
រាជធានីភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទ្បើងថា ក្រសួងបរិស្ថានពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយ ធនាគារពិភពលោក លើការទប់ស្កាត់បំពុលបរិស្ថាន ការគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិក ការរៀបចំហេដ្ឋារចនាសម្ព័ន្ធកន្លែងទុកដាក់សំរាម ការសិក្សាវិភាគ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិ...។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Christope Crépin ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីបូព៌ា និងជាអនុប្រធានប្រចាំតំបន់ប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក កាលពីថ្ងៃទី២៩កញ្ញាម្សិលមិញ លោក អ៊ាង សុផល្លែត គូសបញ្ជាក់ថា កន្លងមកធនាគារពិភពលោក បានគាំទ្រដល់យុទ្ធសាស្ត្ររបស់ក្រសួងដោយបានជួយដល់ការអភិវឌ្ឍមូលដ្ឋាន ជាពិសេសការអភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋាន និងការអភិវឌ្ឍនៅកម្ពុជា។ លោករដ្ឋមន្រ្តី បន្ថែមថា ក្រសួងនឹងខិតខំជំរុញការទប់ស្កាត់បំពុលបរិស្ថាន ការគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិក ការរៀបចំហេដ្ឋារចនាសម្ព័ន្ធកន្លែងទុកដាក់សំរាម ការសិក្សាវិភាគ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះនៅតាតំបន់ការពារធម្មជាតិ ឱ្យទទួលបាននូវភាពជោគជ័យ និងធានាចីរភាពបរិស្ថាន សម្រាប់ប្រជាសហគមន៍។ លោកក៏បានលើកទឹកចិត្ត ដៃគូអភិវឌ្ឍចូលរួមបន្ថែមទៀត ក្នុងការជំរុញគម្រោងការពារបរិស្ថាន និងធនធានធម្មជាតិ ឱ្យទទួលបានលទ្ធផលជាក់ស្តែង និងល្អប្រសើរនាពេលអនាគត។

ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីបូព៌ា លើកឡើងថា ការពង្រឹងកិច្ចសហប្រតិបត្តិរបស់ធនាគារពិភពលោក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងបរិស្ថាន គឺដើម្បីធានាការអភិវឌ្ឍជីវភាពរបស់ប្រជាពលរដ្ឋ ការការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានសហការជាមួយធនាគារពិភពលោក នាពេលកន្លងមក ដោយបានទទួលលទ្ធផលជាច្រើន តាមរយៈគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ (CSLEP) ដែលបានជួយការរៀបចំហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍គោលដៅលំហែបៃតង ការបង្កើតជម្រើសមុខរបរថ្មីរបស់សហគមន៍មូលដ្ឋាន និងរួមចំណែកការពារ និងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ៕




