ឥណ្ឌូណេស៊ី៖ សិស្សវ័យជំទង់ជាង៩០នាក់ កំពុងកប់ក្នុងអគារបាក់រលំអស់២-៣ថ្ងៃហើយ
Mao Sopha
01 តុលា 2025 04:00 AM

រាជធានីភ្នំពេញ៖ សិស្សសាលាវ័យជំទង់ជាង៩០នាក់ ភាគច្រើនបំផុតជាសិស្សប្រុស អាយុពី១២ទៅ១៨ឆ្នាំ បានជាប់ក្នុងអគារសាលាអ៊ិស្លាមមួយកន្លែង ពេលពួកគេកំពុងសូធ្យធម៌ថ្វាយបង្គំព្រះក្នុងជាន់ទី១ (ឬជាន់ជាប់ដី) ហើយជាន់ទី៤ដែលទើបនឹងសាងសង់ ក៏បាករលំ តាំងពីថ្ងៃទី២៩កញ្ញាមកម្ល៉េះ ដែលមកដល់ថ្ងៃទី១តុលា ឆ្នាំ២០២៥នេះ ចូលដល់ថ្ងៃទី៣ហើយ។

ក្នុងចំណោមសិស្សជាង៩០នាក់នោះ ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពសិស្ស៣នាក់ និងបានយកចេញមកខាងក្រៅ ខណៈនៅសល់សិស្ស៩១នាក់ទៀត ក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តស្វែងរក ដើម្បីជួយពួកគេមកខាងក្រៅ។ ប្រធានក្រុមអ្នកជួយសង្គ្រោះ ប្រាប់អ្នកសារព័ត៌មានថា ក្រុមអ្នកជួយសង្គ្រោះ ទទួលបានសញ្ញាខ្លះពីសិស្សក្នុងគំនរអគារ ដែលអាចបញ្ជាក់ពីការនៅរស់រានមានជីវិត។ សារព័ត៌មាន The Guardian ផ្សាយដោយដកស្រង់សម្តីប្រធានក្រុមអ្នកជួយសង្គ្រោះ យ៉ាងដូច្នេះថា៖«យើងប្រើកាមេរ៉ា ហើយរកឃើញសិស្ស៦នាក់ ដែលនៅមានជីវិត»។ 

ក្រៅពីសិស្ស៩១នាក់ ដែលកំពុងជាប់ក្នុងអគារ និងសិស្ស៣នាក់ដែលត្រូវបាត់បង់ជីវិត មានមនុស្សជាង១០០នាក់ទៀត បានរងរបួស និងត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ក្នុងចំណោមជាង១០០នាក់នោះ មានសិស្ស គ្រូបង្រៀន បុគ្គលិកអប់រំ និងកម្មករ ប៉ុន្តែភាគច្រើនបំផុត គឺជាសិស្ស។ សារព័ត៌មាន AP សរសេរថា ក្នុងចំណោមជាង១០០នាក់ដែលត្រូវបានបញ្ជូនទៅព្យាបាលនោះ មានអ្នកខ្លះត្រូវបាក់ឆ្អឹង។    

មូលហេតុ នៃការបាក់អគារសាលា គឺដោយសារសសរមិនរឹងមាំ។ សាលានោះ មាន២-៣ជាន់ ហើយក៏ត្រូវបានសាងសង់១ជាន់បន្ថែមទៀត គឺជាន់ទី៤ ប៉ុន្តែសសរគ្រឹះចំនួន៤ មិនមានគុណភាព និងមិនរឹងមាំ ទើបបណ្តាលឱ្យបាក់រលំជាន់ទី៤ ដែលទើបនឹងចាប់ផ្តើមសាងសង់ថ្មីនោះតែម្តង ខណៈសិស្សកំពុងតែសូធ្យធម៌ថ្វាយបង្គំព្រះនៅជាន់ជាប់ដី។ សាលានោះ ឈ្មោះ អាល់ ខូហ្ស៊ីនី (Al Khoziny) ជាសាលាសម្រាប់សូធ្យធម៌ថ្វាយបង្គំព្រះផង ហើយក៏ជាសាលារៀនរបស់សិស្សដែរ។ សាលានេះ ស្ថិតក្នុងតំបន់ ចាវ៉ា (Java) នៅប៉ែកខាងកើតប្រទេសឥណ្ឌូណេស៊ី៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត