អភិបាលខេត្តបាត់ដំបង បញ្ជាអាជ្ញាធរឱ្យប្រឹងបង្រ្កាបការលួចឆ្លងដែនខុសច្បាប់ទាំងមនុស្ស និងទំនិញ
S
Soriya Sou
01 តុលា 2025 10:00 AM

ក្រុងបាត់ដំបង៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាដល់មន្រ្តីអាជ្ញាធរក្រោមបង្គាប់ ត្រូវចាត់វិធានការបង្រ្កាប ទប់ស្កាត់ ធ្វើយ៉ាងណាកុំឱ្យមានការលួចឆ្លងដែនខុសច្បាប់ មិនថាមនុស្ស ឬទំនិញឡើយ…។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង 
លោក សុខ លូ អភិបាលខេត្តបាត់ដំបង 

បទបញ្ជារបស់លោក សុខ លូ បន្ទាប់ពីមើលឃើញថា ការលួចនាំទំនិញ និងការបន្តលួចឆ្លងដែនខុសច្បាប់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ-ថៃ មួយចំនួននៅតែបន្តមាន ស្របពេលជម្លោះព្រំដែនកម្ពុជា-ថៃ មិនទាន់រកផ្លូវចេញបាន។ ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយមន្រ្តីពាក់ព័ន្ធ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោក សុខ លូ បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែក បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ហើយត្រូវខិតខំបង្រ្កាប ទប់ស្កាត់ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ល្បែងស៊ីសង ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនពីសហគមន៍។ «ជាងនេះទៅទៀត អាជ្ញាធរពាក់ព័ន្ធ ត្រូវបង្រ្កាបការឆ្លងដែនទាំងមនុស្ស និងទំនិញខុសច្បាប់នៅតាមព្រំដែន ឱ្យមានប្រសិទ្ធភាពបំផុត»។

លោកអភិបាលខេត្ត បានណែនាំបន្ថែមដល់រដ្ឋបាលក្រុង-ស្រុកទាំង១៤ ត្រូវរៀបចំបញ្ជីឈ្មោះពលករចំណាកស្រុកដែលត្រឡប់មកពីប្រទេសថៃវិញឱ្យបានច្បាស់លាស់ផងដែរ។ លើសពីនេះ អភិបាលក្រុង-ស្រុក កងកម្លាំងទាំងបី និងអាជ្ញាធរមូលដ្ឋាន ត្រូវតែបន្តនីតិវិធី និងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ និងត្រៀមបង្ការគ្រោះមហន្តរាយ ដែលអាចកើតឡើងដោយសារគ្រោះទឹកជំនន់៕

ស្ត្រីជនជាតិថៃលួចឆ្លងដែនចូលទឹកដីកម្ពុជា កាលពីយប់ថ្ងៃទី១៥កក្កដា ឆ្នាំ២០២៥
ស្ត្រីជនជាតិថៃលួចឆ្លងដែនចូលទឹកដីកម្ពុជា កាលពីយប់ថ្ងៃទី១៥កក្កដា ឆ្នាំ២០២៥
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត