
បទវិចារណកថា៖ រឿងជម្លោះប្ដីប្រពន្ធ រឿងជម្លោះក្រុមគ្រួសារ ឬរឿងហែកហួរគ្នាក្នុងទំនាក់ទំនងស្នេហាប្រុសស្រី មានឥទ្ធិពលខ្លាំងមែនទែន លើប្រជាជនខ្មែរមួយចំនួនធំ។ ឱ្យតែថា រឿងបែបនេះ កើតឡើងម្ដងៗ មិនខ្វះឡើយអ្នកវែកញែក អ្នកបញ្ចេញមតិ ហើយនាំគ្នាចែករំលែកពេញបណ្តាញសង្គម។ ទោះជាប្រទេសជាតិ ស្ថិតក្នុងស្ថានការណ៍បែបណាក៏ដោយ ក៏ប្រភេទរឿងជម្លោះប្រុសស្រី ឬរឿងបុគ្គល នៅតែក្លាយជាចំណីអារម្មណ៍យ៉ាងជក់ចិត្ត ដែលប្រជាជនខ្មែរមួយចំនួនមិនអាចអត់បាន។

ពួកគាត់ ហាក់ដូចជាចូលចិត្ត ចង់ដឹងចង់ឮ ចង់តាមដានគ្រប់ជ្រុងជ្រោយគ្មានចន្លោះប្រហោងក្នុងសាច់រឿងនោះ។ បើប្រៀបធៀបនឹងរឿង ឬព័ត៌មានផ្សេងទៀត រឿងបុគ្គល ឬរឿងឯកជនរបៀបនេះ ស្ថិតនៅក្នុងកម្រិតខ្ពស់ណាស់ សឹងតែនៅលើគេបង្អស់ សម្រាប់ពួកគាត់។ គេសង្កេតឃើញថា នៅពេលមានកម្មពិធីផ្សព្វផ្សាយលើបណ្តាញសង្គម ឬតាមបណ្តាញសារព័ត៌មាន អំពីអ្វីដែលមានប្រយោជន៍ ដូចជា ការពន្យល់ពីច្បាប់ ការយល់ដឹងពីគ្រោះថ្នាក់គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា ការអភិវឌ្ឍសមត្ថភាព និងការចែករំលែកចំណេះផ្សេងៗ ប្រជាជនខ្មែរខ្លះ ហាក់ដូចជាមិនសូវចូលចិត្តតាមដានប៉ុន្មានឡើយ។

ប៉ុន្តែ នៅពេលមានគេ ចេញមកលាតត្រដាង ហែកហួរ ទម្លាយរឿងអាស្រូវ ជម្លោះផ្ទាល់ខ្លួន ជម្លោះប្ដីប្រពន្ធ បញ្ហាបែកបាក់ស្នេហា ឬបញ្ហាផ្ទៃក្នុងគ្រួសារតាមបណ្តាញសង្គម ពេលនោះ មិនខ្វះឡើយអ្នកចូលទៅមើល។ បើដឹងថា គេផ្សាយផ្ទាល់ ឬឡាយ (Live) តាមបណ្តាញសង្គមនៅម៉ោងប៉ុន្មាននោះ អ្នកខ្លះ ត្រៀមខ្លួនរង់ចាំមើលមុនតែម្តង មិនឱ្យរំលងបានឡើយ។ ត្រឹមតែ១០នាទី អ្នកចូលមើលដល់ទៅ១លាននាក់ក៏សឹងតែមាន ហើយចែករំលែកតគ្នាស្ទើរតែលែងឃើញព័ត៌មានអ្វីផ្សេងទៀត។
ជាក់ស្តែង បច្ចុប្បន្ន កម្ពុជាកំពុងតែមានបញ្ហាជាមួយថៃ ហើយយើងម្នាក់ៗ កំពុងចោលភ្នែក ដាក់អារម្មណ៍តាមដានមើល ជាពិសេសតាមព្រំដែនតែម្ដង។ ក៏ប៉ុន្តែ ពីរបីថ្ងៃនេះ ស្រាប់តែផ្ទុះឡើងនូវរឿងបែកបាក់ប្ដីប្រពន្ធវ័យក្មេងមួយគូលើបណ្តាញសង្គម ដោយបានឆក់អារម្មណ៍ប្រជាជនខ្មែរមួយចំនួនធំ។ លើបណ្តាញសង្គម ដូចជា ហ្វេសប៊ុក និងតិកតុក ជាដើម បើកមើលពេលណា ឃើញរឿងនេះពេលនោះ (ទាំងសំណេរ រូបភាព និងវីដេអូ) ឯព័ត៌មានអំពីប្រទេសជាតិ ត្រូវបានកាត់បន្ថយដោយឯកឯង។

