
រាជធានីភ្នំពេញ៖ ឈ្មោះយុវជនជេនហ្ស៊ី (Gen-Z) ដែលសំដៅលើអ្នកកើតពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១២ កាន់តែផុលផុសខ្លាំងលើពិភពលោក ហើយចលនាបាតុកកម្មដ៏ខ្លាំងក្លាតាមបណ្តាប្រទេសនានា ក៏កើតចេញពីកម្លាំងយុវជនជំនាន់ថ្មីនេះដែរ។ បាតុកម្មនៅប្រទេសមួយ ស្ងាត់មិនទាន់បានប៉ុន្មានផង ក៏លេចឡើងនៅប្រទេសមួយផ្សេងទៀតបន្តបន្ទាប់គ្នា ឥឡូវ រាលដាលទៅដល់ម៉ាដាហ្កាស្កា (Madagascar) ឯណោះ ដែលជាប្រទេសកោះមួយ ស្ថិតក្នុងទ្វីបអាហ្វ្រិកប៉ែកខាងកើត។ ម៉ាដាហ្កាស្កា ជាកោះធំជាងគេបំផុតលំដាប់ទី៤ក្នុងពិភពលោក។

ចាប់ផ្តើមតាំងពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥មក បាតុកម្មទ្រង់ទ្រាយធំ បានកើតឡើង នៅរដ្ឋធានីអង់តាណាណារីវ៉ូ (Antananarivo) ហើយបន្តរីករាលកាន់តែធំទៅដល់ទីក្រុង និងតំបន់ផ្សេងទៀត ស្ទើរទូទាំងប្រទេសម៉ាដាហ្កាស្កា ហើយអ្នកចេញធ្វើបាតុកម្មនេះ គឺសុទ្ធសឹងតែជាយុវជនជេនហ្ស៊ី។ រៀងប្លែកពីគេបន្តិច! បាតុកម្មនៅម៉ាដាហ្កាស្កា មិនពាក់ព័ន្ធនឹងរឿងនយោបាយ ឬអំពើពុករលួយអ្វីឡើយ តែដោយសារខ្វះទឹកខ្វះភ្លើងអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ។

ទី១ តំបន់ជាច្រើន មិនមានទឹកប្រើប្រាស់ ទី២ ភ្លើងអគ្គិសនី ងាកដាច់ៗ ដែលប៉ះពាល់ដល់ជីវិតប្រចាំថៃ្ងរបស់ប្រជាជន។ បញ្ហាខ្វះទឹកដាច់ភ្លើងនេះ កើតឡើងតាំងពីចុងឆ្នាំ២០២៤មកម្ល៉េះ ហើយនៅតែបន្តអូសបន្លាយដោយមិនទាន់អាចដោះស្រាយចេញ។ រហូតដល់ខែកញ្ញា ឆ្នាំ២០២៥ បញ្ហានេះ កាន់តែធ្ងន់ធ្ងរឡើងៗ ដោយតំបន់ខ្លះ ដាច់ភ្លើងដល់ទៅ១២ម៉ោងជារៀងរាល់ថ្ងៃ។ ដោយទ្រាំលែងបាននឹងការខ្វះទឹកខ្វះភ្លើងសម្រាប់ជីវិតប្រចាំថ្ងៃ បាតុកម្មក៏ចាប់ផ្តើមផ្ទុះឡើងតែម្តង។

ក្រុមបាតុករ នាំគ្នាលើកបដា និងស្រែកដូច្នេះថា«យើងត្រូវការទឹក យើងត្រូវការភ្លើង»។ ជាមួយគ្នានេះ ពួកគេ ក៏បានស្រែកទាមទារឱ្យលោកប្រធានាធិបតី អានទ្រី និរិណា រ៉ាចូលីណា (Andry Nirina Rajoelina) ចុះចេញពីតំណែង និងទាមទារឱ្យរំលាយរដ្ឋាភិបាលចោល។ យោងតាមសារព័ត៌មាន AP លោកប្រធានាធិបតី ពុំបានលាលែងចេញពីតំណែងឡើយ តែលោកបានបណ្តេញនាយករដ្ឋមន្រ្តីចេញពីតំណែង និងបានរំលាយរដ្ឋាភិបាលចោល។

លោកប្រធានាធិបតី បានសុំទោសទៅក្រុមបាតុករ និងប្រជាជន សម្រាប់ការបរាជ័យរបស់រដ្ឋាភិបាលក្នុងការផ្គត់ផ្គង់សេវាសាធារណៈទាំង២នេះ គឺទឹកភ្លើង។ ដើម្បីរម្ងាប់ចិត្តក្រុមបាតុករ លោកប្រធានាធិបតី បានប្រកាសថា លោកមានបំណងជួបពិភាក្សាជាមួយមេដឹកនាំក្រុមបាតុករ ដើម្បីធ្វើកំណែទម្រង់លើសេវាសាធារណៈទឹកភ្លើង។

ទោះយ៉ាងណា មកដល់ពេលនេះ មានបាតុករយ៉ាងតិច២២នាក់ទៅហើយ ដែលបាត់បង់ជីវិត និងជាង១០០នាក់ទៀត ត្រូវរបួស ក្នុងបាតុកម្ម។ នេះបើតាមសារព័ត៌មាន Reuters ដែលផ្សាយផ្អែកលើរបាយការណ៍ពីមន្រ្តីសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំប្រទេសម៉ាដាហ្កាស្កា។ កម្លាំងប៉ូលិស បានបាញ់ផ្សែងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ។

គេកំពុងតាមដានមើលបាតុកម្មរបស់យុវជនជេនហ្ស៊ី នៅតាមបណ្តាប្រទេសនានាលើពិភពិលោក ទាំងមិនទាន់បានងាកចេញផង ក៏ស្រាប់តែបាតុកម្មរបស់យុវជនជេនហ្ស៊ីនៅម៉ាដាហ្កាស្កា ផ្ទុះឡើងតាមក្រោយមួយទៀតទៅហើយ។ ដោយគិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥នេះមក ប្រទេសដែលទើបនឹងកើតមានបាតុកម្ម និងប្រទេសកំពុងជួបបាតុកម្មរបស់យុវជនជេនហ្ស៊ី មានដូចជា នេប៉ាល់ ហ្វ៊ីលីពីន ឥណ្ឌូណេស៊ី ម៉ារ៉ុក ប៉េរូ និងយេម៉ែន ជាដើម។ សូម្បីបារាំង ក៏ទើបនឹងជួបបាតុកម្មដែរ តែនៅបារាំង មិនមែនតែយុវជនទេ គឺប្រជាជនទូទៅដែលចេញធ្វើបាតុកម្ម។

បាតុកម្មតាមបណ្តាប្រទេសទាំងនេះ កើតឡើងដោយសារមូលហេតុផ្សេងៗ ដូចជា អំពើពុករលួយ បក្សពួកនិយម អយុត្តិធម៌ វិសមភាពសង្គម ខ្វះការងារ ប្រាក់ចំណូលធ្លាក់ចុះ ការចំណាកស្រុកទៅធ្វើការក្រៅប្រទេស សេដ្ឋកិច្ចប្រទេសដុនដាបខ្លាំង ការផ្តល់សេវាសាធារណៈមិនគ្រប់គ្រាន់ ឬរដ្ឋាភិបាលអសមត្ថភាព ជាដើម។ បាតុកម្មនៅប្រទេសខ្លះ មិនសូវប៉ះពាល់អ្វីធ្ងន់ធ្ងរឡើយ តែបាតុកម្មនៅប្រទេសខ្លះទៀត មានសភាពធ្ងន់ធ្ងរខ្លាំងណាស់ ដូចជា នៅនេប៉ាល់ ក្រុមបាតុករក្មេងៗ នាំគ្នាដុតស្ថាប័នជាតិកំពូលៗអស់ជាច្រើន រួមទាំងតាមទៅរករឿងមន្រ្តី និងមេដឹកនាំដល់ផ្ទះទៀតផង៕



