានីសេអ៊ូល៖ ក្រុមសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅរដ្ឋធានីសេអ៊ូលបានអះអាងនៅថ្ងៃទី៣១ ខែតុលាថា ជនជាតិកូរ៉េខាងជើងជាង១០០នាក់បានបាត់ខ្លួន បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយប៉ូលិសសម្ងាត់កូរ៉េខាងជើង ក្រោយពួកគេកំពុងព្យាយាមរត់គេចពីប្រទេសឯកោមួយនេះ។

ក្រុមការងារយុត្តិធម៌អន្តរកាល(TJWG)កូរ៉េខាងត្បូង បានចេញផ្សាយរបាយការណ៍លម្អិតដោយកំណត់អត្តសញ្ញាណមនុស្សចំនួន ១១៣នាក់ក្នុងសំណុំរឿងបាត់ខ្លួនចំនួន៦៦លើក។ ក្នុងចំណោម១១៣នាក់ មាន៨០ឬ៩០ភាគរយត្រូវបានចាប់ខ្លួននៅខាងក្នុងប្រទេសកូរ៉េខាងជើង និងនៅសេសសល់ក្នុងប្រទេសចិន ឬរុស្ស៊ី ដែលមានប្រហែល ៣០ភាគរយនៃការបាត់ខ្លួន ចាប់តាំងពីមេដឹកនាំ គីម ជុងអ៊ុន ឡើងកាន់អំណាចនៅចុងឆ្នាំ២០១១។ ស្ទើរតែ ៤០ភាគរយនៃពួកគេបានបាត់ខ្លួន បន្ទាប់ពីបានព្យាយាមភៀសខ្លួនចេញពីប្រទេស ខណៈ ២៦ភាគរយបានទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម ហើយជិត ៩ភាគរយត្រូវបានគេចោទប្រកាន់ថា មានទំនាក់ទំនងជាមួយអ្នកដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ឬប្រទេសផ្សេងទៀត។ ជាង៨១ភាគរយ បានបាត់ខ្លួនបន្ទាប់ពីត្រូវបានបញ្ជូននិងឃុំខ្លួនដោយក្រសួងសន្តិសុខរដ្ឋ(MSS)កូរ៉េខាងត្បូង។ នេះបើយោងតាមរបាយការណ៍ដដែល។

លោក កាង ជឹងយុន (Kang Jeong-hyun) នាយកកម្មវិធីអនុបណ្ឌិតនៅក្នុងនាយកដ្ឋានមួយបានលើកឡើងថា របាយការណ៍នេះមានគោលបំណងគូសបញ្ជាក់ពីការបាត់ខ្លួនដោយបង្ខំដែលប្រព្រឹត្តដោយរបបផ្តាច់ការលោក គីម ខណៈឧក្រិដ្ឋកម្មឆ្លងដែនក៏ពាក់ព័ន្ធនឹងប្រទេសចិន និងរុស្ស៊ីផងដែរ។ ជាមួយគ្នានេះ អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្សរហូតដល់ ២0ម៉ឺននាក់ត្រូវបានឃុំខ្លួនដែលគ្រប់គ្រងដោយ MSS ខណៈពួកគេភាគច្រើនត្រូវចាប់ខ្លួនជុំវិញហេតុផលនយោបាយ។ របាយការណ៍របស់គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិឆ្នាំ២០២៤ បានបង្ហាញថា អ្នកទោសប្រឈមនឹងការធ្វើទារុណកម្ម ការចាប់រំលោភ បង្ខំឱ្យធ្វើការទាំងភាពអត់ឃ្លាន និងការប្រព្រឹត្តដោយអមនុស្សធម៌ផ្សេងទៀត។

គួរជម្រាបថា រដ្ឋធានីព្យុងយ៉ាងបានថ្កោលទោសអ្នករត់ភៀសខ្លួន ហើយលោក គីម បានរឹតបន្តឹងការគ្រប់គ្រងព្រំដែនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ សមាគមកូរ៉េខាងជើងសម្រាប់ការសិក្សាសិទ្ធិមនុស្សក្នុងខែនេះបានច្រានចោលរបាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីការរំលោភសិទ្ធិមនុស្សរបស់ខ្លួន រួមទាំងការបាត់ខ្លួនដោយបង្ខំជា «ការប្រឌិត និងការគប់គិតគ្នា»ដោយលោកខាងលិចដើម្បីបង្កើនការប្រឈមមុខដាក់គ្នា និងធ្វើឱ្យខូចមុខមាត់របស់ប្រទេសកូរ៉េខាងជើង។ គួរបញ្ជាក់ថា ប្រជាជនកូរ៉េខាងជើងរាប់ម៉ឺននាក់បានភៀសខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍ចាប់តាំងពីសង្គ្រាមកូរ៉េបានបញ្ចប់នៅឆ្នាំ១៩៥៣ ជាមួយនឹងបទឈប់បាញ់អន្តរកូរ៉េ ដោយអ្នកទាំងនោះភាគច្រើនត្រូវបានចាប់ខ្លួន ឬធ្វើមាតុភូមិនិវត្តន៍ទៅកាន់ជំរំពន្ធនាគារ ឬកន្លែងឃុំឃាំងផ្សេងទៀត មុនពេលត្រូវបានដោះលែង៕