សង្ខេបឱ្យខ្លី រឿងរ៉ាងនេះ ត្រូវគេនិយាយលើបណ្តាញសង្គមថា ខាងប្តី បានបោះបង់ប្រពន្ធនិងកូនតូចៗ ទៅរៀបការជាមួយនារីថ្មី។ ប្តីដែលជាអ្នកធ្វើការនៅកូរ៉េ បកស្រាយថា តាមពិត ខ្លួន និងប្រពន្ធដែលរស់នៅមើលថែកូននៅស្រុកខ្មែរ បានលែងលះគ្នាប្រមាណ២ឆ្នាំរួចមកហើយ មុនរូបគេទៅរៀបការជាមួយអ្នកថ្មី។ អ្នកប្រើប្រាស់បណ្តាញសង្គម ដែលមើលទៅដូចដឹងរឿងគេច្បាស់ ដូចរឿងខ្លួនឯងផ្ទាល់ បានបញ្ចេញមតិបែបសើចចំអក និងរិះគន់ខាងប្រុសថា លែងប្រពន្ធថ្ងៃនេះ ស្អែករៀបការប្រពន្ធថ្មី។
អ្នកទាំងនោះ ថែមទាំងធ្វើជាអ្នកស្រាវជ្រាវទៀតផង ដោយប្រឹងរុករក គាស់កកាយរូបភាព និងវីដេអូមុនៗ យកមកបង្ហោះលើបណ្តាញសង្គម ដើម្បីទម្លាយថា បុរសជាប្តី និងនារីជាជនទី៣ លួចមានទំនាក់ទំនងជាមួយគ្នាយូរណាស់មកហើយ។ លើបណ្តាញសង្គម គេឃើញសាធារណជន លត់បុរសជាអតីតស្វាមីយ៉ាងដំណំ ហើយនាំគ្នាបង្ហាញសមានចិត្តអាណិតប្រពន្ធដើមដែលកំពុងចិញ្ចឹមកូនតូច២នាក់។ ចំណែកនារីជាប្រពន្ធថ្មី ក៏រងការវាយប្រហារមិនស្ទើរដែរ។ ខាងប្តី ប្រកាសថា ពួកគេចប់គ្នាយូរហើយ ហើយខាងប្រពន្ធដើម ក៏ប្រកាសថា ខ្លួនលែងស្តាយ លែងឈឺចាប់អ្វីទាំងអស់ ជីវិតពេលនេះ មានតែទៅមុខប៉ុណ្ណោះ។ សាមីខ្លួនទាំង២ ប្រកាសចប់រៀងៗខ្លួន តែអ្នកតាមដានឯណេះវិញ នៅមិនទាន់ចប់នោះទេ។

នៅសល់រឿងមួយទៀត ដែលកំពុងផ្ទុះខ្លាំងទន្ទឹមគ្នា គឺរឿងបុរស ខ្ចីលុយធនាគារ ទៅដណ្តឹង ឬរៀបការប្រពន្ធ។ មានមតិពីផ្ទុយគ្នា កំពុងលេចឡើងយ៉ាងផុលផុស គឺវវាងអ្នកគាំទ្រ និងអ្នកតិះដៀល។ ខាងអ្នកតិះដៀល! មាននារីខ្លះ បញ្ចេញមតិថា បុរសណា ខ្ចីលុយធនាគារទៅដណ្តឹង ឬការប្រពន្ធ បង្ហាញឱ្យឃើញពីអសមត្ថភាព ហើយផ្តាំផ្ញើដល់ស្រ្តីដូចគ្នា កុំឱ្យយកបុរសនោះជាគូអនាគត ព្រោះ មិនត្រឹមតែអសមត្ថភាពនោះទេ បុរសនោះ ក៏នឹងទាញខាងស្រ្តីដែលរៀបការរួច ឱ្យជួយបង់រំលស់ធនាគារជាមួយផងដែរ ស្មើនឹងមានន័យថា យកគ្នាជាប្តីប្រន្ធ ហើយជាប់បំណុលធនាគាររួមគ្នា។
ខាងអ្នកគាំទ្រ! មានបុរសខ្លះ យល់ថា អ្នកខ្ចីលុយធនាគារបាន បង្ហាញថា គេមានគុណតម្លៃ ឬក្រេដីត (Credit) ហើយការយកលុយធនាគារទៅដណ្តឹង ឬការប្រពន្ធ ក៏មិនខុសឆ្គងអ្វីដែរ។ ពួកគេ កត់សម្គាល់ថា នៅស្រុកខ្មែរ បើរង់ចាំខាងប្រុសមានលុយគ្រប់គ្រាន់ ចាំរៀបការនោះ គឺមិនដឹងដល់ពេលណាឡើយ។ ពួកគេ មានទស្សនៈថា ពេលរៀបការហើយ ប្តីប្រពន្ធ អាចចាប់ដៃគ្នា និងប្រឹងប្រែងរកស៊ីជាមួយគ្នាតាមក្រោយក៏បាន ដោយមិនត្រូវគិតពីរឿងលុយមុនពេកនោះទេ។

បទវិចារណកថានេះ មិនមែនចង់បន្ទោសបុរសស្រ្តីវ័យក្មេងទាំង២ដែលចែកផ្លូវគ្នា និងជាតួអង្គក្នុងសាច់រឿង ថាជាអ្នកបំពុលសង្គម និងធ្វើឱ្យប្រជាជនលែងតាមដានរឿងប្រទេសជាតិនោះទេ តែចង់បង្ហាញឱ្យឃើញថា វប្បធម៌ចង់ដឹងចង់ឮរឿងឯកជនរបៀបនេះ បានចាក់ឫសគល់យ៉ាងជ្រៅក្នុងសតិអារម្មណ៍ប្រជាជនខ្មែរមួយចំនួន។ សាកគិតទៅមើល សូម្បីតែប្រទេសជាតិ កំពុងរងការឈ្លានពានពីប្រទេសជិតខាងទៅហើយ ក៏ប្រជាជនខ្មែរមួយចំនួន នៅយកចិត្តទុកខ្ពស់ត្រឹមរឿងស្នេហាប្រុសស្រីបែបនេះទៀត ដែលចាំបាច់ត្រូវតែប្រញាប់រួមគ្នាកែប្រែ។
ទោះយ៉ាងណាក៏ដោយ អ្នកតាមដានរឿងប្តីប្រពន្ធគេលែងលះគ្នា នៅតែតាមដាន ចំណែកអ្នកតាមដានរឿងប្រទេសជាតិ ក៏នៅតែតាមដានដូចគ្នា។ ថ្វីបើមិនចង់បន្ទោស តែសាមីខ្លួនជាម្ចាស់រឿង ឬអ្នកផ្សេងទៀតដែលមិនទាន់កើតរឿង មិនត្រូវប្រឹងពន្លាតជម្លោះផ្ទាល់ខ្លួនលើបណ្តាញសង្គមឡើយ ដើម្បីទុកឱកាសឱ្យប្រជាជនតាមដានរឿងប្រទេសជាតិ។ រីឯការវែកញែករឿងបុរសខ្ចីលុយធនាគារទៅដណ្តឹង ឬការប្រពន្ធ ដែលស្ថិតក្នុងរឿងប្រុសស្រីដែរនោះ ក៏គួរតែបន្ថយខ្លះសិន ព្រោះកាលៈទេសៈនេះ មិនសមនឹងឱ្យរឿងបែបនេះផុលផុសខ្លាំងពេកនោះទេ។

ការវែកញែក ការបញ្ចេញមតិយោបល់ទៅលើរឿងអ្វីមួយ ដើម្បីស្វែងរកខុសឬត្រូវ ល្អឬអាក្រក់ សឬខ្មៅ យុត្តិធម៌ឬអយុត្តិធម៌ ពុំមែនថា គ្មានប្រយោជន៍សោះនោះទេ (អាចមានប្រយោជន៍ បើអ្នកពិតជាផ្តោតអារម្មណ៍ និងអាចបែងចែកបែបនេះមែន)។ ក៏ប៉ុន្តែ អ្វីដែលជាបញ្ហានោះ គឺគ្រាន់តែចង់ដឹងរឿងរ៉ាវគ្រួសារគេទៅតាមទម្លាប់ក្នុងខ្លួន ដែលមិនបានផ្តល់ផលប្រយោជន៍អ្វីទាល់តែសោះ ហើយធ្វើឱ្យខាតពេលវេលាថែមទៀត។ លើសពីនេះ ខ្លួនឯង បានរួមចំណែកកាត់បន្ថយរឿងទាក់ទងនឹងប្រទេសជាតិដោយមិនដឹងខ្លួន តាមរយៈការចែករំលែករឿងមិនមានប្រយោជន៍។
ក្នុងពេលប្រទេសជាតិកំពុងមានបញ្ហា ប្រជាពលរដ្ឋគ្រាប់ស្រទាប់វណ្ណៈ ត្រូវតែផ្ដោតអារម្មណ៍ឱ្យបានច្រើនទៅលើរឿងប្រទេសជាតិ និងទឹកដី ទោះបីជាត្រូវបំពេញកិច្ចការរៀងៗខ្លួនជាប្រចាំថ្ងៃក៏ដោយ ពីព្រោះថា គ្មានអ្វីសំខាន់ជាងរឿងទឹកដីនោះទេ ឯរឿងជីវិតឯកជន ត្រូវទុកមួយអន្លើសិន មិនអាចឱ្យមកជ្រែក ឬគ្របដណ្តប់ ឬលុបរឿងប្រទេសជាតិឡើយ៕



