ទឹកជំនន់៖ អាជ្ញាធរបិទឡានធំ មិនឱ្យធ្វើដំណើរលើផ្លូវជាតិ៦៤ក្នុងភូមិបេងមាលា
អុន សម្ផស្ស
29 កញ្ញា 2025 10:30 AM

ក្រុងសៀមរាប៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នៅល្ងាចថ្ងៃទី២៩កញ្ញា ឆ្នាំ២០២៥​ បានប្រកាសបិទជាបណ្តោះអាសន្នចំពោះការធ្វើចរាចរណ៍រថយន្តធុនធំ លើកំណាត់ផ្លូវជាតិលេខ៦៤ ចន្លោះគីឡូម៉ែត្រ៣០ ដល់គីឡូម៉ែត្រ៣១ ក្នុងភូមិសាស្ត្រ ស្រុកស្វាយលើ។

មន្ទីរសាធារណការខេត្ត លើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា ដោយសារជំនន់ទឹកភ្លៀង បានធ្វើឱ្យផ្លូវជាតិលេខ៦៤ (ចំណុចស្ពានត្នោតតាដេវ) ស្ថិតក្នុងភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប រងការខូចខាត។ ការណ៍នេះ ធ្វើឱ្យងាយកើតហានិភ័យបង្កជាគ្រោះថ្នាក់ជាយថាហេតុដល់អ្នកធ្វើដំណើរ ទើបមន្ទីរសាធារណការខេត្តសម្រេចផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តធុនធំ គ្រប់ប្រភេទលើចំណុចស្ពានត្នោតតាដេវ ជាបណ្តោះអាសន្ន ដើម្បីក្រុមការងារបច្ចេកទេសពិនិត្យជួសជុលឡើងវិញ។

សូមជម្រាបថា ដោយសាររងឥទ្ធិពលព្យុះទី២០ឈ្មោះ ប៊ូឡូយ បណ្ដារាជធានី-ខេត្តរបស់កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ឡាយឡំផ្គររន្ទះ និងខ្យល់កន្រ្តាក់ប្រមាណ៥០ ទៅ៦០ភាគរយ។ ចំពោះមុខបញ្ហានេះ មន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប នៅថ្ងៃទី២៩កញ្ញានេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹងសៀមរាប បង្កើនការប្រុងប្រយ័ត្ន ខណៈកម្ពស់ទឹកស្ទឹងសៀមរាប បានឡើងខ្ពស់ជិតដល់កម្រិតប្រកាសអាសន្ន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត