រដ្ឋបាលខេត្តបាត់ដំបង បញ្ជាឱ្យអង្គភាពចំនួន៣ លុបបំបាត់ភាពអនាធិបតេយ្យនៅតាមដងស្ទឹងសង្កែ
P
Pisey Sem
21 ធ្នូ 2022 03:45 AM

(ខេត្តបាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសដាក់ចេញបទបញ្ជាឱ្យអង្គភាពចំនួន៣ ដែលរួមមាន៖ មន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរឧស្សាហកម្ម ត្រូវរួមសហការគ្នា ទប់ស្កាត់ និងលុបបំបាត់ជាបន្ទាន់នូវរាល់ភាពអនាធិបតេយ្យ ដែលកំពុងកើតមាននៅតាមដងស្ទឹងសង្កែ...។

អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានឱ្យដឹងថា ការដាក់វិធានបន្ទាន់នេះ គឺដើម្បីរក្សាទឹកស្ទឹងសង្កែឱ្យមានកម្ពស់ជាង១០ម៉ែត្រ ដើម្បីជាគុណប្រយោជន៍ដល់ការប្រើប្រាស់ ពិសេស ដើម្បីបង្កើនសោភ័ណភាពស្ទឹងសង្កែ ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តនៅក្នុងខេត្ត ។

ឯកឧត្តម សុខ លូ បានបង្ហាញក្ដីបារម្ភ អំពីភាពអនាធិបតេយ្យនៅតាមដងស្ទឹងសង្កែយ៉ាងដូច្នេះថា « កន្លែងពាក់ព័ន្ធ គឺនៅប៉ែកខាងលើស្ទឹង មានបែរចិញ្ចឹមត្រីប្រមាណ៣០ ព្រមទាំងស្រាស់សម្រាស់មួយចំនួន នៅខ្សែទឹកខាងលើចាប់ពីភូមិចិន ក្នុងសង្កាត់ព្រែកព្រះស្តេច រហូតដល់ភូមិកំពង់ពិល ស្ថិតក្នុងឃុំអូរដំបង១ ស្រុកសង្កែ និងជាចំណែកស្ទឹងត្រើយម្ខាង ដែលឈមជាមួយ និងសង្កាត់ស្វាយប៉ោ ស្របពេលដែលចរន្តទឹកស្ទឹងសង្កែ មិនត្រូវបានហូរ ដោយសារតែរដ្ឋបាលខេត្ត បានកំណត់ក្នុងការទប់ស្ទាក់ទឹក ដើម្បីរក្សាតម្កល់ទឹក នៅទំនប់សាលាតាអន សម្រាប់បម្រើក្នុងជីវភាពរស់នៅ និងការស្រោចស្រពរបស់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង ព្រមទាំងលើកកម្ពស់សោភ័ណភាពទីក្រុង ដែលបង្កការបំពុលទឹកស្ទឹង ឱ្យកខ្វក់ ប៉ះពាល់ដល់ការរស់នៅ និងអ្នកប្រើប្រាស់ទឹកស្ទឹងប្រចាំថ្ងៃ»

ជាមួយគ្នានេះ ប្រធានអង្គភាពរដ្ឋាករទឹក នៃមន្ទីរឧស្សាហកម្មខេត្តបាត់ដំបង លោក អ៊ុត ក្លឹង  ក៏បានបង្ហាញពីក្ដីកង្វល់ដែរថា បញ្ហាដែលកំពុងប្រឈមខ្លាំង ដោយសារតែប្រជាពលរដ្ឋមួយចំនួនរស់នៅតាមដងស្ទឹងសង្កែ ផ្នែកខាងលើនៃស្ថានីយបូមទឹកស្អាតរបស់ខ្លួន បាននាំគ្នាធ្វើបែរដាក់ស្រាស់សម្រាស់ចិញ្ចឹមត្រីនៅក្នុងស្ទឹង បង្កភាពអនាធិបតេយ្យ និងបានបង្កផលប៉ះពាល់ដល់ការបំពុលបរិស្ថានក្នុងទឹក ថែមទាំងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផលិតទឹកស្អាតប្រចាំថ្ងៃរបស់អង្គភាពរដ្ឋាករទឹកខេត្តផងដែរ...។ យ៉ាងណាមិញ ក្រៅពីប្រកាសដាក់ចេញវិធានការបន្ទាន់នេះ រដ្ឋបាលខេត្ត ក៏បានស្នើឱ្យប្រជាពលរដ្ឋរស់នៅ​អម​សង្ខាង​ស្ទឹងសង្កែ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីសំអាតអនាម័យបរិស្ថាន និងកុំចោលសំរាមពាសវាលពាសកាលនាំឱ្យបាត់បង់​សោភណ្ឌភាពស្ទឹង៕ រាយការណ៍ដោយ៖ សុខ វិឆ័យ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត