លោក ប៉ែន បូណា សួររកមុខ៖ នរណាធ្វើកិច្ចការផ្នែកសិទ្ធិមនុស្សជាងបក្សប្រជាជន ចេញមក?
Mao Sopha
23 តុលា 2024 10:47 AM

រាជធានីភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ហាក់មិនជឿសោះឡើយថា នៅកម្ពុជា អាចមាននរណាផ្សេង ធ្វើកិច្ចការពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធិមនុស្សលើស សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ជាគណបក្សដឹកនាំរាជរដ្ឋាភិបាល។ ក្នុងវីដេអូឃ្លីបមួយ ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា ចោទសួរក្នុងន័យចង់ឃើញមុខយ៉ាងដូច្នេះថា៖«តើនរណា ដែលបានធ្វើរឿងសិទ្ធិមនុស្សសំខាន់ជាងសម្តេច តេជោហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា? សូមចេញមុខមក និយាយឱ្យខ្ញុំស្តាប់» ហើយលោកក៏ឆ្លើយខ្លួនឯឯថា «អត់មានទេ»

លោក ប៉ែន បូណា ចូលរួមធ្វើបទបង្ហាញក្នុងកម្មវិធីមួយកាលពីដើមខែតុលា ឆ្នាំ២០២៤។ 
លោក ប៉ែន បូណា ចូលរួមធ្វើបទបង្ហាញក្នុងកម្មវិធីមួយកាលពីដើមខែតុលា ឆ្នាំ២០២៤។ 

លោក ប៉ែន បូណា បានរម្លឹកស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរំដោះជីវិតប្រជាពលរដ្ឋខ្មែរចេញពីសង្គ្រាម ដោយលោកចាត់ទុកការរំដោះជីវិតនេះ ថាជាសិទ្ធិមូលដ្ឋានដ៏សំខាន់សម្រាប់មនុស្ស។ ចំពោះអ្នកនាំពាក្យរូបនេះ ការផ្ដល់សុខសន្តិភាព ការទប់ស្កាត់មិនឱ្យសង្គ្រាមវិលមកវិញ និងការអភិវឌ្ឍឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ សុទ្ធសឹងជាសិទ្ធិមនុស្ស។ លោកបន្តថា ការដាក់ទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដើម្បីលើកតម្កើងសិទ្ធិរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ក៏ជាសិទ្ធិមនុស្សដែរ។

ប្រជាពលរដ្ឋ ឡើងបញ្ចេញមតិ ពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៥ ក្នុងឆ្នាំ២០២៣ ដែលរៀបចំឡើងដោយអង្គការសង្គមស៊ីវិល (រូបពី សមាគមធាងត្នោត)។ 
ប្រជាពលរដ្ឋ ឡើងបញ្ចេញមតិ ពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៥ ក្នុងឆ្នាំ២០២៣ ដែលរៀបចំឡើងដោយអង្គការសង្គមស៊ីវិល (រូបពី សមាគមធាងត្នោត)។ 

ក្នុងវីដេអូខាងលើ លោក ប៉ែន បូណា បកស្រាយជុំវិញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្របពេលខួប៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រមួយនេះ បានមកដល់ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បកស្រាយជាហូរហែពីរឿងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយការបកស្រាយរបស់លោកក៏ឈានដល់រឿងសិទ្ធិមនុស្សផងដែរ។ ជាមួយគ្នានេះ លោកបានទៅចូលរួមធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាជាមួយទូរទស្សន៍ប៊ីធីវី (BTV) លើប្រធានបទស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ត្រង់ឃ្លីបមួយក្នុងកិច្ចពិភាក្សា លោក បានចោទសួរម្ដងទៀត ដូចគ្នាបេះបិទ ទៅនឹងសំណួរដែលលោកចោទសួរក្នុងវីដេអូបង្ហោះ ដោយអង្គភាពរាជរដ្ឋាភិបាល។

លោក ប៉ែន បូណា (កណ្តាល) ស្ថិតក្នុងកិច្ចពិភាក្សាជាមួយប៊ីធីវី។ 
លោក ប៉ែន បូណា (កណ្តាល) ស្ថិតក្នុងកិច្ចពិភាក្សាជាមួយប៊ីធីវី។ 

«ខ្ញុំចោទសួរម្ដងហើយម្ដងទៀត នរណាគេដែលធ្វើរឿងសិទ្ធិមនុស្សធំជាងគេ ប្រៀបបាននឹងសម្តេចតេជោ ហើយនិងគណបក្សប្រជាជនកម្ពុជា? សូមអញ្ជើញឆ្លើយ ហើយមកជជែកគ្នា..បង្ហាញមក! អត់មានទេ» នេះជាការចោទសួរជាថ្មីរបស់លោក។ លោកប្រាប់ថា ធ្លាប់ឮការរិះគន់លើរាជរដ្ឋាភិបាល ពីការអនុវត្តមិនបានល្អលើរឿងសិទ្ធិមនុស្សនេះ ដូច្នេះហើយ ទើបបានជាលោកចោទសួរសំណួរនេះឡើងជាដដែលៗ។ រីឯ ការលើកឡើងពីរឿងរំដោះជីវិតប្រជាពលរដ្ឋ ក៏ដូចគ្នាស្ទើរទាំងស្រុងដែរ ទៅនឹងការលើកឡើងរបស់លោកលើកមុន។ ក្នុងពេលជាមួយគ្នានេះ អ្នកនាំពាក្យបានថ្លែងការពាររាជរដ្ឋាភិបាលថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានគោរព និងអនុវត្តបានយ៉ាងល្អ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត