
រាជធានីបាងកក៖ ក្រសួងទេសចរណ៍ និងកីឡាថៃបានចេញផ្សាយស្ថិតិបង្ហាញថា ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ២៤ ១១៥ ៣២៨នាក់ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ថយចុះ ៧,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈចំណូលបានមកពីភ្ញៀវទេសចរទាំងនេះមានចំនួនជាង ១,១១ពាន់ពាន់លានបាត។

ទីផ្សារទេសចរណ៍បរទេសកំពូលទាំង១០ ទៅកាន់ប្រទេសថៃក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៥ រួមមាន៖ ម៉ាឡេស៊ី ៣,៤៧លាន(ធ្លាក់ចុះ ៧,០៥ភាគរយ), ចិន ៣,៤១លាននាក់(ធ្លាក់ចុះ ៣៤,៩៧ភាគរយ), ឥណ្ឌា ១,៧៧លាននាក់ (កើនឡើង ១៥,២៨ភាគរយ), រុស្ស៊ី ១,២៧លាននាក់ (កើនឡើង ៩,៧១ភាគរយ), កូរ៉េខាងត្បូង ១,១៣លាននាក់ (ធ្លាក់ចុះ ១៧,៧០ភាគរយ), ជប៉ុន ៨សែននាក់(កើនឡើង៥,៣៩ភាគរយ), ចក្រភពអង់គ្លេស ៧៥ម៉ឺននាក់(កើនឡើង ១៣,៦៦ភាគរយ) សហរដ្ឋអាម៉េរិក ៧៤ម៉ឺននាក់(កើនឡើង ៥,៥៩ភាគរយ), តៃវ៉ាន់ ៧៣ម៉ឺននាក់(ធ្លាក់ចុះ ៩,១៤ភាគរយ), សិង្ហបុរី ៦៨ម៉ឺននាក់(ធ្លាក់ចុះ ១,៦៥ភាគរយ)។

ទោះបីជាមានការថយចុះនៃចំនួនភ្ញៀវទេសចរក៏ដោយ ក៏ការចំណាយជាមធ្យមក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរបានកើនឡើង។ នៅឆ្នាំ២០២៥ ការចំណាយជាមធ្យមសម្រាប់មនុស្សម្នាក់ក្នុងការធ្វើដំណើរត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៤៦០០០បាត កើនឡើង ១,៧៤ភាគរយ៕




