អភិបាលខេត្តបាត់ដំបងរំឭកអាជ្ញាធរពាក់ព័ន្ធត្រូវជួយកសិករឱ្យអស់ពីលទ្ធភាព ដោះស្រាយបញ្ហាខ្វះទឹកធ្វើស្រែប្រាំង
យិត​​ ស្រីល័ក្ខ
17 មករា 2024 05:30 AM

ខេត្តបាត់ដំបង ៖ នាឱកាសចុះពិនិត្យលើការងារបង្កបង្កើនផលរបស់ប្រជាកសិករ​ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤​ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំក្រុមការងារជំនាញពាក់ព័ន្ធទាំងអស់ ត្រូវតែធ្វើកិច្ចសហការគ្នាឱ្យបានល្អប្រសើរ ដើម្បីធ្វើការដោះស្រាយបញ្ហាកង្វះទឹកបញ្ចូលស្រែប្រាំងជូនកសិករឱ្យអស់ពីលទ្ធភាព​​ និងត្រូវគិតគូរឱ្យបានហ្មត់ចត់ អំពីការរក្សាទុកទឹកសម្រាប់ការប្រើប្រាស់ទាំងមនុស្ស និងសត្វពាហនៈ ព្រោះរដូវប្រាំងនៅឆ្នាំនេះ អាចនឹងមានការអូសបន្លាយពេលយូរជាងឆ្នាំមុន។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ឆ្នាំនេះប្រជាកសិករនៅទូទាំងខេត្ត បានសម្រុកធ្វើស្រែប្រាំងច្រើនលើសផែនការកំណត់ ដែលហួសបរិមាណទឹកសម្រាប់ផ្គត់ផ្គង់ក្នុងការស្រោចស្រព ដែលធ្វើឱ្យដំណាំស្រូវប្រាំងមួយចំនួនត្រូវប្រឈមនឹងបញ្ហាកង្វះខាតទឹកសម្រាប់ស្រោចស្រព។ ទន្ទឹមនឹងនោះ​​ លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា​​ ក្រុង-ស្រុក ដែលធ្វើលើសផែនការមានចំនួន៩គឺក្រុងបាត់ដំបង ស្រុកបាណន់ ថ្មគោល បវេល ឯកភ្នំ មោងឫស្សី សង្កែ គាស់ក្រឡ និងស្រុករុក្ខគិរី ហើយស្រុកដែលជួបបញ្ហាប្រឈម និងរងផលប៉ះពាល់ខ្លាំងមានចំនួន៤គឺស្រុកសង្កែ បាណន់ រុក្ខគិរី និងស្រុកមោងឫស្សីស្មើនឹង ៨៨៥៨ហិកតា។ មកទល់នឹងពេលនេះ ទាំងថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុក និងមន្ទីរជំនាញពាក់ព័ន្ធបាននឹងកំពុងតែធ្វើការដោះស្រាយជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាធ្វើការជួយសង្រ្គោះដំណាំស្រូវប្រាំងជូនប្រជាពលរដ្ឋដែលកំពុងតែកើតឡើងចំពោះមុខនេះ។

សូបជម្រាបថា​ ការបង្កបង្កើនផលស្រូវរដូវប្រាំង គឺចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ខេត្តបាត់ដំបង អនុវត្តការងារដាំដុះបាន៦២ ៨៥៩ ហិកតា ស្មើនឹង២៩៩,៣៣ភាគរយ នៃផែនការ២មុឺនហិកតាគឺលើសរហូតដល់ចំនួន ៤២ ៨៥៩ ហិកតា៕

រាយការណ៍ដោយភ្នាក់ងារ៖​​ ខេត្តបាត់ដំបង

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត